ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​នេសាទ​បរទេស​កំពុង​ឆ្ងាញ់​នៅ​សមុទ្រ​កោះ​កុង (​មាន​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កោះកុង

ក្នុងអំឡុងពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក ប៊ុ​ន លើ​ត អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង ត្រូវ​បាន​រាជរដ្ឋាភិបាល ប្តូរផ្លាស់​ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារ

ខេត្តកោះកុង ៖ ក្នុងអំឡុងពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក ប៊ុ​ន លើ​ត អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង ត្រូវ​បាន​រាជរដ្ឋាភិបាល ប្តូរផ្លាស់​ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ភ្លាម ពេល​នោះ​លោក​ក៏​បាន​ប្រកាស​បញ្ចប់​ភារៈកិច្ច​របស់​លោក​ជា​ប្រធាន​គណៈកម្មការ បង្ក្រាប​បទល្មើស​នានា និង​ការពារ​ការ​ធ្វើ​នេសាទ នៅ​ក្នុង​ដែនសមុទ្រ​ខេត្តកោះកុង និង​តាម​បណ្តោយ​ព្រំដែន​សមុទ្រ​កម្ពុជា​-​ថៃ ចប់​ពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​នោះ រហូត​មក​។

ហេតុនេះ ធ្វើ​អោយ​ដែនសមុទ្រ​កម្ពុជា​ទាំងមូល ជា​ពិសេស​តំបន់​សមុទ្រ​ទឹក​រាក់​ខេត្តកោះកុង ក្លាយជា​តំបន់អប្បគមន៍​គ្រប់គ្រង​ដោយ​ប៉ូលិស និង​ទាហានជើងទឹក​ពេញកម្លាំង​។ សង្ស័យ​បើកដៃ​អោយ​ទូក​នេសាទ​វៀតណាម និង​ថៃ​ជា​ច្រើន​ប្រភេទ ដូច​ជា ៖ ទូក​អូស​គូ​, ទូក​ភ្លើង​, ទូក​រនាស់​ក្នុង​ល្បាប់​, ទូក​​ស្ទូច​ម៉ិ​ក​, ទូក​ឆក់ និង​ទូក​ប្រើ​ឧបករណ៍​ស្វ័យប្រវត្តិ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ចូល​មក​ធ្វើ​នេសាទ​​យ៉ាង​អនាធិបតេយ្យ ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​ប្រចាំខែ​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​យ៉ាង​ត្រជាក់​ពង​។ សព្វថ្ងៃ​ប្រៀប​ដូច​ផ្ទះ​មួយ​គ្មាន​ឆ្មា ហើយ​ត្រូវ​សត្វ​កណ្តុរ​ចូល​អុកឡុក​យ៉ាង​ដូច្នោះ​ដែរ ។

តាម​ប្រភព​ពី​ប្រជា​នេសាទ​ខ្មែរ​កោះកុង បញ្ជាក់​ថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ចាប់ពី​ពេល​មុន​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ គេ​សង្កេត​ឃើញ​ទូក​នេសាទ​វៀតណាម​ចូល​កាន់តែ​ច្រើន ជា​ពិសេស​បើ​នៅ​ពេល​យប់​វិញ មើលទៅ​ដូច​ជាទី​ក្រុង​អណ្តែត​លើ​សាគរ​អ​ញ្ចឹ​ង ធ្វើ​ឱ្យ​អ្នកនេសាទ​សមុទ្រ​ខ្មែរ​ដេក​ឈឺចាប់​គ្រប់​គ្នា​។

ប្រភព​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន បាន​រិះគន់​ថា ក្នុងអំឡុងពេល​៦​ឆ្នាំ (២០១៧-២០២៣) ក្រោយ​ពី​លោក​ប្រធាន​គណៈកម្មកា​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ ប្រកាស​ផ្អាក​សកម្មភាព​របស់​គណៈ​កម្មការ​រួច​មក គឺ​មាន​តែ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ប៉ូលិស និង​ទាហានជើងទឹក​ប៉ុណ្ណោះ ដែល​មាន​អាទិ​ភាព​គ្រប់គ្រង​លើ​លំហ​សមុទ្រ​។ ពួក​គេ​ចង់​បង្ក្រាប ឬ​បើកដៃ​បទល្មើស​ច្រើន​ប៉ុនណា ក៏​គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ដែរ រួម​ទាំង​ជំនាញ​ជលផល​សមុទ្រ​ផង បាន​ត្រឹមតែ​ដេក​ស្តាប់​សូរ​គេ​ប្រមូល​លុយ​ប្រចាំខែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា សព្វថ្ងៃ មាន​មន្ត្រី​ពាក់​ផ្កាយ​បី​២​រូប កំពុង​មាន​វាសនា​ល្អ និង​បាន​ផល​លាភ​ពីលើ​ផ្ទៃសមុទ្រ​ខ្មែរ​។ ទី​១- គឺ​លោក​ផ្កាយ​បី​មួយ​រូប ដែល​យើង​សុំ​មិន​ទាន់​ឈ្មោះ មាន​ជំនួយ​ការ​ជា​អនុប្រធាន​នាយកដ្ឋាន​៣​រូប ប្រចាំការ​នៅ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត​។ ទី​២- គឺ​លោក​ផ្កាយ​បី​យោធា​មួយ​រូប សុំ​លាក់​ឈ្មោះ​ដែរ មាន​ជំនួយការ​៣​រូប ប្រចាំការ​នៅ​កោះ​ស្តេច កោះកុង​ក្រៅ​(​អៅ​វ៉ៅ​) និង​នៅ​កោះ​យ៉ ។

តែ​ទោះជា​យ៉ាងណា តារា​ទាំង​ពីរ​ដួង​ខាងលើ ពុំ​ទាន់​លេចលឺ​ឈ្មោះ​ចូល​ក្នុង​អាល់​ប៊ុ​ម​គណៈរដ្ឋមន្ត្រី​ថ្មី ឬ​អាល់​ប៊ុ​ម​បន្តបន្ទាប់​ណាមួយ​នៅឡើយ​ទេ​។

អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​បើកដៃ​អោយ​បទល្មើស​នេសាទ​សមុទ្រ​កើនឡើង គ្មាន​ការ​ទប់ស្កាត់ និង​គ្មាន​របាយការណ៍ ទើប​ធ្វើ​អោយ​សហភាព​អឺរ៉ុប​បន្ត​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ ឬ​កាត​ក្រហម​សារ​ជា​ថ្មី​កាលពីដើម​ខែមករា ឆ្នាំ​២០២៣​នេះ និង​មិន​អនុញ្ញាតិ​អោយ​នាំ​ផល​នេសាទ​សមុទ្រ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​ឡើយ ។ ហេតុនេះ រាជរដ្ឋាភិបាល​ថ្មី ល្មម​ដល់​ពេល​កែទម្រង់​លើ​វិស័យ​មួយ​នេះ​ហើយ​។

នៅ​មាន​ជនជាតិ​យួន​២​នាក់​ប្ដី​ប្រពន្ធ រស់នៅ​កោះ​ស្ដេច ជា​អ្នក​ប្រមូល​ដុល្លារ​ពី​ទូក​នេសាទ​ល្មើស​ទាំង​ឡាយ យក​មក​បង់​ជូន​មេ​ៗ​ការពារ​សមុទ្រ​ខ្មែរ​រាប់​ឆ្នាំ​មក​ហើយ ដេក​អោប​លុយ​យ៉ាង​ត្រជាក់​ពង​… ហេ​! ហេ​!

ព័ត៌មាន​ពិស្ដារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព​បន្ត​ទៀត​៕ សហការី​+​ម៉ៅ គឹ​ម​ហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ