រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមា ក្នុងឱកាសដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការ យូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារាំប៊ី សាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគិត្យ ឬ លិង្គបុរ បច្ចុប្បន្នហៅថា «កោះករ» នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរិយភាព ជាប់មិនដាច់ និងឥតរាថយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍជាតិមាតុភូមិ និងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្រោមព្រះរាជកិច្ចគាំទ្រដ៏វិសេសវិសាលបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សតី ព្រះមហាវររាជមាតាជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។
គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមអំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបី ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ឲ្យបានគង់វង្ស ស្របតាមទិសស្លោក «កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» ។
យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បូងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបូរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន សុខសន្តិភាព និងសម្បូរសប្បាយជានិច្ចនិរន្តរ៍ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ