ភ្នំពេញ ៖ នាយកដ្ឋានឧទ្យានជាតិថៃ បានចេញសេចក្តីជូនដំណឹងបន្ទាន់ស្តីពីប្រតិបត្តិការតាមប្រមាញ់ សត្វក្ងោកពណ៌ស និងក្ងោកកូនកាត់ឥណ្ឌាចំនួន០២ក្បាល បន្ទាប់ពីបង្ហាញវត្តមានដ៏គួរឱ្យព្រួយបារម្ភជាមួយនឹងហ្វូងសត្វក្ងោកថៃ នៅក្នុងដែនជម្រកសត្វព្រៃ ហួយ ខាខែង ក្នុងខេត្ត Uthai Thani ដែលជាដែនអភិរក្សសត្វក្ងោកថៃដ៏សំខាន់ និងធំបំផុត ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PBS World នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។
សត្វក្ងោកកូនកាត់ និងក្ងោកឥណ្ឌាពណ៌ស២ក្បាលនេះត្រូវបានប្រទះឃើញដោយមន្ត្រីអភិរក្សក្នុងតំបន់ពងមាន់ភូក ហើយត្រូវបានគេជឿថា ពួកគេបានរួចពីទ្រុងចិញ្ចឹមមួយកន្លែងនៅក្បែរនឹងតំបន់ព្រៃនេះ ហើយដែលនាំឱ្យមានការព្រួយបារម្ភជាខ្លាំងចំពោះការចម្លងហ្សែនតាមរយៈការបង្កាត់ពូជជាមួយសត្វក្ងោកថៃ ដែលមកនូវហានិភ័យនៃការផុតពូជក្ងោកថៃ ។
លោក Atthaphon Charoenchansa (អាតថាផុន ចារឺនចាន់សារ) អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិថៃ បានផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី២២ ខែមិថុនាថា លោកបានទទួលរបាយការណ៍ពីប្រធានដែនជម្រកសត្វព្រៃ ហួយ ខាខែង ។ អំពីការរកឃើញសត្វក្ងោកឥណ្ឌាពណ៌ស និងក្ងោកដែលគេគិតថា ជាកូនកាត់នោះ កំពុងរស់នៅជាមួយហ្វូងសត្វក្ងោកថៃប្រមាណ១០ក្បាល នៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃពងមាន់ភូក ដែនជម្រកសត្វព្រៃ ហួយ ខាខែង។
ឆ្លើយតបនឹងសេចក្តីរាយការណ៍នេះ មន្ត្រីឧទ្យានុរក្ស ត្រូវបានបញ្ជាឱ្យចេញបេសកកម្មបន្ទាន់ ដើម្បីតាមចាប់ពួកវាចេញពីព្រៃធម្មជាតិឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាអាចបង្ករវិនាសកម្មធ្ងន់ធ្ងរដល់ហ្សែននៃពូជរបស់ក្ងោកថៃ ។
ដោយឡែកបើតាម ប្រធានដែនជម្រកសត្វព្រៃ ហួយ ខាខែង បានឱ្យដឹងថា ដើម្បីបង្កភាពងាយស្រួលដល់ប្រតិបត្តិការតាមប្រមាញ់ លោកបានប្រកាសផ្អាកសកម្មភាពទេសចរណ៍មកកាន់តំបន់ទស្សនាសត្វពងមាន់ភូក ។ បេសកកម្មនេះ មានការចូលរួមពីមន្ត្រីជំនាញមកពីស្ថាប័នចម្រុះ២២នាក់ ។
ប្រភពដែលអ្នកយកព័ត៌មានបានដកស្រង់ពីអ្នកស្រុកក្នុងតំបន់បានបង្ហើបថា សត្វក្ងោកឥណ្ឌា និងក្ងោកកូនកាត់ទាំងពីរក្បាលនេះត្រូវបានគេប្រទះឃើញរស់នៅក្នុងហ្វូងក្ងោកថៃតាំងពីខែមេសាមកម្ល៉េះ ។ ហើយមន្ត្រីអភិរក្សបានបង្កប់កាមេរ៉ា និងតាមចាប់វាអស់រយៈពេលជាងបីខែមកហើយ ប៉ុន្តែនៅតែមិនបានជោគជ័យ ស្រាប់តែថ្មីៗនេះ អ្នកថតរូបសត្វព្រៃម្នាក់ ក៏បានថតរូបជាប់សត្វក្ងោកខាងលើនេះតែម្តង ។
ជុំវិញករណីបែបនេះ វេជ្ជបណ្ឌិត រង្សិត កានចាវ៉ានិត អ្នកជំនាញផ្នែកបក្សីមួយរូបបានបង្ហោះសារតាមហ្វេសបុកដោយបង្ហាញពីក្តីបារម្ភរបស់ខ្លួនថា ដោយបញ្ជាក់ថាប្រសិនបើពួកវាបង្កាត់ពូជជាមួយក្ងោកថៃ ការចម្លងរោគហ្សែននឹងកើតឡើង ហើយដែលនឹងធ្វើឲ្យក្ងោកថៃបាត់បង់អត្តសញ្ញាណពីក្ងោកថៃដើម ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះជាបន្ទាន់ ។
វេជ្ជបណ្ឌិតក៏បានសំណូមពរដល់ប្រជាជនថៃថា ដាច់ខាតកុំព្រលែងសត្វក្ងោកឥណ្ឌាទៅក្នុងព្រៃធម្មជាតិ បើមិនដូច្នេះទេ ក្ងោកថៃនឹងផុតពូជពីប្រទេសថៃជាយថាហេតុ ។ ហើយដែលរឿងនេះលោកជឿថា គ្មានអ្នកណាម្នាក់ចង់ឱ្យរឿងនេះកើតឡើងនោះទេ ។
គួររំលឹកថា ក្ងោក – Green Peafow ដែលមានឈ្មោះវិទ្យាសាស្ត្រ Pavo muticus ដែលថៃកំពុងព្រួយបារម្មណ៍ខ្លាចផុតពូជ ហើយហៅពេញៗមាត់ថា ក្ងោកថៃនោះ តាមពិតទៅក្ងោកនេះកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសរស់នៅក្នុងប្រទេសកម្ពុជាដូចគ្នា ។
យោងតាមក្រសួងបរិស្ថានកម្ពុជាបានបញ្ជាក់ថា ក្ងោកបៃតង គឺជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ។ វាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និងខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី ។ នៅរដូវបន្តពូជសត្វ ឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី ហើយវារកចំណីជាហ្វូង និងរស់នៅតាមដើមឈើខ្ពស់ៗ៕ អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ