រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ៥០០គ្រួសាររស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នា បិទផ្លូវ៦០ម៉ែត្រ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ធ្វើបាតុកម្មតវ៉ាប្រឆាំង និងក្រុមហ៊ុន ING ដោយពួកគាត់បានចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះ បានរំលោភលួចយកដីផ្លូវ ចូលទៅកាន់ទីទួលអស់លោក (ទួលអ្នកតា) ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះតែខឹងតវ៉ាក្រុមហ៊ុន បានប្ដឹងអ្នកភូមិចំនួន៥នាក់ ទៅតុលាការទៀតផង ។
នៅក្នុងពេលធ្វើការតវ៉ានោះ ប្រជាពលរដ្ឋខាងលើ បាននាំគ្នាកាន់ព្រះឆាយ៉ាលក្ខណ៍ព្រះមហាក្សត្រ រូបថតសម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចបវរធិបតី និងលោកជំទាវពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងកាន់បដារផងដែរ ហើយបានទទូចសុំឲ្យព្រះមហាក្សត្រ និងសម្ដេចជួយរកយុត្តធម៌ដល់ពួកគាត់ផង ។
ប្រជាពលរដ្ឋខាងលើ បាននិយាយថា ទួលអស់លោកនេះ គឺជាកន្លែងសក្ការបូជារបស់អ្នកភូមិ ត មកតាំងពីដូនតាយូរលង់ណាស់មកហើយ រហូតដល់អំឡុងឆ្នាំ២០០៣ ពួកគាត់បានលក់ដីនៅតំបន់នោះឲ្យទៅឈ្មោះ លី ឆាយ ប៉ុន្តែបានទុកទីទួលអ្នកតាខាងលើ រួមនិងផ្លូវចូលទៅកន់ទួលនោះទទឹង១២ម៉ែត្រ និងបណ្ដោយច្រើនម៉ែត្រ។ លុះក្រោយមកឈ្មោះ លី ឆាយ បានលក់ដី ដែលទិញពីប្រជាពលរដ្ឋនោះទៅឲ្យក្រុមហ៊ុន ING វិញ ស្រាប់តែក្រុមហុននេះ លួចធ្វើប្លង់កម្មសិទ្ធិយកដីផ្លូវនេះ អស់ទទឹង៧ម៉ែត្រ គឺទុកឲ្យអ្នកភូមិតែ ៥ម៉ែត្រ សម្រាប់ចូលទៅទួលអ្នកតា នោះប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានការរំលោភបំពានយកដីផ្លូវបែបនេះ ពួកគាត់ក៏បាននាំគ្នាធ្វើការតវ៉ា ហើយក៏ត្រូវបានក្រុមហ៊ុនING នេះ ប្ដឹងអ្នកភូមិចំនួន៥នាក់ ទៅកាន់តុលាការថែមទៀត។ កាលពីពេលថ្មីៗនេះ តុលាការបានចេញដីកាឲ្យចូលខ្លួនទៀតផង។ ទោះបីបែបណាកន្លងមកអាជ្ញាធរក៏ធ្លាប់បានជួយធ្វើការដោះស្រាយដែរ ប៉ុន្តែក្រុមហ៊ុននេះ អាងថា ខ្លួនមានប្លង់កម្មសិទ្ធិនោះ មិនអើពើនឹងការដោះស្រាយឡើយ ។
ប្រជាពលរដ្ឋខាងលើ បានបញ្ជាក់ប្រាប់ថា ដោយសារតែត្រូវក្រុមហ៊ុន ING លួចយកដីហើយ ប្ដឹងបែបនេះទៀតនោះ វាជារឿងអយុត្តិធម៌ សម្រាប់ពួកគាត់ខ្លាំងណាស់ ទើបពួកគាត់ធ្វើការតវ៉ា និងទទូចសុំឲ្យព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជួយរកយុត្តធម៌ដល់ពួកគាត់ផង ។ ពួកគាត់ចង់បានដីផ្លូវឲ្យគ្រប់ ១២ម៉ែត្រវិញ ជាពិសេសទៀតនោះ ក្រុមហ៊ុនត្រូវតែដកពាក្យបណ្ដឹង ដែលបានប្ដឹងអ្នកភូមិទាំង៥នាក់ ក្នុងសំណុំរឿងតវ៉ាដីធ្លីនេះចេញវិញ ។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ ហើយតុលាការនៅតែចេញដីកាលើអ្នកភូមិទាំង៥នាក់នោះទៀត ពួកគាត់ និងបន្តធ្វើបាតុកម្មជាបន្តបន្ទាប់មិនឈប់ឡើយ ។
សមត្ថកិច្ចបានប្រាប់ថា ប្រជាពលរដ្ឋពិតជាបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវតវ៉ាមែន ប៉ុន្តែបិទមួយសន្ទុះ ក៏បានបើកឡើងវិញ រួចបានរំសាយទៅផ្ទះរៀងៗខ្លួន ក្រោយពីមានការសម្របសម្រួលពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោរួចមក ៕
ចែករំលែកព័តមាននេះ