ក្រុងប៉ោយប៉ែត ៖ មនុស្ស២នាក់បានស្លាប់ជាបន្តបន្ទាប់នៅថ្ងៃទី៣០ មករាដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតដែលម្នាក់ស្លាប់ដោយរថយន្តដឹកដីបុក និងម្នាក់ទៀតស្លាប់ដោយជិះម៉ូតូធ្លាក់ស្នាមភ្លោះត្រង់ចំណុចផ្លូវកែងដួលបាក់ក ។
ករណីដែលស្លាប់ដោយរថយន្តដឹកដីបុកបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាចចំណុចផ្លូវបំបែកជាបួនក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គឺម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨មួយគ្រឿងបើកបរពីកើតទៅលិចត្រូវរថយន្តដឹកដីដែលបើកពីជើងទៅត្បូងខ្វែងទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យយុវជនម្នាក់ឈ្មោះផល ស៊ីណា អាយុ១៨ឆ្នាំ ជាកម្មករមានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រងរបួសធ្ងន់បាក់ដៃ បាក់ជើងទាំង២ត្រូវប៉ូលិសជំនាញក្រុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
រថយន្តបង្កហេតុម៉ាកនីស្សាន់ ពណ៌លឿង អ្នកបើកបរបានគេចខ្លួនបាត់ក្រោយកើតហេតុ ។ សពត្រូវបានឪពុកម្តាយយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្តត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកករណីបុរសម្នាក់ដែលជិះម៉ូតូធ្លាក់ស្នាមភ្លោះបាក់កស្លាប់បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះឈ្មោះធឿន ឌុក អាយុ៥១ឆ្នាំ ជាកម្មករលើកដាក់គីបខោអាវជជុះក្នុងក្រុងប៉ោយប៉ែត និងមានលំនៅក្នុងភូមិកើតហេតុខាងលើ ។
មន្ត្រីប៉ូលិសចរាចរក្រុងប្រាប់ថា ជនរងគ្រោះមុនស្លាប់បានជិះម៉ូតូត្រឡប់មកពីកន្លែងធ្វើការក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុទំនងជាបើកលឿនហើយ ស្រវឹងផងក៏ធ្លាក់ស្នាមភ្លោះដួលបាក់កស្លាប់តែម្តង ។ សពជនរងគ្រោះត្រូវក្រុមគ្រួសារ និងសាច់ញាតិយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូប៉ូលិសជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង រង់ចាំគ្រួសារមកយក ៕
ចែករំលែកព័តមាននេះ