ទីក្រុងតូក្យូ៖ ប្រទេសជប៉ុនប្រកាសប្រមូលនំប៉័ងចំណិតជាងមួយសែនដុំចូលស្តុកវិញជាបន្ទាន់បន្ទាប់ពីមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងដ៏ស្មោគគ្រោកដល់ថ្នាក់ក្អួតលែងចេញកើតឡើងទៅលើផលិតផលមួយប្រភេទ។ ថ្មីៗនេះ គេរកឃើញខ្មោចកណ្ដុរ១ក្បាលនៅក្នុងនំប៉័ងចំនួន២ដុំ។ នេះបើយោងតាមការទទួលស្គាល់ពីក្រុមហ៊ុនផលិតនំប៉័ងជប៉ុនខាងលើនេះផ្ទាល់តែម្ដង។
ការប្រកាសប្រមូលអាហារចូលស្តុកវិញជាដ៏ករណីនៅជប៉ុនក្នុងនាមជាប្រទេសមានស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់លំដាប់ពិភពលោក។ ដូច្នេះ ក្រុមហ៊ុនផលិតនំប៉័ងប៉ាស់ស្កូ ស៊ីគីស៊ីម៉ា ខបផូរេសឹន (Pasco Shikishima Corporation) ថ្លែងថាខ្លួននឹងបើកការស៊ើបអង្កេតឱ្យដឹងសខ្មៅម្ដងដើម្បីចង់ដឹងថាបើក្រុមហ៊ុនធានាអនាម័យខ្ពស់ដល់កម្រិតហ្នឹងហើយតើខ្មោចកណ្ដុរនោះវាចូលក្នុងផលិតផលនំប៉័ងចំណិតរបស់ខ្លួនដែលឃ្លុមបេយ៉ាងជិតឈឹងនោះដោយវិធីណា?
ក្រុមហ៊ុនជប៉ុនខាងលើនេះថ្លែងថារហូតមកដល់ពេលនេះខ្លួនមិនទាន់រកឃើញថាអតិថិជនរបស់ខ្លួនណាម្នាក់ធ្លាក់ខ្លួនឈឺបន្ទាប់ពីញ៉ាំនំប៉័ងចំណិតឈ្មោះឆូជូគុ (chojuku)។ នេះជាប្រភេទអាហារសម្រន់ដែលជនជាតិជប៉ុននិយមញ៉ាំពេលព្រឹក។ ក្រុមហ៊ុនបានប្រមូលនំប៉័ងប្រភេទនេះចូលឃ្លាំងវិញបានជាង១សែនកញ្ចប់ហើយចាប់តាំងពីទីក្រុងតូក្យូរហូតដល់តំបន់អាអូម៉ូរី(Aomori)។ក្រុមហ៊ុនសូមអធ្យាស្រ័យចំពោះបញ្ហាធ្វើឱ្យរំខានចិត្តរបស់អតិថិជនដែលធ្លាប់តែឆ្ងាញ់មាត់នឹងនំប៉័ងរបស់ខ្លួន។
កាលពីថ្ងៃពុធ ក្រុមហ៊ុនប៉ាស់ស្កូ (Pasco) ទទួលស្គាល់ថាពិតជាមានករណីរកឃើញខ្មោចកណ្ដុរសម្បុរខ្មៅក្រិប១ក្បាលនៅក្នុងនំប៉័ងចំនួន២កញ្ចប់។ គេដឹងថានំប៉័ងដែលមានបញ្ហានោះផលិតនៅក្នុងរោងចក្រទីក្រុងតូក្យូ។ ដូច្នេះ ក្រុមហ៊ុនសម្រេចចិត្តផ្អាកដំណើរការរោងចក្រនេះចោល១គ្រាសិនដើម្បីស៊ើបអង្កេត។ ក្រុមហ៊ុនថ្លែងបន្តទៀតថាខ្លួននឹងពង្រឹងសង្វាក់ផលិតកម្មឡើងវិញដើម្បីធានាថាគ្មានរឿងបែបហ្នឹងកើតឡើងជាបន្តទៀតទេ។
ប្រទេសជប៉ុនយកចិត្តទុកដាក់ខ្ពស់ផ្នែកអនាម័យ ប៉ុន្តែក៏ឧស្សាហ៍ជួបប្រទះនឹងករណីពុលចំណីអាហារ និងឧស្សាហ៍ប្រមូលផលិតផលចូលស្តុកវិញជាហូរហែផងដែរ។ បើមានករណីនេះកើតឡើងគឺផ្ទុះព្រោងព្រាតតាមបណ្ដាញសារព័ត៌មានតែម្ដង។ កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនលក់ចំណីអាហារសេវេន អ៊ីឡេវឹន (7-Eleven) ដែលមានសាខានៅប្រទេសជប៉ុនបានប្រមូលផលិតផលចូលស្តុកវិញបន្ទាប់ពីមានករណីខ្មោចកន្លាត១ក្បាលនៅក្នុងបាយសារាយសមុទ្រដែលគេវេចខ្ចប់ត្រឹមត្រូវ។
ករណីថ្មីបំផុតពាក់ព័ន្ធនឹងខ្មោចកណ្ដុរនៅក្នុងនំប៉័ងចំណិតរបស់ជប៉ុននេះកើតឡើងបន្ទាប់ពីជប៉ុនទើបតែផ្ទុះរឿងអាស្រូវ១ទៀតពាក់ព័ន្ធនឹងអាហារបំប៉នរបស់ក្រុមហ៊ុនកូបាយ៉ាស៊ីដែលប្រើប្រាស់សម្រាប់បញ្ចុះកូឡេស្ទេរ៉ូលនៅក្នុងសរសៃឈាម។ ប៉ុន្តែជាក់ស្ដែងប្រើប្រាស់យូរៗទៅធ្វើឱ្យខូចគ្រឿងក្នុងខ្ទេច។ ជាពិសេស ខូចតម្រងនោម។ ក្រុមហ៊ុនកូបាយ៉ាស៊ីថ្លែងកាលពីខែមេសាថាខ្លួនបន្តស៊ើបអង្កេតករណីស្លាប់អតិថិជន៥នាក់ដែលប្រើប្រាស់អាហារបំប៉នផ្សំពីបាយផ្សិតក្រហមដែលជប៉ុនហៅថាបេនីកូជិ (beni koji)៕
ចែករំលែកព័តមាននេះ