ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានជំរុញអោយក្រុមហ៊ុន ដែលទទួលម៉ៅការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពន្លឿនការសាងសង់ អោយបានលឿន ពោលគឺធ្វើយ៉ាងណា អោយរួចរាល់ ទៅតាមផែនការ ដែលបានគ្រោងទុក។
ការជំរុញបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី០៦ មេសា ឆ្នាំ២០២៣ នេះ ខណៈដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះ ឲ្យបានលឿន ទៅតាមអ្វី ដែលបានគ្រោងទុក ពិសេសចំពោះកិច្ចការ ដែលនៅសេសសល់មួយចំនួន។
ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំ នៅក្នុងទីតាំងនៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណា អោយសំណង់ដ៏សំខាន់មួយនេះ បានរួចរាល់ ទៅតាមគម្រោងដែលគ្រោងទុក ពិសេសអគារ H3 ដែលជាអគារ សម្រាប់វះកាត់ និងព្យាបាលជំងឺកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺធ្វើយ៉ាងណា ឲ្យក្រសួងសុខាភិបាលរៀបចំបន្ទប់វះកាត់ និងព្យាបាលជំងឺ H3នេះ អោយបានរួចរាល់ នៅមុនការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខនេះ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅទំនប់កប់ស្រូវ ឬមហាវិថីឈ្នះឈ្នះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលី តាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ H1 ដល់ H7 ទាំងអស់ មាន ១ម៉ឺនគ្រែ និងអគារបច្ចេកទេស (T)។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S)។
សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1,T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេសអគារ T1,T2។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។
ក្នុងករណី ដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា។
អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវសាងសង់ឲ្យបានរួចរាល់ ក្នុងរយៈពេល ១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាព ពិតជាបានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ