មន្ត្រីអាមេរិក បានឱ្យដឹងថា ក្រុមយោធា២ក្រុមបានយល់ព្រមបទឈប់បាញ់រយៈពេល ៧២ម៉ោង ខណៈដែលទូតបរទេសនានាជាបន្តបន្ទាប់កំពុងជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសស៊ូដង់ នេះបើយោងតាម Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «បន្ទាប់ពីការចរចាដ៏តឹងតែងរយៈពេល ៤៨ម៉ោង កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានព្រមព្រៀងគ្នាក្នុងការអនុវត្តបទឈប់បាញ់ទូទាំងប្រទេសចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែមេសា ដែលមានប្រសិទ្ធភាពក្នុងរយៈពេល ៧២ម៉ោង»។
យោងតាមប្រមុខក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយដៃគូក្នុងតំបន់ អន្តរជាតិ និងផ្ទៃក្នុងរបស់ខ្លួននៅក្នុងប្រទេសស៊ូដង់ ដើម្បីបង្កើតគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យការចរចាឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែង ក៏ដូចជាសកម្មភាពមនុស្សធម៌នៅស៊ូដង់។
ការប្រយុទ្ធគ្នារវាង កងទ័ពជាតិស៊ូដង់ (SAF) និងកងអាវុធហត្ថប្រតិបត្តិការរហ័ស (RSF) បានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤២៧នាក់បានស្លាប់។
ទន្ទឹមនឹងនោះ បណ្តាប្រទេសជាបន្តបន្ទាប់ពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង កំពុងរៀបចំការជម្លៀសពលរដ្ឋ និងបុគ្គលិកការទូត ចេញពីប្រទេសស៊ូដង់ផងដែរ៕
ចែករំលែកព័តមាននេះ