រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ កក្កដា២០២៤ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ ដែលអាជ្ញាធរ និងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់ មិនអោយមានការចោលសំរាម ចោលកំទេចសំណង់នានា ចូលទៅក្នុងទន្លេ ។
លោកបានបន្តថា ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាបអោយខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះ អោយទទួលបានជោគជ័យ ពិសេសគឺធ្វើអោយភូមិ សង្កាត់មានសុវត្ថិភាព ។
លោកបានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃ ទៅមួយថ្ងៃ អោយបានខ្លាំង ដើម្បីឈានទៅលប់បំបាត់អោយអស់។ ទប់ស្កាត់ការយកភាស៊ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត នៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក ។
លោកបានបន្ថែមទៀតថា ៖ ចំពោះមន្ទីរពាក់ព័ន្ធ ក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះអោយអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើ ជាគម្របបៃតង អោយបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ ។
លោក បានបញ្ជាក់ផងដែរថា ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើអោយទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ។
លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើង បានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើង បានចំនួន១៧ក្រុម ដែលធ្វើអោយក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន១០០%ហើយ ៕
ចែករំលែកព័តមាននេះ