ទីក្រុងហូជីមិញ៖ សម្រាប់ប្រទេសនិយមកសិកម្ម កាលណាមានភ្លៀងគឺមានសេចក្ដីសង្ឃឹម។ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមខាងត្បូង មានភ្លៀងលាយផ្គររន្ទះយ៉ាងកងរំពងនៅម៉ោង៤:៣០ព្រឹកថ្ងៃសៅរ៍ អមដោយការធ្លាក់ភ្លៀងខ្លាំងៗយ៉ាងជោគជាំពសុធា។ នេះជាសញ្ញាចាប់ផ្ដើមនៃភ្លៀងធ្លាក់ដើមឆ្នាំ និងការចាប់ផ្ដើមរដូវវស្សានៅប្រទេសដែលមានប្រជាជនជាង១០០លាននាក់មួយនេះ។
នៅទីក្រុងធូឌឹក (Thu Duc) និងប៊ិញថាញ់ (Binh Thanh) មានភ្លៀងធ្លាក់តិចជាងគេកាលពីព្រឹកមិញ។ ប៉ុន្តែទុកជាយ៉ាងណាក៏មិនអន់ពេកទេព្រោះភ្លៀងធ្លាក់រយៈពេល១ម៉ោងអាចចាត់ទុកថាតំបន់នេះទទួលបានរបបទឹកភ្លៀងច្រើនគ្រាន់បើដែរ។ ភ្លៀងដែលចាប់ផ្ដើមបង្អុរមកជាបណ្ដើរៗតាំងពីក្បាលព្រលប់ថ្ងៃសុក្រនោះបានបង្កើតភាពត្រជាក់ត្រជុំសម្រាប់ប្រជាជនដែលជួបប្រទះនឹងអាកាសធាតុក្ដៅហួតហែងខ្លាំងតាំងពីចុងខែមីនារហូតដល់ដើមខែឧសភានេះ។
ប៉ុន្តែភ្លៀងធ្លាក់ដើមឆ្នាំបែបនេះមានលាយឡំទៅដោយផ្គរ និងរន្ទះបាញ់ផូងផាំងយ៉ាងកក្រើកមេឃា។ ដូច្នេះ អាជ្ញាធរស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នចំពោះអាយុជីវិតរបស់មនុស្ស និងសត្វ។ អ្នកខ្លះមានចិត្តក្លាហានគ្រាន់បើ ហ៊ានចេញមកខាងក្រៅផ្ទះ ហើយទាញស្មាតហ្វូនផ្ដិតយករូបភាពភ្លៀងធ្លាក់លើកដំបូងនៅឆ្នាំនេះដែលអាចជួយបញ្ចុះសីតុណ្ហភាពបានពី៤ទៅ៥អង្សាផងដែរ។ ថតរួច, ពួកគេនាំគ្នាបង្ហោះរូបថត និងវីឌីអូយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។
ការិយាល័យឧតុនិយមវៀតណាមថ្លែងថាតំបន់ខាងត្បូងដូចជាទីក្រុងហូជីមិញ, ខេត្តដុងណាយ (Dong Nai), ប៊ិញឌឿង (Binh Duong) និងប៊ិញហ្វឿក (Binh Phuoc) នឹងមានភ្លៀងធ្លាក់ជាបណ្ដើរៗចាប់ពីចុងសប្ដាហ៍នេះ។ តាមពិត នៅសល់ដប់ថ្ងៃទៀតឯណោះទើបចាប់ផ្ដើមរដូវវស្សាពេញទំហឹង។ ប៉ុន្តែតំបន់ទាំងនេះអាចទទួលបានរបបទឹកភ្លៀងចាប់ពីពេលនេះតទៅ។
នៅក្នុងស្ថានភាពនេះ ការិយាល័យឧតុនិយមអំពាវនាវឱ្យប្រជាជនកុំនៅហាលវាលក្រោមតំណក់ទឹកភ្លៀងដើមរដូវព្រោះវាអាចពាំនាំទៅជាមួយនូវសារធាតុពុលនៅក្នុងនោះ ហើយអាចធ្វើឱ្យធ្លាក់ខ្លួនឈឺ។ អ្នកខ្លះអាចនឹងកើតផ្ដាសាយ។ កុំថាឡើយដល់ទៅប៉ះទឹកភ្លៀង សូម្បីតែអាកាសធាតុក្ដៅសុខៗស្រាប់តែប្រែទៅជាត្រជាក់១រំពេចបែបនេះក៏ធ្វើឱ្យសរីរៈរាងកាយរបស់យើងប្រែប្រួលមិនទាន់ទេ ហើយប្រែជាឈឺ១រំពេច។
រយៈពេលបួនខែហើយវៀតណាមខាងត្បូង ទទួលរងអាកាសធាតុក្ដៅខ្លាំង ជាពិសេសទីក្រុងហូជីមិញទទួលរងកម្ដៅលើសពី៣៥អង្សា។ មានន័យថាប្រហាក់ប្រហែលនឹងរដូវក្ដៅដែលទទួលរងឥទ្ធិពលអែលនីញ៉ូកាលពីឆ្នាំមុនៗផងដែរ។ គ្រាន់តែថាឥឡូវនេះអំឡុងពេលក្ដៅខ្លាំងកាន់តែអូសបន្លាយពេលយូរជាងមុន។ ឧទាហរណ៍ ឆ្នាំនេះអាកាសធាតុក្ដៅខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៩ ខែមីនា ឆ្លងកាត់ពេញមួយខែមេសា ហើយឆ្លងចូលដល់ដើមខែឧសភាទើបមានភ្លៀងធ្លាក់។ នេះជាករណីមិនធ្លាប់មាននៅវៀតណាមចាប់តាំងពីឆ្នាំ១៩៩៧៕
ចែករំលែកព័តមាននេះ