រាជធានីភ្នំពេញ ៖ យុវជនគឺជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ និងប្រកបដោយសក្តានុពលរបស់ស្ថាប័ន និងប្រទេសជាតិ សម្រាប់ ការចូលរួមចំណែកក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យសម្បូររុងរឿង ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពុងធំ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា នៅក្នុងយុគសម័យនៃ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផ្អែកលើមូលដ្ឋានចំណេះដឹង បច្ចុប្បន្ននេះ, យុវជនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ ។ ដូចពាក្យខ្មែរយើងថា “ទំពាំងស្នងឫស្សី” មានន័យថា យុវជនគឺជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ និងប្រកបដោយ សក្តានុពលរបស់ស្ថាប័ន ឬប្រទេសជាតិមួយ សម្រាប់រួមចំណែកក្នុងបុព្វហេតុ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឱ្យ សម្បូររុងរឿង ក្នុងនោះបើប្រទេសជាតិណាដែលសម្បូរយុវជន-យុវនារី ដែលមានចំណេះដឹងច្រើន ប្រកបដោយសក្តានុពល គឺជាប្រភព ធនធានសម្បូរបែប សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ។
លោកជំទាវបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក ការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី ១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ជាក់ស្តែងសម្តេចធិបតីនាយករដ្ឋមន្តី បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ រួមមាន ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី ២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី ៣. ការយកចិត្តទុកដាក់លើសុខភាពរបស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលា, និងទី ៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” ។
លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ការអភិវឌ្ឍវិស័យអប់រំឱ្យបានរីកចម្រើនទៅមុខ គឺពឹងផ្អែកលើកត្តាសំខាន់ៗ ចំនួន២រួមមាន៖ ទី ១. កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ សាលារៀន បណ្ណាល័យ បរិក្ខាសាលា និងសម្ភារសិក្សាជាដើម, និង ទី ២. កត្តាគុណភាពនៃការអប់រំសំដៅលើគុណភាពកម្មវិធីសិក្សា ការពង្រឹងវិន័យសិក្សា និងគ្រូបង្រៀន ដែលមានចំណេះដឹងខ្ពស់ផ្នែកឯកទេស និងគរុកោសល្យក្នុងការបង្រៀន, ជាក់ស្តែងសមិទ្ធផលអគារសិក្សាថ្មីនេះ គឺបានបង្ហាញពីកត្តាហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង ។
សូមបញ្ជាក់ថា អគារសិក្សាមួយខ្នង មានកម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងមានបំពាក់គ្រឿងបរិក្ខារតាមបន្ទប់នីមួយៗ, គាំទ្រឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុក្នុងការកសាងដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងពិធីនេះដែរ ធនាគារជាតិនៃកម្ពុជា នឹងមានឧបត្ថម្ភវគ្គរៀន បំប៉នជូនសិស្សថ្នាក់ទី ១២ នៅក្នុងស្រុកសន្ទុក និងផ្ដល់អាហារូបករណ៍ជូនសិស្សនិទ្ទេស A ឱ្យបានសិក្សានៅមណ្ឌលសិក្សាបច្ចេកទេស ធនាគារ ។ ក្រៅពីនេះក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៨៥៧នាក់ រួមមាន នាយក-នាយករង លោកគ្រូ-អ្នកគ្រូ, ក្រុមប្រឹក្សាឃុំ និងភូមិតាំងក្រសាំង, ស.ស.យ.ក, យុវជនកាកបាទក្រហម, សិស្សកាយរឹទ្ធ, សិស្សានុសិស្ស, តំណាងមាតាបិតា និងប្រជាពលរដ្ឋផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ