សំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា តុលាការបង្កកគណនីធនាគារ ចំនួន១៨៣ ឃុំខ្លួន៥នាក់ ចាប់ខ្លួន និងកោះហៅ២៦នាក់ទៀត
ខេត្តសៀមរាប ៖ សំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា…
ខេត្តសៀមរាប ៖ សំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា…
ខេត្តសៀមរាប ៖ សំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ៖ សាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួន សម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន ៥នាក់ រួមមានទាំង ឡេង ចាន់ណា ខណៈកំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាទាំងសវតាជាតិ និងទ្រព្យសម្បត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យ សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានអោយដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្តកិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម ៖
១. បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន ។
២. បានសម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។
៣. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ
របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា សាលាដំបូងខេត្តសៀមរាប បាននិងកំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន ។
សូមបញ្ជាក់ជូនបន្ថែមថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គល ដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះ ក៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់តាមនីតិវិធីច្បាប់ ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបណ្ដាញសារព័ត៌មាន មេត្តាសហការគ្រប់ជ្រុងជ្រោយដោយរក្សា នូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យសាលាដំបូងខេត្តសៀមរាប បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយប្រសិទ្ធភាព និងផ្ដល់យុត្តិធម៌ជូនភាគី ដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ ។
គួរជម្រាបជូនថា ក្នុងចំណោមមនុស្សទាំង ៥នាក់ ដែលត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួន គឺមានអតីតឧកញ៉ា ឡេងចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន និង២នាក់ ជាអគ្គនាយករង ដែលត្រូវបានឃុំខ្លួននៅថ្ងៃទី១៣ មីនា និងអ្នកពាក់ព័ន្ធចំនួន ២នាក់ទៀត ដែលត្រូវបានឃុំខ្លួននៅថ្ងៃទី២០ មីនា។ អ្នកទាំង៥រូបនេះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទចោទចំនួន ៣ករណី រួមមាន ៖ ទី១. ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយក្រុមមានការចាត់តាំងតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ទី២. លាងលុយកខ្វក់ និងទី៣. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ក្រៅពីការឃុំខ្លួនជនត្រូវចោទ ៥នាក់ មានបក្ខពួករបស់ឈ្មោះ ឡេង ចាន់ណា ចំនួន ២៦នាក់ផ្សេងទៀត កំពុងត្រូវបានត្រៀមបញ្ជូនទៅតុលាការ ដើម្បីធ្វើការស៊ើបសួរ តាមនីតិវិធីច្បាប់ តាមពាក្យប្តឹងរបស់ពលរដ្ឋជាង ៥,០០០គ្រួសារ ដែលបានប្ដឹងចោទក្រុមហ៊ុនពីបទបានឆបោកទឹកប្រាក់វិនិយោគរបស់ពួកគេទាំងការ និងដើមសរុបប្រមាណជាង ៣០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ