ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង Astra Zeneca ចំនួន ៥២៣ ១០០ដូស របស់ហុងគ្រី ផ្តល់ឱ្យកម្ពុជា បានមកដល់​ភ្នំពេញហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដូចការគ្រោងទុក នៅម៉ោងប្រមាណជាង ១០យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ថ្នាំ​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ប្រភេទ…

ភ្នំពេញ៖ ដូចការគ្រោងទុក នៅម៉ោងប្រមាណជាង ១០យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ថ្នាំ​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣ ១០០ដូសទៀត ជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញ តាមយន្តហោះតួគី (TK 6266 )។  

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ​និងភារធារីស្ថានទូតហុងគ្រី ប្រចាំកម្ពុជា បាន​អញ្ជើញ​ទៅទទួលថ្នាំវ៉ាក់សាំងទាំងនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កម្មវិធីប្រគល់ និងទទួលថ្នាំវ៉ាក់សាំងទាំងនេះ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​។

សូមរម្លឹកថា ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំង និងបញ្ជាទិញវ៉ាក់សាំង មិនតិចជាង ៤០លានដូសនោះទេ។ ក្នុងនោះ ក្រៅពីបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិន​ច្រើនលានដូស ក៏មានប្រទេសជាច្រើន បានផ្តល់ជំនួយវ៉ាក់សាំង មកកម្ពុជា ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេស ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកម្ពុជា រួមមាន៖ ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ហូឡង់ ប៉ូឡូញ និងហុងគ្រី។​

គិតត្រឹមយប់ថ្ងៃទី១​៥ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង​ការពារកូវីដ១៩ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចាប់ពីអាយុ ៣ឆ្នាំឡើង សរុបចំនួន ១៤,៧៦៣ ៨២៥​នាក់។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំង ២ដូស មានចំនួន ១៣ ៨៨៦ ៨៤៥​នាក់។ អ្នកចាក់វ៉ាក់សាំង ៣ដូស មានចំនួន ៧ ៩៧៩ ៣៨៤​នាក់ និងអ្នកចាក់វ៉ាក់សាំង ដូសទី៤ មានចំនួន ១ ០៩៧ ៣១៥​នាក់។

កម្ពុជា បានប្រើប្រាស់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនប្រភេទ រួមមាន៖ Sinopharm, Sinovac, AstraZeneca (Covishield របស់ឥណ្ឌា), AstraZeneca (ជប៉ុន), AstraZeneca (អង់គ្លេស), Janssen (Johnson&Johnson), AstraZeneca (កូរ៉េ), Moderna, AstraZeneca (ហូឡង់), Pfizer និង AstraZeneca (ប៉ូឡូញ)។ ក្នុងនោះ ថ្នាំវ៉ាក់សាំង ដែលកម្ពុជាប្រើច្រើនជាងគេ គឺវ៉ាក់សាំងចិន Sinopharm និង Sinovac៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ