រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ចាន់ ស្រីរ័ត្ន បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលនាងបានពិនិត្យឃើញមានផ្ទុកជំងឺកូវីដ១៩ បើទោះបីជានាងបានចាក់ថ្នាំវ៉ាក់សាំងការពារបានគ្រប់ចំនួន២ដូសក៏ដោយ។ តារារូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកទៅកន្លែងសម្រាកព្យាបាលភ្លាមៗ ក្រោយពេលដែលនាងបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានពិនិត្យសំណាករួច។
ចាន់ ស្រីរ័ត្ន បានអះអាងប្រាប់កោះសន្តិភាពតាមសាអេឡិចត្រូនិចនៅថ្ងៃទី២០ ខែមិថុនានេះថា នាងពិតជាមានផ្ទុកជំងឺកូវីដ១៩ប្រាកដមែន។ នាងបញ្ជាក់ថា មុនពេលពិនិត្យឃើញមានមេរោគកូវីដនេះនាងមានអាការៈមិនស្រួលខ្លួន ពោលគឺវាដូចជាជំងឺផ្តាសាយធម្មតា។ នាងថា បន្ទាប់ពីមានការសង្ស័យនាងក៏បានទៅពិនិត្យ ហើយក៏រកឃើញមានវិជ្ជមានកូវីដនេះតែម្តង។ នាងបញ្ជាក់ថា ក្រោយពីពិនិត្យឃើញវិជ្ជមានកូវីដ នាងក៏ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលជំងឺនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បើតាម ចាន់ ស្រីរ័ត្ន ថា រហូតមកទល់នាពេលនេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែលនាងបានមកសម្រាកព្យាបាលជំងឺមួយនេះ ខណៈពេលអការៈរបស់នាងមិនមានសភាពធ្ងន់ធ្ងរឡើយ។ នាងថា អាការៈរបស់នាងពីរថ្ងៃនេះ គឺមានស្ថានភាពដូចជំងឺផ្តាសាយធម្មតា មិនមានអ្វីគួរអោយកត់សម្គាល់នោះឡើយ។
ចាន់ ស្រីរ័ត្ន បានលើកឡើងបន្ថែមថា នាងបានទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដនេះចំនួន២ដូសរួចមកហើយ ប៉ុន្តែនាងឆ្ងល់ថា តើនាងបានឆ្លងជំងឺនេះពីអ្នកណា? ព្រោះថា នាងមិនបានចេញទៅណាផងនោះ។ នាងថា ការរកឃើញនាងមានផ្ទុកមេរោគកូវីដ១៩នាពេលនេះ គឺរកឃើញតែទៅលើនាងម្នាក់គត់ ចំណែកក្រុមគ្រួសាររបស់នាង គឺមិនមានរកឃើញចម្លងទៅម្នាក់ណានោះឡើយ៕
ចែករំលែកព័តមាននេះ