មកដឹងពីអត្ថន័យតុក្កតាទាំង២ជានិមិត្តរូបនៃស៊ីហ្គេម ទើបមកដល់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមការប្រកាស «និមិត្តសញ្ញា-Mascot» ដែលជានិមិត្តរូបនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមកដល់
រាជធានីភ្នំពេញ ៖ យោងតាមការប្រកាស «និមិត្តសញ្ញា-Mascot» ដែលជានិមិត្តរូបនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមកដល់
រាជធានីភ្នំពេញ ៖ យោងតាមការប្រកាស «និមិត្តសញ្ញា-Mascot» ដែលជានិមិត្តរូបនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមកដល់កម្ពុជាហើយ។ តុក្កតាដែលជានិមិត្តរូបនៃស៊ីហ្គេមនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងពិធីរាប់ថយក្រោយ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខផងដែរ ដើម្បីបង្ហាញពីការឆ្ពោះទៅមុខនៃការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។
ពិធីរាប់ថយក្រោយនេះ កំណត់យកត្រឹម៥០០ថ្ងៃ ចាប់ពីថ្ងៃកំណត់រាប់ រហូតដល់ចាប់ផ្ដើមពិធី ដោយពិធីរាប់ថយក្រោយនេះ គឺនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ហើយក៏ចាត់ទុកថាគឺជាថ្ងៃបើកសម្ពោធរូបតុក្កតា ដែលជានិមិត្តសញ្ញាស៊ីហ្គេមជាផ្លូវការផងដែរ។ តើរូបតុក្កតានេះ មានអត្ថន័យដូចម្ដេច ហេតុអ្វីទើបបានជាកម្ពុជាកំណត់យក។ ខាងក្រោមនេះ គឺជាអត្ថន័យដ៏ស៊ីជម្រៅបន្ថែមទៀត ជុំវិញរូបសញ្ញាតុក្កតាប្រុសស្រីទាំង២ ដែលកម្ពុជានឹងឃើញរូបទាំងពីរត្រូវបានបង្ហាញនៅកម្ពុជាយ៉ាងទូលំទូលាយចាប់ពីថ្ងៃបើកសម្ពោធតទៅ ដោយនឹងមានការដាក់តាំងនៅកន្លែងសំខាន់ៗផង។
រូបសត្វតំណាង Mascot៖ ជានិមិត្តរូបសុភាទន្សាយញីឈ្មោលចំនួនពីរ ដែលទន្សាយឈ្មោលមានឈ្មោះថា «បុរី» ជាតួអង្គប្រុស និង ទន្សាយញីមានឈ្មោះថា «រំដួល» ជាតួអង្គស្ត្រី។ តួអង្គប្រុស គឺដៃស្តាំកាន់ភ្លើងគប់កីឡា ហើយតួអង្គស្ត្រី សំពះស្វាគមន៍ភ្ញៀវ ដោយតួអង្គទាំងពីរបញ្ចេញទឹកមុខ និងស្នាមញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូ និងភ្ញៀវ SEA Games លើកទី៣២ ឆ្នាំ២០២៣។ នៅលើខ្លួនតួអង្គទាំងពីរ ត្រូវបានកំណត់អោយគ្រងសម្លៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ និងជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការ UNESCO ផងដែរ។
ខ្លឹមសារអត្ថន័យនៃ Mascot គឺជារូបសុភាទន្សាយតំណាងឲ្យតួអង្គសន្តិភាពនិយម ជាតួអង្គសុភាពរាបសារ ទន់ភ្លន់ បញ្ញាឈ្លាសវៃ យុត្តិធម៌គួរឲ្យស្រឡាញ់ នៃប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់ ពិសេសគុណសម្បត្តិ និងគុណតម្លៃដ៏អស្ចារ្យនៃសុភាទន្សាយបានលេចត្រដែតក្នុងរឿងនិទានខ្មែរ ដែលជាអក្សរសិល្ប៍ប្រជាប្រិយខ្មែរដ៏ល្អឥតខ្ចោះ។ ម្យ៉ាងទៀត ដោយសារតែនៅឆ្នាំ២០២៣ គឺជាឆ្នាំថោះ តំណាងអោយឆ្នាំសត្វទន្សាយ ទើបការកំណត់យកសត្វទន្សាយជាតំណាង គឺជារឿងដ៏ស័ក្តិសម។
សត្វទន្សាយនេះ ក៏តំណាងអោយភាពឆ្លាតវ័យ និង យុត្តិធម៌ នៅក្នុងរឿងនិទានខ្មែរផងដែរ។ តុក្កតាទាំងពីរនេះ ក៏បង្ហាញពីខ្លឹមសារចម្បងមួយគឺ «កីឡារស់ក្នុងសន្តិភាព» «SPORTS LIVE IN PEACE» ដែលមានអត្ថន័យស៊ីជម្រៅ ក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ។ យ៉ាងណាមិញ SEA Games លើកទី៣២ ឆ្នាំ២០២៣ កើតមានបានដោយសារកម្ពុជាមានសន្តិភាព ជាកត្តាសត្យានុម័ត។ គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ គ្មានសន្តិភាព គ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិរៀបចំប្រកួតកីឡា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មាន SEA Games នៅកម្ពុជាដូច្នេះហើយ ទើបអត្ថន័យនេះ គឺពោរពេញដោយខ្លឹមសារ៕
ចែករំលែកព័តមាននេះ