ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានជោគជ័យក្នុងការរួមបញ្ចូលប្រព័ន្ធទូទាត់ចំណាយ Host-to-Host តាមរយៈ Swift FileAct Channel ជាមួយក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)
រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ៖ ធនាគារ ជេ ត្រាស់…
រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ៖ ធនាគារ ជេ ត្រាស់…
រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ឯ․ក បានប្រកាសពីភាពជោគជ័យភាពនៃការរួមបញ្ចូលរវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) តាមរយៈបណ្តាញដែលមានសុវត្ថិភាព SWIFT FileAct ដែលជាការពង្រឹងផ្នែកឌីជីថលដ៏សំខាន់សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ។
ការរួមបញ្ចូលនេះ បង្ហាញពីការរីកចម្រើនដ៏សំខាន់ក្នុងដំណើរការកែលម្អផ្នែកឌីជីថលរបស់យើង ដែលរួមមាន ដំណោះស្រាយ Host-to-Host និងឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System (“ERP”) ដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។ ការតភ្ជាប់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសម្រាប់ដំណោះស្រាយទូទាត់ចំណាយ សម្រួលដំណើរការ និងកាត់បន្ថយការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់ ។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ ។
លោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានមានប្រសាសន៍ថា ៖ “យើងពិតជារីករាយជាមួយនឹងការរួមបញ្ចូលនេះ ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនឹងជួយបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃដំណើរការទូទាត់របស់យើង ក៏ដូចជាបង្កើនផលិតភាពការងារតាមរយៈការកាត់បន្ថយដំណើរការដោយដៃ និងកាត់បន្ថយពេលវេលា ។ នេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលបច្ចេកវិទ្យាឌីជីថលអាចបង្កើនតម្លៃ និងប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់យើង ។ វាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពរហ័សរហួននៃអាជីវកម្ម ។” លោក Krithik ក៏បានសម្តែងការអរគុណចំពោះក្រុមការងារនៃក្រុមហ៊ុនទាំងពីរផងដែរ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគម្រោងនេះសម្រេចទៅបានដោយភាពជោគជ័យ ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ។
លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។
លើសពីនេះទៅទៀត កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារយើងបានតម្លើងប្រព័ន្ធទូទាត់ Swift ទៅជា ISO20022 (ក្នុងទម្រង់ MX) ដែលអនុញ្ញាតឱ្យមានការបំលែងទិន្នន័យទូទាត់ឆ្លងប្រទេស សម្រាប់ Swift Single Standardization។“
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown ។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន ។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក ៕
*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល
អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ