ញាក់សាច់! ម្ហូបជាង២ពាន់មុខ នឹងបម្រើក្នុងពិធី Pre-Wedding កូនពៅមហាសេដ្ឋីឥណ្ឌា
ឥណ្ឌា ៖ ពិធីរៀបអភិសេកព្រះអង្គម្ចាស់ Abdul Mateen ដែលជាព្រះរាជបុត្រទី១០ របស់ស្តេចស៊ុលតង់
ឥណ្ឌា ៖ ពិធីរៀបអភិសេកព្រះអង្គម្ចាស់ Abdul Mateen ដែលជាព្រះរាជបុត្រទី១០ របស់ស្តេចស៊ុលតង់
ឥណ្ឌា ៖ ពិធីរៀបអភិសេកព្រះអង្គម្ចាស់ Abdul Mateen ដែលជាព្រះរាជបុត្រទី១០ របស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Hassanal Bolkiah រយៈពេល១០ថ្ងៃ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ បង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ជាមួយការចំណាយលើការរៀបចំដ៏អស្ចារ្យ។ ចំណែកឯនៅដើមខែមីនានេះ បើក្រឡែកមើលពិធីបុរេអាពាហ៍ពិពាហ៍ ឬ Pre-Wedding របស់កូនប្រុសពៅមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌា លោក Mukesh Ambani គឺលោក Anant Ambani និងគូដណ្ដឹងគឺកញ្ញា Radhika Merchant ទើបដឹងថា ញាក់សាច់ប៉ុនណា ដែលត្រៀមរួចជាស្រេច ដើម្បីទទួលភ្ញៀវកំពូលៗ នៅក្នុងពិធីមុនរៀបការរបស់អ្នកទាំងពីរ ជាមួយនឹងម្ហូបចម្រុះចំនួន ២,៥០០មុខច្រើនរសជាតិ និងច្រើនតំបន់សម្រាប់ទទួលភ្ញៀវ។
ពិធីបុរេអាពាហ៍ពិពាហ៍ដ៏ប្រណីត និងអស្ចារ្យមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ពោលមុនពេលពិធីរៀបមង្គលការ នាពេលខាងមុខរបស់គូស្នេហ៍មួយគូនេះ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមមេចុងភៅចំនួន២១នាក់ ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ពីសណ្ឋាគារ Jardin នៅទីក្រុងអ៊ីនដ័រ (Indore) ប្រទេសឥណ្ឌា បានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងចាមណាហ្គា (Jamnagar) ជាពិសេសសម្រាប់ពិធីនេះ។
កាសែត Economic Times បានរាយការណ៍លម្អិតថា ក្រុមធ្វើម្ហូបនេះមានភារកិច្ចបង្កើតមុខម្ហូបចម្រុះដែលរួមមាន ថៃ ជប៉ុន ម៉ិកស៊ិក ប៉ាស៊ីឥណ្ឌា និងរសជាតិ Pan Asian ។ ម៉ឺនុយអាហារពេលព្រឹកនឹងមានយ៉ាងហោចណាស់ ៧៥ មុខផ្សេងៗគ្នា អាហារថ្ងៃត្រង់នឹងមានជាង ២២៥មុខ ហើយអាហារពេលល្ងាចត្រូវបានកំណត់ ដើម្បីបង្ហាញពីបទពិសោធនៃការទទួលទានអាហារខុសៗគ្នាចំនួន ២៧៥មុខ ។ លើសពីនេះទៀត ការជ្រើសរើសអាហារសម្រន់ពាក់កណ្ដាលអធ្រាត្រ ដែលអាចរកបានចាប់ពី
ម៉ោង៤ព្រឹក នឹងរួមបញ្ចូលជម្រើសចំនួន ៨៥មុខផ្សេងៗគ្នា។ ជាមួយគ្នានោះ ក៏នឹងមានការតាំងបង្ហាញ «Indore Sarafa Food Counter» ដែលនឹងផ្ដល់ជូននូវអាហារពិសេសក្នុងតំបន់ដ៏ល្បីល្បាញពីទីក្រុងអ៊ីនដ័រគ្រប់រដូវកាល ជាមួយនឹងគ្រឿងទេសពិតប្រាកដដែលដឹកជញ្ជូនពីទីក្រុងផ្ទាល់ ដើម្បីធានានូវរសជាតិដើម។
ដូចដែលបានរាយការណ៍ដោយកាសែត The Times of India រួមនឹងសារព័ត៌មានបរទេសធំៗជាច្រើនផ្សេងទៀត ពិធីបុរេអាពាហ៍ពិពាហ៍ដ៏ប្រណីត និងអស្ចារ្យ៣ថ្ងៃរបស់លោក Anant Ambani និងកញ្ញា Radhika Merchant បានអញ្ជើញមេក្រុមហ៊ុនធំៗ រួមនឹងបុគ្គលល្បីលំដាប់ពិភពលោកជាច្រើនមកចូលរួមជាភ្ញៀវកិត្តិយសដូចជា មហាសេដ្ឋីអាម៉េរិក ម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates និងលោកស្រី Melinda French Gates មហាសេដ្ឋីអាម៉េរិក លោក Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុន Meta លោកស្រី Ivanka Trump និងសមាជិកនៃព្រះរាជវង្សានុវង្សប៊ូតានផងដែរ។ បន្ថែមពីនេះទៀត កំពូលតារាបូលីវូដដូចជា លោក Amitabh Bachchan, លោក Rajinikanth, លោក Shah Rukh Khan និងអ្នកនាង Alia Bhatt រួមជាមួយនឹងវត្តមានភ្ញៀវកិត្តិយសល្បីៗលំដាប់ពិភពលោកទាំងជាតិ និងអន្តរជាតិជាច្រើននាក់ផ្សេងទៀត ក៏មានវត្តមានផងដែរ។
កាសែត The Times ក៏បានរាយការណ៍ថា តារាចម្រៀងអាម៉េរិក នាង Rihanna និងតារាចម្រៀងដ៏ល្បីរបស់ឥណ្ឌា Punjabi Diljit Dosanjh ក៏នឹងមកសម្ដែងនៅក្នុងពិធីដ៏អស្ចារ្យនេះផងដែរ។
កញ្ញា Radhika Merchant អាយុ២៩ឆ្នាំ គឺជាកូនស្រីលោក Shri Viren Merchant ដែលជានាយកប្រតិបត្តិក្រុមហ៊ុនឱសថឯកជន Encore Healthcare ។ ចំណែកលោក Anant Ambani អាយុ២៨ឆ្នាំ គឺជាកូនពៅរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ដែលដឹកនាំក្រុមហ៊ុន Reliance Industries ដែលមានប្រាក់ចំណូលចំនួន ១១០ពាន់លានដុល្លារអាម៉េរិក។ យោងតាមទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់លោក Mukesh Ambani ចំនួន ១១៦ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក Anant Ambani និងកញ្ញា Radhika Merchant ត្រូវបានដឹងថាមានចំណងមិត្តភាពពីកុមារភាព និងបានបន្តការសិក្សានៅសហរដ្ឋអាម៉េរិក៕
ចែករំលែកព័តមាននេះ