រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានលួចម៉ូតូសង្សាររបស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍ទៅហើយ លុះចុងក្រោយក៏ត្រូវនារីរងគ្រោះអោយយុវតីម្នាក់សម្តែងធ្វើជាណាត់ជួបគ្នានៅសួនច្បារវត្តបទុមវត្តី ទើបឃាត់ខ្លួនជនសង្ស័យបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចសួនច្បារវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា ខ្លួននិងជនសង្ស័យធ្លាប់ជាសង្សារនឹងគ្នា ហើយស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅម្តុំបែកចាន លុះថ្ងៃមួយជនសង្ស័យបានធ្វើសកម្មភាពលួចដូរសោម៉ូតូរបស់ខ្លួន ព្រមទាំងលួចម៉ូតូយកទៅបាត់ ពេលដែលខ្លួនកំពុងគេងលក់។ ក្រោយពេលភ្ញាក់ពីគេង នាងពុំឃើញម៉ូតូ និងបុរសជាសង្សារនោះទេ ទើបកើតការសង្ស័យ និងបានព្យាយាមទាក់ទងតាមទូរស័ព្ទដៃ តែជនសង្ស័យមិនព្រមលើកនោះទេ ដោយបាត់ម៉ូតូយូរពេក ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបែកចានតែម្ដង។
បើតាមសំដីរបស់ជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជាបានយកម៉ូតូខាងលើនោះមែន ដោយឆ្លៀតឱកាសពេលនាងចូលដំណេកមិនដឹងខ្លួន ក៏បានជិះចេញតែម្តង តែមិននឹកស្មានថាមកជាប់អន្ទាក់យុវតីម្នាក់ដែលបានឆាតរកគ្នា ហើយណាត់មកជួបនៅសួនវត្តបទុម ក៏ត្រូវបងប្អូនរបស់ជនរងគ្រោះ និងអ្នកនៅលេងសួន នាំគ្នាចាប់ឃាត់ខ្លួនតែម្ដង។
គួរបញ្ជាក់ថា ម៉ូតូដែលត្រូវសង្សារយកពីនារីរងគ្រោះទៅនោះ គឺម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1IW-2405 ហើយលួចបាត់តាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២មកម្ល៉េះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានសង្កាត់ចតុមុខ ឃាត់ខ្លួនយកទៅសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខជាបណ្តោះអាសន្ន ដើម្បីរង់ចាំសមត្ថកិច្ចប៉ុស្តិ៍បែកចាន មកទទួលយកទៅចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ