រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ផេង សុធីរ ឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន? ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្ត្រី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។
តើការព្យាបាលជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ?
ការព្យាបាលជំងឺមហារីកមាត់ស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅការព្យាបាលរួមមាន – ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ) – ការចាក់ថ្នាំគីមី – ការវះកាត់ ។
ហេតុអ្វីត្រូវការកាំរស្មីក្នុងការព្យាបាល?
– ជាវិធីសាស្ត្រដើរតួយ៉ាងសំខាន់ដែលជាលក្ខណៈស្តង់ដាក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង ៤ស.ម ឫដុំសាច់រាលដាលដល់សរីរាង្គជាប់មាត់ស្បូន)។
– ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លា.ប់ ឬបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។
– ព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative radiotherapy) ៖ ការព្យាបាលដោយកាំរស្មី បូករួមជាមួយនឹងការព្យាបាលដោយការចាក់ថ្នាំគីមី និងការស្អំដោយកាំរស្មី។
– ព្យាបាលក្នុងគោលបំណងពន្យារ ឬសម្រន់ (Palliative radiotherapy) ៖ ការព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដើម្បីពន្យាជីវិត និងគុណភាពជីវិតចុងក្រោយរបស់អ្នកជំងឺ។
ប្រភេទនៃការព្យាបាលដោយកាំរស្មីក្នុងជំងឺមហារីកមាត់ស្បូនមាន ៖
– ការបញ្ចាំងកាំរស្មី (External Beam Radiotherapy) ៖ កាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីន ដោយមានការឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀត រហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។
– ការស្អំដោយកាំរស្មី (Brachytherapy) ៖ ជាការដាក់បញ្ចូលប្រភពកាំរស្មីឲ្យជិត ឬក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗ។
លោកវេជ្ជបណ្ឌិត ផេង សុធីរ ឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតបានរំលឹកផងដែរថា សូមឲ្យប្រជាពលរដ្ឋមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី ៕
ចែករំលែកព័តមាននេះ