ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព.ងកន្ធាយក្បាលកង្កែបជាង៥០ព.ង​ដែលប្រទះឃើញ​ ត្រូវបានយកទៅរក្សាទុក និងភ្ញាស់នៅកន្លែង​សុវត្ថិភាព

8 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ពងកន្ធាយក្បាលកង្កែប​ចំនួន​៥៥ពង ត្រូវបានប្រជានេសាទនៅភូមិកោះជ្រឹម

ខេត្តស្ទឹងត្រែង ៖ ពងកន្ធាយក្បាលកង្កែប​ចំនួន​៥៥ពង ត្រូវបានប្រជានេសាទនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ប្រទះឃើញនៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង កាលពីពេលថ្មីៗនេះ។
បច្ចុ​ប្បន្នពងកន្ធាយក្បាលកង្កែបទាំងអស់នេះត្រូវបានយកទៅរក្សា និងភ្ញាស់ នៅកន្លែងសុវត្ថិភាព។ នេះជាលទ្ធផលវិជ្ជមាន ដែលកើតចេញពីការចូលរួមការពារធនធានជលផល របស់អ្នកពាក់ព័ន្ធទាំងអស់គ្នា។

លោក ស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា ពងកន្ធាយក្បាលកង្កែបចំនួន៥៥ពងពិតជាប្រទះឃើញនៅចំណុចព្រំប្រទល់ទឹក ខេត្ត ស្ទឹងត្រែង-ក្រចេះនៅយប់ថ្ងៃទី៤ ខែកុម្ភៈមែន ។

លោកនាយខណ្ឌបានបន្តឱ្យដឹងថា នាយរងផ្នែករដ្ឋបាលជលផថាឡាបរិវ៉ាត់ ដឹកនាំកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត និងសហគមន៍នេសាទកោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង ទៅប្រមូលយកពងចំនួន ៥៥ពង ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងដែលមានសុវត្ថិភាព។

លោក ស្រី វិចិត្របានគូសបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប វារស់នៅចំណុចទន្លេមេគង្គ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ហើយជាសត្វបានស្រាវជ្រាវរកឃើញជាថ្មីនៅតាមបណ្ដោយទន្លេមេគង្គក្នុងប្រទេសកម្ពុជា រស់នៅក្នុងអន្លង់ទឹកជ្រៅជាង៤០ម៉ែត្រ ស៊ីត្រី រុក្ខជាតិ ដុះក្នុងទឹកជាអាហារ បន្តពូជក្នុងខែកុម្ភៈ និងខែមិនា ហើយទម្លាក់ពងពី២៨ ទៅ៣០គ្រាប់ក្នុងមេមួយក្បាល ទម្ងន់អតិបរិមា៥០គីឡូក្រាមនិងប្រវែង២ម៉ែត្រ។

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែបនេះគឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ដែលនៅក្នុងអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលកំពុងរងគ្រោះថ្នាក់។

គួររំលឹកថា៖ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយអាជ្ញាធរស្រុកសៀមបូក អាជ្ញាធរឃុំអូរម្រះ សហគមន៍នេសាទអូរច្រឡង់-អង្គការ WCS CEPA ធ្វើពិធីលែងកន្ធាយក្បាលកង្កែប១ក្បាល ដែលជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ ចូលទៅក្នុងដែននេសាទធម្មជាតិវិញ ស្ថិតក្នុងភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីចុងឆ្នាំ២០២៣។

ប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ និងប្រភេទកម្រដែលត្រូវប្រជានេសាទចាប់បាននេះ គឺស្ថិតនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ហើយក៏ជាតំបន់គ្រប់គ្រង និងអភិរក្ស ជីវចម្រុះជលផលទន្លេមេគង្គផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ