អតីតខ្សែការពារស្តាំក្រុម Barcelona ប្រឈមជាប់ពន្ធនាគារ១២ឆ្នាំ ក្នុងដំណើរការកាត់ទោសករណីបំពា.ននារីម្នាក់
អេស្ប៉ាញ ៖ តុលាការនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានចាប់
អេស្ប៉ាញ ៖ តុលាការនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានចាប់
អេស្ប៉ាញ ៖ តុលាការនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានចាប់ផ្តើមដំណើរការកាត់ទោសលើកីឡាករ Dani Alves អតីតខ្សែការពារស្តាំរបស់ក្រុម Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល ដោយចោទប្រកាន់ពីបទរំលោ.ភផ្លូវភេ.ទលើនារីម្នាក់ នៅក្នុងក្លិបរាត្រីមួយកន្លែង។ នេះបើយោងតាមប្រភពពី BBC បានចេញផ្សាយ។
កីឡាករ Dani Alves អាយុ៤០ឆ្នាំ បានជាប់ពន្ធនាគារដោយមិនអាចធានានៅក្រៅឃុំអស់រយៈពេលជាង១ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការចោទប្រកាន់បានកើតឡើង កាលពីខែធ្នូ ឆ្នាំ ២០២២។ Alves អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសពិតប្រាកដមែន។
ដំបូងឡើយ Alves បានបដិសេធថា ខ្លួនមិនបានជួបដើមចោទនោះទេ ប៉ុន្តែក្រោយមករូបគេបាននិយាយថា ពួកគេបានរួមភេទដោយការយល់ព្រម។ ការកាត់ក្តីរបស់កីឡាកររូបនេះ នឹងបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ មនុស្សជាង៣០នាក់ រួមទាំង Dani Alves និងភរិយាដែលនៅឆ្ងាយពីគេ ត្រូវបានរំពឹងថានឹងផ្តល់សក្ខីកម្ម។
តុលាការទីក្រុងបាសេឡូណា កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ បានបដិសេធសំណើរបស់ Alves ក្នុងការផ្អាកការកាត់ក្តី ដូច្នេះរូបគេអាចទទួលបានពេលវេលាបន្ថែមទៀតដើម្បីរៀបចំខ្លួន ប៉ុន្តែសំណើត្រូវបានច្រានចោល។ ដើមចោទស្ថិតនៅក្នុងចំណោមអ្នកដែលផ្តល់ភស្តុតាងនៅថ្ងៃដំបូងនៃការកាត់ក្តី ដោយបានស្រាយបំភ្លឺតាមរយៈអេក្រង់ទូរទស្សន៍ ដើម្បីការពារអត្តសញ្ញាណរបស់នាង។ នាងបានចោទប្រកាន់ថា Alves បានល្បួងនាងចូលក្នុងបន្ទប់ទឹកនៅក្នុងផ្នែក VIP នៃក្លឹបរាត្រីមួយកន្លែង នៅក្នុងទីក្រុងបាសេឡូណា ហើយបន្ទាប់មកបានបង្ខំនាងរួមភេទតែម្តង។ បងប្អូនជីដូនមួយ និងមិត្តភ័ក្តិរបស់ដើមចោទ ដែលនៅជាមួយនាងនៅយប់កើតហេតុនោះ ក៏បានផ្តល់សក្ខីកម្មក្នុងតុលាការផងដែរ។ ហើយពួកគេក៏បាននិយាយថា ដំបូងឡើយ ស្ត្រីដើមចោទមិនព្រមប្តឹងទេ ព្រោះខ្លាចគេមិនជឿនាង។
នៅក្នុងប្រទេសអេស្ប៉ាញ ការអះអាងពីការរំលោភផ្លូវភេទ ត្រូវផ្តន្ទាទោសអាចនាំឱ្យជាប់ពន្ធនាគារចាប់ពី ៤ ទៅ ១៥ ឆ្នាំ។ រដ្ឋអាជ្ញាសាធារណៈក្នុងសំណុំរឿងនេះ កំពុងស្វែងរកការដាក់ពន្ធនាគាររយៈពេល៩ឆ្នាំសម្រាប់ Dani Alves ជាមួយនឹងសំណងលើការខូចខាតចំនួន ១៥០,០០០អឺរ៉ូ ដែលស្មើនឹង ១៦០,០០០ដុល្លារអាមេរិកដល់ស្ត្រីរងគ្រោះ។
កីឡាករ Dani Alves ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏ជោគជ័យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ ដោយធ្លាប់លេងឱ្យក្លឹបធំៗជាច្រើនរួមទាំង Barcelona, Juventus និង PSG ផងដែររ។ កីឡាកររូបនេះបង្ហាញខ្លួនសរុប ១០៣០ប្រកួតទាំងក្លិបអាជីព និងក្រុមជម្រើសជាតិ និងគ្រាប់បញ្ចូលទី៧៥គ្រាប់ ព្រមទាំងឈ្នះពានរង្វាន់ជាច្រើនរួមទាំង UEFA Champions League, La Liga, Serie A, Ligue 1 ហើយនិង Copa América ២ដង និង FIFA Confederations Cup ២ដងជាមួយសាំបាប្រេស៊ីល។ អាជីពចុងក្រោយរបស់ Alves ជាមួយក្លិប Pumas UNAM របស់ប្រទេសម៉ិកស៊ិក ដោយក្លិបមួយនេះ បានផ្តាច់កិច្ចសន្យាជាមួយកីឡាកររូបនេះ កាលពីខែមករា ឆ្នាំ ២០២៣៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ