រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានជាបឋមបានបង្ហើបឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃា.តករបានហើយ ដែលសម្លា.ប់ជនរងគ្រោះនៅខុនដូ ១កន្លែង ក្នុងខណ្ឌទួលគោក រួចហើយច្រកក្នុងវ៉ាលីស ដឹកសពយកទៅទម្លាក់ចោលនៅខេត្តកោះកុង។
ឃា.តករជាបុរសតុបតែងខ្លួនជាភេទទី៣ រីឯជនរងគ្រោះក៏ជាភេទទី៣ដូចគ្នាដែរ ហើយពួកគេស្រឡាញ់គ្នាណាស់ ប៉ុន្តែមួយរយៈចុងក្រោយនេះជនសង្ស័យបានខឹងនឹងជនរងគ្រោះ បញ្ហាបាត់លុយកាក់ រហូតដាច់ចិត្តសម្លា.ប់គ្នា ។
ជនសង្ស័យមានឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៤០ឆ្នាំ ខ្មែរមុខរបរជាមន្ត្រីយោធា នាយរងផ្នែកជីវសាស្ត្រ នៅអគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃក្រសួងការពារជាតិ ។
ប្រភព័ត៌មានឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពសម្លា.ប់ជនរងគ្រោះនៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ ស្ថិតក្នុងខុនដូមួយកន្លែង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីចន្លោះថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤ ហើយបានច្រកសាកស.ពចូលក្នុងវ៉ាលិស ហើយដឹកយកទៅទម្លាក់ចោលនៅខេត្តកោះកុង។ ពេលនេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កំពុងធ្វើការសាកសួរយកចម្លើយ ។
គួររំលឹកថា កាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស កម្លាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនឹងមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព នៅចំណុចក្បែរផ្លូវលេខជាតិលេខ៤៨ ស្ថិតនៅភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានអ្នកធ្វើដំណើររាយការណ៍ថា មានសាកសព ត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខ ហើយញាត់ចូលវ៉ាលិស ជ័រព័ណទឹកក្រូច ហើយយកមកបោះប្លុងចោល នៅចំណុចខាងលើ ប្រហែលរយៈពេល០៣ថ្ងៃមកហើយ ។
ក្នុងខណៈពេល កម្លាំងចម្រុះចុះពិនិត្យសាកសពនោះឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណ អ្វីទាំងអស់ ប៉ុន្តែដឹងថា មានភេទប្រុស ជនជាតិខ្មែរ នឹងនៅលើដើមដៃឆ្វេងមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ) ដោយសរសេរលេខខ្មែរ នៅខាងក្រោម ០៥.០៩.២១ ហើយសាកសព មានសភាពហើមធុំក្លិន មាននិងដង្កូវចោះ ។
រសៀលថ្ងៃទី២១ មីនា ២០២៤ បន្ទាប់ពីសមត្ថកិច្ច បង្ហោះព័ត៌មានសួររកសាច់ញាតិសព ដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះ បានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺ ជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។
បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤នេះ បានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងឯ រាជធានីភ្នំពេញ ផ្នែកសឺវ៉ីស ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា កាលពីរសៀលថ្ងៃទី២១ មីនា បងស្រីជនរងគ្រោះបានសុំសមត្ថកិច្ច និងអញ្ជើញអាចារ្យមកធ្វើពិធីបូជាសពជនរងគ្រោះនៅនឹងកន្លែងផ្លូវឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅឋានវិញ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ