យោងតាមប្រភពគេហទំព័រអាស៊ីវ័ន ចេញផ្សាយថ្ងៃទី៥ វិច្ឆិកា បានឱ្យដឹងថា អ្នកជំនួញអចលនទ្រព្យដ៏ធំជាងគេបំផុតនៅប្រទេសវៀតណាម លោក ផាម ញ៉ាត វ៉ុង (Pham Nhat Vuong ) អាយុ៤៤ឆ្នាំ និងជាអគ្គនាយកក្រុមហ៊ុន Vingroup Joint-Stock Co., គឺជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនជាងគេបំផុតនៅប្រទេសវៀតណាម ។ ទន្ទឹមនឹងនេះ លោក និងភរិយារបស់លោកឈ្មោះ ផាម ស៊ូ ហួង (Pham Thu Huong) មានភាគហ៊ុនប្រហែល៥០ភាគរយនៅក្នុងក្រុមហ៊ុនធំៗ និងឈានមុខគេលំដាប់ទី៥នៅប្រទេសវៀតណាម ។
ប្រភពបន្តថា កាលពីមុនលោក ផាម ញ៉ាត វ៉ុង មិនមែនជាអ្នកជំនួញផ្នែកអចលនទ្រព្យទេ ។ ក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យា ល័យនៅប្រទេសរុស្ស៊ី លោកបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដែលជាកន្លែងគាត់ចាប់ផ្តើមបើកក្រុមហ៊ុនមួយឈ្មោះថា LLC Technocom ដែលផ្តោតលើការផលិតនចំណីអាហារលាយជាមួយទឹកដូចជា មីកញ្ចប់ និងម្សៅដំឡូងជាដើម។
នៅក្នុងឆ្នាំ២០០១ លោកផាម ញ៉ាត វ៉ុង បានត្រឡប់មកប្រទេសវៀតណាមវិញ ហើយបានចាប់ផ្តើមសាកល្បងធ្វើជំនួញផ្នែកអចលនទ្រព្យជាលើកដំបូង ។ ពេលនោះលោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Vinpearl Joint-Stock Co. ដោយយកលំនាំតាមក្រុមហ៊ុន Vincom Joint-Sock Co.និងបានអភិវឌ្ឍតំបន់រមណីយដ្ឋានជាច្រើនកន្លែង ។ ១ឆ្នាំក្រោយមក ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ហើយនៅឆ្នាំ២០១០ លោកផាម ញ៉ាត វ៉ុង បានលក់ក្រុមហ៊ុន Technocom ទៅឱ្យក្រុមហ៊ុន Nestle ក្នុងតម្លៃមួយដែលគេមិនប្រាប់ឱ្យដឹង ។
បើយោងតាមប្រភពស្ថានីយទូរទស្សន៍Bloomberg ឱ្យដឹងថា ក្រុមហ៊ុន Technocom ក្រោយមកអាចរកចំណូលបានចាប់ពី១០០លាន ទៅ១២២លានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃថា ប្រហែលជាអាចលក់បាន១៥០លានដុល្លារអាមេរិក ។
ដោយឡែកនៅក្នុងឆ្នាំ២០១២នេះ ក្រុមហ៊ុន Vinpeal និងក្រុមហ៊ុន Vincom ត្រូវបានច្របាច់បញ្ចូលគ្នាទៅជាក្រុមហ៊ុន Vingroup និងចាប់ផ្តើមគម្រោងសាងសង់មន្ទីរពេទ្យជាលើកដំបូងនៅកោះ Hon Tre ក្នុងខេត្តញ៉ាចាង (Nha Trang) និងបានអភិវឌ្ឍរមណីយដ្ឋាន Vinpeal Resort នៅខេត្តញ៉ាចាង ឱ្យទៅជាតំបន់ល្អប្រណីត និងជាទីក្រុងនៃឋានសួគ៌ ដោយមានកន្លែងលែងកម្សាន្ត ហាងហែលទឹក ផ្សារទំនើប ក្លឹបវាយកូនគោល និងវីឡាប្រណីតៗ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបង្កើតរមណីយដ្ឋានមួយផ្សេងទៀតនៅខេត្ត ដាណាំង (Da Nang)។ ផ្សារទំនើប Vincom Center នៅទីក្រុងហូជីមីញ ដែលទើបបង្កើតឡើងក្នុងខែនេះ និងសាងសង់មន្ទីរពេទ្យលំដាប់អភិជននៅតំបន់ពាណិជ្ជកម្ម Time City នៅទីក្រុងហាណូយ ទៀតផង ។
យោងតាមរបាយការណ៍របស់ Bloomberg ឱ្យដឹងថា ក្រុមហ៊ុនមានដីប្រហែល ១០.២០០ ហិកតា នៅទីក្រុងហាណូយ និងនៅទីក្រុងមាត់សមុទ្រនៃខេត្តញ៉ាចាង ខេត្តដាណាំង និងខេត្ត ហៃផុង (Hai Phong) ។
បច្ចុប្បន្ន មហាសេដ្ឋីវ័យក្មេងរូបនេះកំពុងដំណើរការសាងសង់គម្រោងធំៗចំនួន៨នៅតំបន់សំខាន់ៗក្នុងប្រទេសវៀតណាម ហើយក៏កំពុងសម្លឹងចខុវិស័យរបស់ខ្លួនដើម្បីវិនិយោគអចនទ្រព្យនៅបណ្តាប្រទេសក្នុងតំបន់ដូចជា សិង្ហបុរី និងហុងកុង ជាដើម ៕
ចែករំលែកព័តមាននេះ