រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) កម្ពុជា បានចូលជួប ដើម្បីជម្រាបលានៅពេល ដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ ។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល លើសមិទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ រវាងអង្គការ IOM និងក្រសួងការងារ កាលពីកន្លងមកអំពីវឌ្ឍនភាព ស្តីពីទេសន្តរប្រវេសន៍ ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នា ចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា ។
ក្នុងនោះ លោកស្រីប្រធាន IOM នៅកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមយ៉ាងសកម្មចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅកម្ពុជា ដែលមានលោកស្រីជាតំណាងនាពេលកន្លងមក ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រី Kristin Parco ផងដែរដែលបានចូលរួមយ៉ាងសកម្ម និងយ៉ាងសំខាន់ចំពោះវឌ្ឍនភាព ស្តីពីទេសន្តរប្រវេសន៍នៅកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
យ៉ាងណាក៏ដោយបើទោះបីជាបញ្ចប់បេសកកម្មនៅកម្ពុជាក្តី ប៉ុន្តែលោកស្រី Kristin Parco បានជឿជាក់ថា ប្រធានប្តូរវេនថ្មីរបស់ IOM នៅកម្ពុជា នឹងបន្តពង្រីកកិច្ចសហការប្រតិបត្តិការ ដែលភាគីទាំងពីរ មានស្រាប់ដើម្បីបន្តវឌ្ឍនភាព និងភាពរីកចម្រើផ្នែកទេសន្តរប្រវេសន៍កម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ