ខេត្តស្វាយរៀង៖ មានឈ្មួញលួចដឹកឈើសសរប្រភេទកកោះ ចំនួន ២៤ដើម និងតុក្កតា ចំនួន ១០គ្រាប់ យកមកទម្លាក់នៅក្នុងចំការកៅស៊ូ ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ចកងរាជអាវុធហត្ថស្រុករមាសហែក។ គេសង្ស័យថា ឈ្មួញបម្រុងដឹកឈើទាំងនោះ ឆ្លងដែនទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែក ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុ.ធហត្ថ ខេត្តស្វាយរៀង បានឱ្យដឹងថា កាលនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុករមាសហែក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេយកឈើមកទម្លាក់ទុក នៅក្នុងចម្ការ.កៅស៊ូ ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំ បានបញ្ជាកម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញឈើសសរមូល ប្រភេទឈើកកោះចំនួន ១៤ដើម និងតុក្តា ចំនួន ១០គ្រាប់។
លុះនៅវេលាម៉ោង ៣ និង ៣៧នាទី រសៀលថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃើញរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌-ស ពាក់ស្លាកលេខ បាត់ដំបង ៣A ១៩៤៩ ដែលបានចតនៅផ្ទះរបស់ឈ្មោះ អ៊ុក សឿន ភេទប្រុស មានចម្ងាយ ៥០០ម៉ែត្រ ពីទីកន្លែងទម្លាក់ឈើ។
ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យរថយន្តខាងលើ រកឃើញឈើសសរមូល ប្រភេទឈើកកោះចំនួន ១០ដើមបន្ថែមទៀត សរុបសរសរមូលចំនួន ២៤ដើម មានមុខកាត់ ៤០cm និង៤២cm (មុខកាត់៤តឹក ទៅ ៤តឹក ២ហ៊ុន)បណ្តោយជាង ៤ម៉ែត្រ និងតុក្កតា ១០គ្រាប់ ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តដឹកឈើ បានម្នាក់។
ប្រភពបានឲ្យដឹងថា វត្ថុតាង និងអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ប្រគល់ឲ្យ មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី។
ទាក់ទិននឹងការសង្ស័យរបស់មហាជនថា ឈ្មួញឈើបម្រុងដឹកឆ្លងដែន ទៅប្រទេសវៀតណាម តាមប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនខ្សែដែកនោះ ត្រូវបានលោកមេប៉ុស្ត៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែក បានឆ្លើយបដិសេធទាំងស្រុង ដោយលោកប្រាប់កោះសន្តិភាពថា លោកបានអនុវត្តតាមប្រកាសរបស់រាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការនាំចេញបទល្មើសព្រៃឈើទេ។ កន្លងមកគឺធ្លាប់មានអនុញ្ញាតឲ្យប្រជាពលរដ្ឋ នាំដើមឬស្សីពីងពង់ ទៅប្រទេសវៀតណាមដែរ ក៏ប៉ុន្តែបានផ្អាក និងបិទឈប់ឲ្យនាំចេញទៀតហើយ។
ទាក់ករណីនេះដែរ មិនអាចរកការបំភ្លឺពីសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក បានទេ។ តែឯកឧត្ត ខាំ ផារី ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាព នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ករណីសមត្ថកិច្ចបង្ក្រាប និងចាប់ឃាត់សសរប្រភេទឈើកកោះ ២៤ដើម និងតុកក្កតា ១០គ្រាប់នោះ នៅក្នុងដៃសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ កំពុងកសាងសំណុំរឿង តាមនីតិវិធីហើយ៕ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ