ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ព្រះ​កេស​ទេវតា​មួយ​អង្គ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ

7 ខែ មុន
  • សៀមរាប

ក្រុមការងារ​ស្រាវជ្រាវ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាង​ថា ព្រះ​កេស​ទេវតា​មួយ​អង្គ ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ខ្លោងទ្វារ​ជ័យ

ក្រុមការងារ​ស្រាវជ្រាវ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាង​ថា ព្រះ​កេស​ទេវតា​មួយ​អង្គ ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ គឺ​តាម​រយៈ​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ ក្នុង​រណ្ដៅ​នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ ពោល​គឺ​នៅ​បាត​គ្រឹះ​ខាង​ផ្នែក​ទេវតា ទាញព្រ័ត្រ​តែ​ម្តង​។

លោក អន សុភាព បុរាណ​វិទូ ដែល​កំពុង​ធ្វើ​កំណាយ​នៅ​ខ្លោងទ្វារ​ជ័យ បាន​បញ្ជាក់​ថា ជាង​ពី​រស​ប្ដា​ហ៍​មក​ហើយ ក្រុមការងា​របស់​លោក​បាន​និង​កំពុង​ធ្វើ​កំណាយ ស្រាវជ្រាវ​បុរាណវិទ្យា នៅ​ខ្លោងទ្វារ​ជ័យ​នេះ​។

លោក​បញ្ជាក់​ថា ការងារ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ពិនិត្យ​មើល​រចនាសម្ព័ន្ធ​បាត​គ្រឹះ ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​រៀបចំ​បង្គ្រប់​ឯកសារ​ក្នុង​គម្រោង​ជួសជុល​ចំណុច​នេះ​ឡើង​វិញ​។

តាម​ការ​លើក​ឡើង​របស់​លោក អន សុភាព ជា​ការ​ចៃដន្យ ក្នុង​ពេល​ក្រុមការងារ​លោក​កំពុង​កំណាយ​នោះ ក៏​បាន​ប្រទះ​ឃើញ​ព្រះ​កេស​មួយ​នៅ​ស្អាត កប់​ក្នុង​រណ្ដៅ​ជើង​គ្រឹះ ទេវតា​ទាញព្រ័ត្រ​តែ​ម្ដង​។

ក្រោយ​ការ​សិក្សា និង​ពិនិត្យ អ្នកជំនាញ​សន្និដ្ឋាន​ថា ព្រះ​កេស​នោះ បាន​បាក់​ធ្លាក់​ពី​រូប​ទេវតា នៅ​ចំណុច​​លេខ​ទី​២៣ បើ​រាប់​ពី​ជួរ​ខាង​មុខ​មក​។ ព្រះ​កេស ធ្វើ​ពី​ថ្មភក់​នេះ មាន​បណ្ដោយ ២០​ស​.​ម ទទឹង​១១​ស​.​ម និង​កម្ពស់ ១២​ស​.​ម​។

ក្រោយ​កំណាយ​ស្រាវជ្រាវ​បាន​មួយ​ផ្នែក​ធំ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា គ្រឹះ​ចម្លាក់ កូរ​សមុទ្រ​ទឹកដោះ នៅ​ខ្លោងទ្វារ​ជ័យ​នេះ នៅ​មាន​ភាព​មាំ​ល្អ ព្រោះ​ធ្លាប់​បាន​ជួសជុល​ម្ដង​នៅ​សម័យ​កណ្ដាល និង​សម័យ​បារាំង​។

លោក អន សុភាព បញ្ជាក់​ថា តាម​ការ​ឱ្យ​យោបល់​ពី​អ្នក​ពាក់ព័ន្ធ គេ​ត្រូវ​កំណាយ​ស្រាវជ្រាវ នៅ​ផ្នែក​ខាងលើ​បន្ថែម​ទៀត មើល​ស្ថានភាព​តួ​ស្ពាន​ទាំងមូល ដើម្បី​មើល​ស្ថានភាព​ជួសជុល​នៅ​ពេល​នោះ​ឱ្យ​បាន​ល្អិតល្អន់ មុន​នឹង​មាន​គម្រោង​ជួសជុល​ចម្លាក់ កូរ​សមុទ្រ​ទឹកដោះ នា​ពេល​ខាង​មុខ​៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ