ទីក្រុងឡាហាវ៉ាន៖ ថ្មីៗនេះ ប្រទេសរុស្ស៊ីបញ្ជូននាវាចម្បាំង៤គ្រឿងទៅប្រទេសគុយបាក្រោមរូបភាពជាដំណើរទស្សនកិច្ចជាមិត្តភាព និងផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមករវាងរុស្ស៊ី និងគុយបា។ គេកត់សម្គាល់ថានៅក្នុងចំណោមនោះក៏មាននាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿងផងដែរ។ នាវាទាំងនោះកំពុងធ្វើដំណើរសំដៅទៅប្រទេសគុយបា។ ប្រហែលជាអាទិត្យក្រោយអាចទៅដល់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលគុយបា។
មើលទៅសភាពការណ៍ហាក់ដូចជាមិនសូវស្រួលបន្ទាប់ពីលោកពូទីនប្រកាសកាលពីម្សិលមិញថាក្រុមបស្ចិមប្រទេស ជាពិសេសអាមេរិក អង់គ្លេស និងបារាំង បើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយបាញ់ចូលទឹកដីរុស្ស៊ី។ ដូច្នេះ លោកសូមរក្សាសិទ្ធិបញ្ជូនអាវុធទៅឱ្យសម្ព័ន្ធមិត្តរបស់រុស្ស៊ីដែលស្ថិតនៅមិនឆ្ងាយពីប្រទេសទាំងនោះប៉ុន្មានទេដើម្បីបាញ់ទៅប្រទេសទាំងនោះវិញ។
លោកពូទីនថែមទាំងព្រមានប្រើអាវុធនុយក្លេអ៊ែរបើរុស្ស៊ីទទួលរងការគំរាមកំហែងផ្នែកអធិបតេយ្យភាពជាតិ ឬភាពរស់រានមានជីវិតរបស់ជាតិ (existence)។ ទន្ទឹមនឹងនោះ សង្គ្រាមនៅតំបន់ខាគីវកំពុងតែក្ដៅគគុក។ លោកបៃដឹនសច្ចាថាទោះជាក្នុងកាលៈទេសៈណាក៏ដោយ លោកមិនអាចបណ្ដោយឱ្យទីក្រុងធំលំដាប់ទី២របស់អ៊ុយក្រែន១នេះធ្លាក់ទៅក្នុងដៃរបស់រុស្ស៊ីដោយងាយស្រួលឡើយ។ ថ្មីៗនេះ លោកអនុម័តឱ្យអ៊ុយក្រែនប្រើអាវុធរបស់អាមេរិកបាញ់ប្រហារឥតបន្ធូរដៃទៅលើមូលដ្ឋានរបស់រុស្ស៊ី និងបាញ់ចូលទឹកដីរុស្ស៊ីថែមទៀតនៅសមរភូមិខាគីវ។ ដូច្នេះ ឃើញថាសភាពការណ៍ហាក់ដូចជាមិនស្រួល។
ក្រសួងការបរទេសគុយបាប្រកាសថានាវារុស្ស៊ីដែលនឹងចូលចតនៅគុយបានោះគ្មានមួយណាដឹកអាវុធនុយក្លេអ៊ែរទេ។ នាវានឹងចូលចតនៅកំពង់ផែនៃរដ្ឋធានីឡាហាវ៉ានពីថ្ងៃទី១២-១៧ ខែមិថុនា។ ក្រសួងបញ្ជាក់ថាវត្តមាននៃនាវាទាំងនេះមិនមែនជាការគំរាមកំហែងចំពោះសន្តិសុខនៅក្នុងតំបន់ទេ។ ដំណើរទស្សនកិច្ចរបស់នាវាទាំងនោះស្របទៅនឹងការកសាងទំនាក់ទំនងល្អជាមិត្តភាព និងជាប្រវត្តិសាស្ត្ររវាងរុស្ស៊ី និងគុយបា។ ម៉្យាងទៀត ប្រទេសទាំង២ប្រកាន់ខ្ជាប់តាមវិធានជាអន្តរជាតិ។
ក៏ប៉ុន្តែគេគិតថារុស្ស៊ីនៅសុខៗបញ្ជូននាវាចម្បាំងទៅគុយបានៅក្នុងស្ថានភាពនេះហាក់ដូចជាចម្លែកបន្តិច។ ជាពិសេស ទីតាំងភូមិសាស្ត្ររវាងអាមេរិក និងគុយបាឃ្លាតគ្នាតែ១៤៥គីឡូម៉ែត្រប៉ុណ្ណោះ។ គេនៅចាំបានថាកាលពីអំឡុងឆ្នាំ១៩៦២ អាមេរិក និងអតីតសហភាពសូវៀតសឹងតែផ្ទុះសង្គ្រាមជាមួយគ្នានៅពេលសូវៀតដាក់កងទ័ព និងអាវុធនៅលើទឹកដីគុយបា។
ថ្មីៗនេះលោកពូទីនព្រមានថាបើអ៊ុយក្រែនប្រើគ្រាប់មីស៊ីលបាញ់បានឆ្ងាយៗចូលទឹកដីរុស្ស៊ី រុស្ស៊ីចាត់ទុកថាបស្ចិមប្រទេសចូលរួមនៅក្នុងសង្គ្រាមនេះដោយផ្ទាល់ប្រឆាំងនឹងរុស្ស៊ី។ អាមេរិក និងសម្ព័ន្ធមិត្តចង់សង្កត់ធ្ងន់ថាខ្លួនបើកដៃឱ្យបាញ់ទៅរុស្ស៊ីមែន។ ប៉ុន្តែមិនមែនបាញ់ទៅឆ្ងាយៗពេកទេ បាញ់ត្រឹមជិតៗព្រំដែនបានហើយដើម្បីរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយវិញ។ ចំណុចមួយទៀត អាមេរិកចង់សង្កត់ធ្ងន់ថាបើរុស្ស៊ីបាញ់មីស៊ីលចេញពីទីតាំងណា អ៊ុយក្រែនអាចបាញ់ទៅទីតាំងនោះវិញ។
កាលណោះ អាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតចង់ផ្ដោតសំខាន់ទៅលើសិទ្ធិវាយការពារខ្លួន។ មន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថារុស្ស៊ីមានផែនការបញ្ជូននាវាចម្បាំងដើម្បីឈរជើងនៅសមុទ្រការីប៊ីនដើម្បីធ្វើសមយុទ្ធយោធាជើងទឹក។ ថ្វីដ្បិតវ៉ាស៊ីនតោនយល់ថាវត្តមាននាវានោះមិនមែនជាការគំរាមកំហែងផ្នែកសន្តិសុខជាតិ ប៉ុន្តែអាមេរិកនឹងតាមដានសមយុទ្ធយោធានេះដោយយកចិត្តទុកដាក់៕
ចែករំលែកព័តមាននេះ