ទីក្រុងបាងកក៖ លោកថាក់ស៊ីនត្រៀមខ្លួនរួចហើយដើម្បីតតាំងក្ដីនៅក្នុងតុលាការពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ សំណុំរឿងនេះកើតឡើងយូរគួរសមដែរហើយតាំងពីឆ្នាំ២០១៥។ កាលនោះ លោកថាក់ស៊ីនផ្ដល់សម្ភាសជាមួយសារព័ត៌មានបរទេស ហើយបានធ្វើអត្ថាធិប្បាយមួយចំនួន។ នេះជាបញ្ហាប្រឈមថ្មីមួយទៀតរបស់លោកថាក់ស៊ីនដែលជាអ្នកនយោបាយជើងចាស់ ហើយដែលសម្ព័ន្ធមិត្តរបស់លោកកំពុងកាន់កាប់កិច្ចការធំៗនៅក្នុងជួររដ្ឋាភិបាល។
លោកថាក់ស៊ីនថ្លែងថាលោកនឹងជួបព្រះរាជអាជ្ញានៅថ្ងៃទី១៨ ខែមិថុនា។ លោកគ្មានអ្វីត្រូវព្រួយបារម្ភទេ គិតតែខិតខំតតាំងក្ដីនៅក្នុងតុលាការជារឿងសំខាន់។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថានេះជារឿងឥតប្រយោជន៍។ សំណុំរឿងនេះចេះតែចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោកថាក់ស៊ីនដែលមានអាយុ៧៤ឆ្នាំតែងតែប្រកាសជាហូរហែថាលោកមិនបានធ្វើខុសដូចការចោទប្រកាន់ទេ។ លោកតែងតែដង្ហែតាមព្រះមហាក្សត្រជានិច្ច។
នៅប្រទេសថៃអ្នកនិយាយប៉ះពាល់ព្រះមហាក្សត្រ, ព្រះញាតិវង្សានុវង្ស ឬស្ថាប័នព្រះបរមរាជវាំងអាចចាត់ទុកថាធ្វើខុសនឹងមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ស្ដីពីការផ្ដន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រ។ នេះជាច្បាប់ដែលដាក់ទោសធ្ងន់ធ្ងរជាងប្រទេសកាន់របបរាជានិយមដទៃទៀតនៅទូទាំងពិភពលោក។ កាលពីពេលកន្លងមក មនុស្សមិនតិចទេដែលរងការចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារដោយប្រើប្រាស់ច្បាប់នេះ។ នៅក្នុងចំណោមនោះ លោកថាក់ស៊ីនជាមនុស្សល្បីជាងគេដែលជាប់ចោទនៅក្នុងសំណុំរឿងនេះដែរ។
កាលពីថ្ងៃទី២៩ ខែឧសភា ការិយាល័យព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លោកថាក់ស៊ីនពីបទប្រមាថព្រះមហាក្សត្រមួយករណី និងពីបទធ្វើខុសនឹងច្បាប់កុំព្យូទ័រមួយករណីដោយយោងទៅលើការផ្ដល់បទសម្ភាសនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥។ ការចោទប្រកាន់ពីបទរំលោភច្បាប់កុំព្យូទ័រមានដំណើរដើមទងចេញពីលោកថាក់ស៊ីនដាក់បញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធកុំព្យូទ័រដែលអាចគំរាមកំហែងចំពោះសន្តិសុខជាតិ។
ការិយាល័យព្រះរាជអាជ្ញាមិនអាចកោះហៅលោកថាក់ស៊ីនឱ្យចូលបង្ហាញខ្លួនកាលពីថ្ងៃទី២៩ ខែឧសភាទេព្រោះមេធាវីប្រាប់ថាលោកកើតជំងឺកូវីដ១៩។ ក្រោយមក គាត់ក៏ជាសះស្បើយពីជំងឺនេះវិញ។ លោកថាក់ស៊ីនរងការចោទប្រកាន់ថាបានបរិហារកេរ្តិ៍ព្រះមហាក្សត្រដោយយោងទៅតាមការផ្ដល់បទសម្ភាសឱ្យសារព័ត៌មានឆូស៊ុន អ៊ីលបូ (Chosun Ilbo)។ កាលនោះ គាត់និយាយថាក្រុមទីប្រឹក្សាព្រះមហាក្សត្រគាំទ្រការធ្វើរដ្ឋប្រហារទម្លាក់ប្អូនស្រីគាត់កាលពីឆ្នាំ២០១៤៕
ចែករំលែកព័តមាននេះ