សត្វសុនខមានលក្ខណៈពិសេស១ដែលសត្វដទៃទៀតមិនអាចធ្វើដូច។ នោះគឺភាពស្មោះត្រង់ចំពោះម្ចាស់ដោយឥតងាករេ និងគ្មានពុតត្បុតសូម្បីតែបន្តិច។ នៅទូទាំងពិភពលោក, គេចាត់ទុកសត្វសុនខជាមិត្តដ៏ល្អបំផុតរបស់មនុស្ស។ តទៅនេះជាប្រវត្តិរឿងរ៉ាវរបស់សត្វសុនខឈ្មោះលីអូ (Leo) នៅប្រទេសថៃដែលបានរង់ចាំម្ចាស់របស់វាតាមចិញ្ចើមផ្លូវរយៈពេលដ៏យូរ។
សំណុំរឿងនេះត្រូវគេចែកចាយពេញបណ្ដាញសង្គម។ តាមរយៈរូបថត និងវីឌីអូឃ្លីប, គេឃើញសត្វសុនខឈ្មោះលីអូឈរនៅរង់ចាំនៅមាត់ផ្លូវ ប្រៀបបាននឹងសត្វសុនខអនាថា១ក្បាល។ ក្រោយមក, គេឃើញនារីម្នាក់ដើរកាត់ទីនោះ ហើយយកចំណីទៅឱ្យវាស៊ី។ បន្ទាប់ពីសាកសួរអ្នកដឹងរឿងនេះ, គេប្រាប់ថាសុនខឈ្មោះលីអូបានរង់ចាំនៅទីនោះអស់រយៈពេល៤ឆ្នាំ។
ស្ត្រីដែលមានសន្ដានចិត្តល្អ យកចំណីអាហារឱ្យសុនខនេះស៊ីរាល់ថ្ងៃគឺអ្នកស្រីភីននូឆាវេត (Pnnuchawet)។ អ្នកស្រីធ្លាប់ព្យាយាមយកលីអូទៅផ្ទះរបស់អ្នកស្រី បន្ទាប់ពីឃើញវាធ្លាក់ខ្លួនស្គមស្គាំង និងមានជំងឺតម្កាត់ថែមទៀត។ ប៉ុន្តែយកវាទៅនៅបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ក្រោយមក, លីអូក៏ចាកចេញពីទីនោះ និងសុខចិត្តទៅរង់ចាំម្ចាស់របស់វានៅកន្លែងដដែលវិញ។
ដូច្នេះ អ្វីដែលអ្នកស្រីអាចធ្វើបាន គឺផ្ដល់ចំណីឱ្យវាស៊ីដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អ្នកលេងបណ្ដាញសង្គមបានចែករំលែកដំណឹងនេះតៗគ្នា ដោយសង្ឃឹមថាម្ចាស់របស់វានឹងដឹងរឿងនេះ។ មិនយូរប៉ុន្មាន, គ្រួសារ១ក៏ទាក់ទងទៅអ្នកដែលបង្ហោះដំណឹងនេះ។ ពួកគេប្រាប់ថាសុនខលីអូមានមុខមាត់ដូចសុនខឈ្មោះបូនបូន (BonBon)ដែលបានបាត់កាលពី៤ឆ្នាំមុន។
ម្ចាស់ដើមរបស់សុនខលីអូឈ្មោះណយ(Noi)បាននិយាយរម្លឹកថា «កាលនោះ, ខ្លួនជិះឡានទៅលេងសាច់ញាតិ និងនាំទាំងសុនខ១ក្បាលនេះទៅជាមួយផង។ មិនដឹងថាវាហក់ចុះពីលើឡានតាំងពីអង្កាល់។ រហូតដល់ពេលបើកឡានទៅឈប់ចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ១កន្លែង ទើបពួកគេដឹងថាបាត់សុនខ។»។ ណយគិតថាបូនបូនទំនងជាលោតចុះពីលើឡានដោយសារវាមើលឃើញអ្វីមួយគួរឱ្យចាប់អារម្មណ៍។ គាត់ខំបើកឡានរកមើលតាមផ្លូវ។ ប៉ុន្តែបាត់សុនខនេះជារៀងរហូត។
គាត់គិតថាបូនបូនប្រហែលជាស្លាប់បាត់ហើយមើលទៅ។ ដល់ពេលឃើញវានៅរស់បែបនេះធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង។ ចម្លែកដែរនៅពេលឃើញម្ចាស់, វាគ្រាន់តែបក់កន្ទុយ ប៉ុន្តែមិនព្រមវិលទៅនៅជាមួយម្ចាស់ដើមវិញទេ។ បន្ទាប់ពីពិគ្រោះគ្នារួច, ណយ និងអ្នកស្រីភីននូឆាវេត ក៏សម្រេចគ្នាថាសុខចិត្តប្រគល់សុនខនេះទៅឱ្យអ្នកស្រីភីននូឆាវេតជាអ្នកថែរក្សា។ ណយនឹងទៅលេងសុនខរបស់ខ្លួនម្ដងម្កាល ព្រោះវាជាសត្វដែលធ្លាប់រស់នៅកម្សត់កម្រជាមួយគ្នាជាយូរមកហើយ។
ថ្មីៗនេះនៅប្រទេសថៃដដែល មានករណីសត្វសុនខរង់ចាំម្ចាស់វារយៈពេល២ខែមកហើយ។ គណនីហ្វេសប៊ុក១បានបង្ហោះអក្សរ និងរូបភាពដើម្បីស្វែងរកម្ចាស់សុនខ១ក្បាលនៅខេត្តឧទ័យធានី (Uthai Thani)។ សារព័ត៌មានខាវសត់ (Khaosod) បានបញ្ជូនបុគ្គលិករបស់ខ្លួនទៅកន្លែងកើតហេតុ ស្ថិតនៅផ្លូវលំនៃស្រុកឡានសាក់ (Lan Sak) ខេត្តឧទ័យធានី។ ទៅដល់ឃើញអ្នកស្រីណាំខាង (Namkhang) អាយុ៥៦ឆ្នាំ ជាម្ចាស់គណនីហ្វេសប៊ុកដែលបានផ្សព្វផ្សាយដំណឹងរកម្ចាស់សុនខ។
គេឃើញសុនខញី១ក្បាលមានចងប្រឡៅក។ វាឈរក្រឡេកមើលចុះឡើងៗ ហាក់ដូចជាកំពុងសម្លឹងរកមើលម្ចាស់របស់វាមកទទួលវាត្រឡប់ទៅផ្ទះវិញ។ រហូតមកដល់ពេលនេះ, គេគ្មានដំណឹង ឬតម្រុយសូម្បីតែបន្តិចថាម្ចាស់របស់វាជានរណា។ វានៅរក្សាភក្ដីភាពចំពោះម្ចាស់ជានិច្ច។ ទោះបីអ្នកស្រីណាំខាងយកវាទៅផ្ទះរបស់គាត់ ប៉ុន្តែវាមិនព្រមទៅតាមជាដាច់ខាត។
ដូច្នេះ អ្នកស្រីគ្មានជម្រើសផ្សេងទេ។ មានតែយកចំណីអាហារទៅឱ្យវាស៊ីដើម្បីចម្អែតក្រពះ និងបន្តជីវិតរស់នៅប្រចាំថ្ងៃ។ សុនខនេះឧស្សាហ៍រត់តាមឡានដែលបើកតាមផ្លូវ ព្រោះវាស្មានថាជាឡានរបស់ម្ចាស់វា។ រួចហើយ វាត្រឡប់ទៅកន្លែងរង់ចាំវិញ។ អ្នកស្រីណាំខាងបារម្ភថាបើបណ្ដោយបែបនេះតទៅទៀតមិនកើតទេ។ សុនខនេះអាចនឹងជួបគ្រោះថ្នាក់ចរាចរណ៍៕
ប្រភព៖ Asia One, Khaosod
https://www.asiaone.com/asia/lost-dog-waits-4-years-road-thailand-hes-reunited-owner
https://www.khaosodenglish.com/news/2023/06/06/an-abandoned-dog-has-been-waiting-for-her-owner-for-2-months/
ចែករំលែកព័តមាននេះ