ខេត្តតាកែវ ៖ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលទើបឡើងកាន់ដំណែងបាន៣-៤ខែ កំពុងតែបើកដៃឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរី ដែលជាភ្នំប្រវត្តិសាស្ត្រលក់រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង សឹងតែខូងផ្លូវអស់ទៅហើយ។
ក្រុមប្រជាពលរដ្ឋលើកឡើងថា ចៅហ្វាយស្រុកអង្គរបូរី លោក រស់ ប៊ុនធឿន នេះ ចូលចិត្តច្រៀងខារ៉ាអូខេណាស់ ចូលច្រៀងស្ទើរតែរាល់ថ្ងៃ ហើយប្រហែលជាឈ្មួញប៉ាវចូលច្រៀងហើយមើលទៅ ទើបបានជាឲ្យឈ្មួញកាយថ្មភ្នំបុរីលក់យ៉ាងនេះ។
ហើយសកម្មភាពកាយយកថ្មភ្នំលក់គគ្រឹកគគ្រេងរាល់ថ្ងៃនេះ លោក រស់ ប៊ុនធឿន មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយហៅទូរស័ព្ទមិនចូល។ ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ដែលជាមន្ត្រីអសមត្ថភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅរសៀលនេះដែរ ហៅទូរស័ព្ទចូល តែមិនទទួល។
បើតាមការបង្ហើបពីមន្ត្រីម្នាក់បម្រើការនៅមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ករណីឈ្មួញកាយយកថ្មលក់នៅភ្នំបូរី ស្រុកអង្គរបូរីនេះ ជំនាញបានហាមឃាត់ដែរ ក្នុងពេលកន្លងមក។
ពាក់ព័ន្ធក្នុងករណីខាងលើនេះផងដែរ មហាជនសំណូមពរទៅមន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់ខេត្ត សូមពិនិត្យមើលសកម្មភាពក្រុមឈ្មួញកាយថ្មភ្នំបូរីលក់ ដែលជាភ្នំប្រវត្តិសាស្ត្រនេះផង ជាពិសេសចៅហ្វាយស្រុកលោក រស់ ប៊ុនធឿន ហេតុអ្វីបានជាអនុញ្ញាតិឲ្យក្រុមឈ្មួញធ្វើសកម្មភាពនេះ?។
តើខ្វះថ្មតាមភ្នំនានាឬ បានជាឱ្យឈ្មួញកាយភ្នំបូរី ដែលជាភ្នំប្រវត្តិសាស្ត្រយកថ្មលក់ពាសវាលពាសកាលយ៉ាងនេះ?
បើមិនបានជួយថែរក្សាទេ សូមមេត្តាកុំបំផ្លាញ ព្រោះតែផលប្រយោជន៍?
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។
ចែករំលែកព័តមាននេះ