សិង្ហបុរីលែងខ្វល់រឿងខ្វះត្រីហូប ក្រោយអតីតវិស្វករអណ្តូងប្រេងម្នាក់ បង្កើតកសិដ្ឋានចិញ្ចឹមទំនើប
សិង្ហបុរី ៖ កសិដ្ឋានចិញ្ចឹមត្រីដែលដំណើរការដោយបច្ចេកវិទ្យាទំនើប បានអណ្តែតខ្លួនចេញពីឆ្នេរ
សិង្ហបុរី ៖ កសិដ្ឋានចិញ្ចឹមត្រីដែលដំណើរការដោយបច្ចេកវិទ្យាទំនើប បានអណ្តែតខ្លួនចេញពីឆ្នេរ
សិង្ហបុរី ៖ កសិដ្ឋានចិញ្ចឹមត្រីដែលដំណើរការដោយបច្ចេកវិទ្យាទំនើប បានអណ្តែតខ្លួនចេញពីឆ្នេរសមុទ្រសិង្ហបុរី ដើម្បីនាំយកអាហារសមុទ្រអនាម័យ ស្រស់ៗ និងសុខភាពល្អសម្រាប់ប្រជាជនសិង្ហបុរី ដែលនេះគឺជាផ្នែកនៃផែនការរបស់វិស្វករចូលនិវត្តន៍ម្នាក់ ដែលធ្លាប់សាងសង់អណ្តូងប្រេង។
សិង្ហបុរីបាននាំចូលអាហាររហូតដល់ ៩០% ប៉ុន្តែកំពុងសង្ឃឹមថា នឹងមានប្រភពក្នុងស្រុកប្រហែលមួយភាគបីនៅឆ្នាំ ២០៣០ ដើម្បីការពារពីការរំខានការផ្គត់ផ្គង់ដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងជម្លោះ។ ដូច្នេះក្រុមមន្ត្រីកំពុងគាំទ្រគម្រោង «Eco Ark» គឺជាកសិដ្ឋានចិញ្ចឹមត្រីដ៏ធំដែលរួមមានត្រី Seabass, Grouper និង Threadfin ជិត៦លានក្បាល ដែលពេញនិយមបំផុតសម្រាប់ភោជនីយដ្ឋាននៅទូទាំងប្រទេសសិង្ហបុរី។
ជាមួយនឹងកន្លែងប្រមូលផលបាន៣ម៉ឺនគីឡូក្រាមក្នុង១ខែ លោក Leow Ban Tat ស្ថាបនិកកសិដ្ឋាន Eco Ark និង Aquaculture Center of Excellence បានថ្លែងថា ការប្រមូលផលគឺច្រើនជាង២០ដងក្នុង១ហិកតា បើធៀបនឹងកសិដ្ឋានបែបប្រពៃណី។ លោក Leow ដែលធ្លាប់ជាវិស្វករសាងសង់អណ្តូងប្រេងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងអ្វីដែលយើងធ្វើ ដោយសារតែយើងជឿជាក់លើបច្ចេកវិទ្យាទំនើប»។
រចនាសម្ព័នបច្ចេកវិទ្យាទំនើបនេះ ស្ថិតនៅក្រោមគោលបំណងចម្រោះទឹកសមុទ្រតាមរយៈម៉ាស៊ីនអូហ្សូន ដើម្បីសម្លាប់មេរោគបង្កជំងឺ មុនពេលបង្ហូរទៅក្នុងអាងចិញ្ចឹមត្រីដែលមានជម្រៅ៦ម៉ែត្រ។ អាងក្លែងធ្វើតាមលក្ខខណ្ឌទឹកសមុទ្រ ដើម្បីរក្សាត្រីហែលប្រឆាំងនឹងចរន្តទឹកមានទម្ងន់ស្រាល និងមានជីវជាតិកាន់តែច្រើន ក៏ដូចជាការពារត្រីពីការគំរាមកំហែងដូចជា ជំងឺ បញ្ហាទឹកសាបទឹកប្រៃលាយគ្នា និងការកំពប់ប្រេង។
លោក Leow អាយុ៦៥ឆ្នាំបានបន្តថា ទឹកគឺស្អាតខ្លាំងណាស់ មិនដូចកសិដ្ឋានផ្សេងទៀតទេ កសិដ្ឋាន Eco Ark មិនចាំបាច់បន្ថែមថ្នាំអង់ទីប៊ីយោទិច ដែលជួយការពារត្រីពីជំងឺឡើយ។ លោកបន្ថែមថា ត្រីពេញវ័យត្រូវបានផ្តល់មឹកកកជាចំណឺ ក៏ដូចជាចំណីគ្រាប់ ហើយកូនត្រីតូចៗ ក៏ត្រូវបានផ្តល់សារធាតុប្រូបាយអូទិក ដែលជួយទាំងការរំលាយអាហារ និងមុខងារសរីរវិទ្យា ដែលជួយធ្វើឱ្យប្រសើរឡើងនូវដំណើរការលូតលាស់របស់ត្រី។ ទន្ទឹមជាមួយគ្នានោះ លោក Leow ក៏កំពុងសម្លឹងមើលកាត់បន្ថយការបំភាយឧស្ម័នពីកសិដ្ឋានចិញ្ចឹមត្រីនាពេលអនាគតផងដែរ តាមរយៈការបន្ថែមបន្ទះស្រូបពន្លឺព្រះអាទិត្យ និងសាងសង់កន្លែងភ្ញាស់មួយ បន្ទាប់ពីបានរកឃើញថា ត្រីដែលបាននាំចូលពីប្រទេសម៉ាឡេស៊ី និងអូស្ត្រាលីមានផ្ទុកជំងឺ។
ត្រីចិញ្ចឹមនៅកសិដ្ឋាន «Eco Ark» ត្រូវបានបញ្ជូនទៅភោជនីយដ្ឋាន ផ្សារទំនើប និងហាងពិសេសជាង៨០កន្លែង ដែលផ្តល់តម្លៃពិសេសសម្រាប់ពួកគេ ជាមួយនឹងការប្រមូលផលថ្មីៗ ស្រស់ៗ និងមានសុខភាពល្អ។ លោក Leow សង្ឃឹមថា នៅទីបំផុតនឹងនាំចេញមិនត្រឹមតែត្រីប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ Eco Ark អាចត្រូវបានសាងសង់នៅជិតតំបន់ឆ្នេរ ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូន និងការចំណាយ៕ (ប្រភព ៖ AFP, រូបភាព ៖ Singapore Food Agency)
ចែករំលែកព័តមាននេះ