ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរទ្រុងក្រពើ ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចំនួន៩ខ្នងដែលមានប្រជាពលរដ្ឋរស់នៅ១២គ្រួសារ បានបាក់ស្រុតធ្លាក់ទៅក្រោយ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។
លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា មុនពេលឈានដល់ការបាក់ស្រុតផ្ទះទាំង៩ខ្នង គឺកាលពីប៉ុន្មានថ្ងៃមុនមានការស្រុតជើងទេរផ្លូវថ្មីបន្តិចបន្តួច ដែលនៅជាប់នឹងមុខផ្ទះប្រជាពលរដ្ឋរងគ្រោះ ហើយក្រោយមកអាជ្ញាធរក៏បានចាក់បេតុង អមសងខាងផ្លូវ ក្នុងគោលបំណងទប់ផ្លូវបេតុងកុំឲ្យបាក់ស្រុតបន្ត ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានបាក់ស្រុតផ្ទះនៅអមផ្លូវបេតុងនេះតែម្ដង តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ ។
លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងនៅពេលអមដំណើរលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងចុះទៅពិនិត្យស្ថានភាពនោះបានបញ្ជាក់ថា លោកបានចាត់ឱ្យកងកម្លាំងប្រដាប់អាវុធជួយរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ និងជួយលើកសម្ភារៈរបស់ពួកគាត់ ទៅដាក់នៅប៉ែកខាងដីដែលមិនស្រុត ។ ជាមួយគ្នានោះលោកក៏បានរៀបចំឲ្យបងប្អូនទាំង១២គ្រួសារទៅស្នាក់នៅបណ្ដោះ អាសន្ននៅសាលាឆាន់វត្តយាយទេពជាបណ្ដោះអាសន្ន ប៉ុន្តែពួកគាត់ថាទៅស្នាក់នៅផ្ទះបងប្អូនវិញ ។
លោកក៏ត្រៀមរថយន្តសម្រាប់ជួយដឹកជញ្ជូនសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋដែរ ។ ដោយឡែកចំពោះមូលហេតុដែលបណ្ដាលឲ្យមានការបាក់ស្រុតនេះលោកមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេ ព្រោះតែព្រឹកនេះមន្ត្រីជំនាញបានទៅពិនិត្យ និងកំពុងតែវាយតម្លៃមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ។
លោកបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋមួយគ្រួសារបានបញ្ជាក់ប្រាប់គាត់ថា មានទុយោទឹករបស់រដ្ឋាករទឹក បានបែកលិចទឹកមួយកន្លែង ហូរទឹកច្រោះក្នុងដីចោលជាយូរមកហើយដែលអាចជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀត ដែលបណ្ដាលឲ្យមានបាតុភាពនេះកើតឡើង ។
ពលរដ្ឋរងគ្រោះបាក់ស្រុតផ្ទះនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានទទួលអំណោយសង្គ្រោះបន្ទាន់ ។ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង មានប្រសាសន៍ថា លោកនឹងរៀបចំបំពាក់អំពូលភ្លើងសឡា និងតចរន្តអគ្គិសនី ព្រមទាំងប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារបាក់រំលំផ្ទះចំនួន៩ខ្នង កាលពីថ្ងៃទី៣០ មិថុនា ២០២៤ ។ មានប្រសាសន៍បែបនេះនៅក្នុងឱកាសអមដំណើរលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទះចំនួន៩ផ្ទះស្មើនឹង១២គ្រួសារនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។
លោក អភិបាលក្រុងកំពង់ឆ្នាំងបានបន្តថា ក្រៅពីឲ្យប្រជាពលរដ្ឋរស់នៅទីមានសុវត្ថិភាព ដែលមានបំពាក់ប្រព័ន្ធទឹក ភ្លើង ហើយនោះ លោកនឹងចាត់ឱ្យក្រុមការងារចុះសិក្សាអំពីស្ថានភាពផ្លូវក៏ដូចជាទីតាំងកើតហេតុ ដើម្បីរៀបចំជួសជុលឬស្ដារស្ថានភាពឡើងវិញ ។ ជាមួយគ្នានេះលោកសំណូមពរមិនអនុញ្ញាតឱ្យពលរដ្ឋចូលទៅរស់នៅទីតាំងកើតហេតុ ពិសេសក្មេងៗចូលទៅលេងកម្សាន្តនៅទីតាំងនោះឡើយ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងមានប្រសាសន៍ថា ថ្ងៃនេះដោយបានការយកចិត្តទុកដាក់ពីសម្ដេច បវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះ ចំនួន៩ខ្នងផ្ទះ លោកបាននាំនូវអំណោយជូនបងប្អូនក្នុងពេលនេះ ដោយក្នុងមួយខ្នងផ្ទះទទួលបាន មានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១យួរ មុង១ ស័ង្កសី ៣០សន្លឹក និងថវិកាមួយចំនួន ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះ មានប្រជាពលរដ្ឋរស់នៅ១២គ្រួសារ នៅក្បែរទ្រុងក្រពើក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានបាក់ស្រុត បណ្ដាលឱ្យខូចខាតយ៉ាងដំណំ ។ ទោះបីយ៉ាងនេះក្តី ពុំមាននរណារងរបួសក្នុងហេតុការណ៍នោះទេ ៕
ចែករំលែកព័តមាននេះ