ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវក៏ដូចជា មន្ទីរសុខាភិបាលខេត្តនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញលិខិតជូនដំណឹងមួយស្ដីពីមន្ត្រីជំនាញសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន២៣នាក់ នៅថ្ងៃនេះ ហើយភាគច្រើននៃអ្នកផ្ទុកមេរោគកូវីដ១៩ ទាំងអស់ គឺមានទីលំនៅក្នុងស្រុកបាទី និងស្រុកសំរោង ។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ19 នៅថ្ងៃទី9 ខែឧសភា ឆ្នាំ2021នេះ បានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន23 នាក់ ។
អ្នកវិជ្ជមានជំងឺកូវីដទាំង 23 នាក់នេះ គឺជាអាជីវករកម្មករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក៏ដូចជា អ្នកពាក់ព័ន្ធនានា ។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 រដ្ឋបាលខេត្តតាកែវសូមអំពាវនាវដល់អាជីវករបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ19 នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពនៅជិតផ្ទះរៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
មន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវ តើអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំត្រូវពិនិត្យកំដៅយ៉ាងតិច2 ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់តែឯង នឹងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នាផងដែរ ត្រូវពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយអាកុល ឬសាប៊ូឱ្យបានញឹកញាប់ ជាពិសេសសូមបងប្អូនអនុវត្តដែលបានជាប់ខ្លួននៅវិធានការ៣កុំ៣ការពារ ។
លោក នុត ស៊ីណាត បានអោយដឹងទៀតថា អ្នកផ្ទុកមេរោគកូវីដ១៩ទាំង២៣នាក់ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទីមួយចំនួន និងមួយចំនួនទៀតត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ៕
ចែករំលែកព័តមាននេះ