ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ កុម្ភៈ ពេលកំពុងនាំគ្នាប្រើឧបករណ៍លួចឆក់ត្រីដោយខុសច្បាប់ នៅក្នុងអាងអភិរក្សមួយកន្លែង ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ហើយបានបញ្ជូនទៅឲ្យមន្ត្រីជលផលចាត់ការបន្តតាមនីតិវិធី ក្រោយបញ្ចប់ការសួរនាំ ។
លោក សេង លុច អធិការស្រុកថ្មគោលបានឲ្យដឹងថា ជនប្រព្រឹត្តបទល្មើសនេសាទទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ណម យ៉ាវ ប្រុសអាយុ៥០ឆ្នាំ និងម្នាក់ទៀតឈ្មោះ មាវ ចាន់ថន ប្រុសអាយុ២៦ឆ្នាំ ពួកគេរស់នៅភូមិ ឃុំខាងលើ ។
លោកអធិការបានប្រាប់ថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាបបានពេលកំពុងនាំគ្នាប្រព្រឹត្តបទល្មើស ។ ជនសង្ស័យបានប្រើប្រាស់ឧបករណ៍«ឆក់ត្រី» នៅចំណុចអាងស្ដុកទឹកមួយកន្លែង ដែលពួកគេតែងនាំគ្នាទៅធ្វើសកម្មភាពស្ទើររាល់យប់ ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងល្មើសច្បាប់មួយចំនួនដូចជា «អាំងវិចទ័រឆក់ត្រីចំនួន០២គ្រឿង អាគុយកម្លាំង៤០អំពែចំនួន០២គ្រាប់ និងដងឈើសម្រាប់ឆក់ត្រីចំនួន០២គួរ» ។
គេមិនបានស្រង់ចម្លើយជនសង្ស័យនៅឡើយទេ ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៏ឆក់ត្រីខុសច្បាប់ខាងលើនេះ ។ ប៉ុន្តែបើតាមប្រភពពីសមត្ថកិច្ចដែរបានប្រាប់ថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះ តែងនាំគ្នាទៅលួចឆក់ត្រីពេលយប់នៅក្នុងអាងស្ដុកទឹកខាងលើ។ ហើយបើតាមសមត្ថកិច្ចថា មិនមែនមានតែជនពីរនាក់ខាងលើនេះទេ ដែលតែងនាំគ្នាទៅលួចឆក់ត្រីនៅទីនោះ គឺនៅមានជនខិលខូចជាច្រើនទៀត ដែលប្រើប្រាស់ឧបករណ៏ខុសច្បាប់ទៅប្រព្រឹត្តបទល្មើសនៅទីនោះ ។
យ៉ាងណាក្ដី បើតាមលោកសេង លុច អធិការស្រុកថ្មគោលបានប្រាប់ថា ក្រោយត្រូវឃាត់ខ្លួនមន្ត្រីជំនាញរបស់លោកបានធ្វើការសួរនាំជនសង្ស័យទាំងពីរនាក់ ដើម្បីធ្វើកំណត់ហេតុ ហើយពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យលោករៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅប្រគល់ឲ្យខាងមន្ត្រីជលផល ដើម្បីចាត់ការបន្តតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ