ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ពោះទៅកាន់ការគ្រប់គ្រងស្ថានភាពរាលដាលកូវីដ១៩ តាមរយៈការបិទខ្ទប់ និងកំណត់តំបន់ក្រហម

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា នៅតែបន្តកើតមាន​ជារៀងរាល់ថ្ងៃ ចូលដល់ខ្ទង់រ​យ និង​មានទាំងអ្នកស្លាប់ជាបន្តបន្ទាប់​ ប៉ុន្តែ​រាជរដ្ឋាភិបាល អាចគ្រប់គ្រងបាន​ តាមរយៈ​ការបើក​​ឡើងវិញ​នូវការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ…

ភ្នំពេញ៖ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា នៅតែបន្តកើតមាន​ជារៀងរាល់ថ្ងៃ ចូលដល់ខ្ទង់រ​យ និង​មានទាំងអ្នកស្លាប់ជាបន្តបន្ទាប់​ ប៉ុន្តែ​រាជរដ្ឋាភិបាល អាចគ្រប់គ្រងបាន​ តាមរយៈ​ការបើក​​ឡើងវិញ​នូវការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ និងចុងក្រោយ រហូតដល់បើកការធ្វើដំណើរ​ចេញចូល​រាជធានី​ភ្នំពេញថែមទៀតផង។

ក្រសួងសុខាភិ​បាល បានប្រកាស​​ពី​ករណីឆ្លងជំងឺកូវីដ១៩​ថ្មី នៅទូទាំងប្រទេស មាន​ចំនួន ៥២០នាក់ ជាសះស្បើយថ្មី ៣០១នាក់ និង​ស្លាប់ថ្មី ៦នាក់ កាលពីថ្ងៃទី៨ ខែឧសភា​។ បើគិតជាសរុបករណីឆ្លងកូវីដ១៩ នៅកម្ពុជា មកដល់ថ្ងៃទី៩ឧសភា​ មានចំនួន​ ១៩២៣៧នាក់ ជាសះស្បើយ ៧៦៤១នាក់​ និង​ស្លាប់សរុប ១២០នាក់។​

ករណីជំងឺកូវីដ១៩ គឺ​​នៅភ្នំពេញ ឆ្លងច្រើនជាងគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះខ្ទង់ ជាង ៤០០នាក់ និងជាង ៥០០​នាក់ ក្នុង ១ថ្ងៃៗ​។ ប៉ុន្តែ​នៅថ្ងៃទី៨ឧសភា នៅភ្នំពេញ បានធ្លាក់ចុះពាក់កណ្តាលបើធៀបថ្ងៃ៧ឧសភា មកនៅត្រឹមជាង ២០០នាក់។​ រីឯ​នៅបណ្តា​ខេត្តផ្សេងទៀត ដូចជា នៅខេត្តព្រះសីហនុ នៅខេត្តកណ្តាល និងនៅខេត្ត​បន្ទាយមានជ័យ ជាដើម ក៏មានអ្នកឆ្លងមិនតិចនាក់ទេ ក្នុង ១ថ្ងៃ​ៗ​។ យើងមិនមានតួលេខ​ច្បាស់​តាម​បណ្តារាជធានីខេត្ត នារយៈពេលចុងក្រោយនេះ ដោយសារតែក្រសួង​សុខាភិបាល លែង​ចេញផ្សាយ​ចំនួន​អ្នកឆ្លង​តាមខេត្តរាជធានី ដូចមុនៗទៀត គឺផ្សាយសរុបអ្នកឆ្លង អ្នកជា និងអ្នកស្លាប់យករួម​តែម្តង​។

យ៉ាងណាក៏ដោយចុះ មិនថា នៅភ្នំពេញ និង​នៅខេត្តព្រះសីហនុ ក៏ដូចជា​នៅ​តាមបណ្តាខេត្តនានាឡើយ ទោះបីជា​រកឃើញ​អ្នកឆ្លងកូវីដ១៩ ជារៀងរាល់ថ្ងៃ​​ក៏ពិតមែន ប៉ុន្តែ​រាជរដ្ឋាភិបាល រួមទាំងអាជ្ញាធររាជធានីខេត្ត និងក្រសួងសុខាភិបាល ហាក់ដូចជា​អាច​បានគ្រប់គ្រងបានហើយ លើ​ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍​​ ដែលបានអូសបន្លាយ​ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ​។ នោះគឺ​ការកំណត់​បាន​នូវ​មុខ​សញ្ញាអ្នកឆ្លងកូវីដ១៩ តាមរយៈ​ការកំណត់​តំបន់​បិទខ្ទប់ មានតំបន់​ក្រហម និងតំបន់លឿងទុំ​ រួមទាំង​វិធានការតាមខេត្ត បិទខ្ទប់​ភូមិ​ និងតំបន់​ជាច្រើនទៀត ដែល​មានការឆ្លងរាលដាល​ជំងឺកូវីដ១៩។​

និយាយតែ​នៅភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើនជាងគេ​ គឺរាជរដ្ឋាភិបាល ក៏ដូចជា​ អាជ្ញាធររាជធានីភ្នំពេញ បាន​សម្រេចបើកក្រុងឡើងវិញ កាលពីថ្ងៃទី៦ឧសភា បន្ទាប់ពីបិទខ្ទប់​អស់រយៈពេល ៣សប្តាហ៍​។ ការសម្រេចចិត្ត​​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើដំណើរ​ចេញចូល​រាជធានីភ្នំពេញវិញបានដោយសេរីនេះ ក៏ដោយសារតែ​រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានកំណត់​បែងចែក​រួចហើយនូវ​កន្លែង ដែល​មានអ្នកឆ្លងរាលដាល​ជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងមធ្យម តាមរយៈការបែងចែកកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ នេះឯ​ង។​

របាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្នុងចំណោម​អ្នកឆ្លង​ជំងឺកូវីដ១៩ ថ្មីៗ ដែលទើបរកឃើញ គឺ​ស្ទើរតែទាំងអស់ ជាអ្នករស់នៅ​ក្នុងតំបន់​ក្រហម និងតំបន់លឿងទុំ​ នោះឯង​។ ក្រៅពីនោះទៀត ក៏មានដែរ ករណីឆ្លងថ្មី លើ​ប្រជាពលរដ្ឋ នៅ​ក្រៅតំបន់ក្រហម ឬតំបន់លឿងទុំ នៅភ្នំពេញ តែ​មិនមានច្រើននាក់ ដូចកាលពីមុនទេ​។

នៅខេត្តព្រះសីហនុ និងបណ្តាខេត្តដទៃទៀត ក៏​មិនខុសគ្នានឹងភ្នំពេញប៉ុន្មានឡើយ​។ ខេត្តព្រះសីហនុ បានកំណត់​តំបន់ក្រហម ដែលត្រូវបិទខ្ទប់ មិន​ឲ្យធ្វើដំណើរ​ចេញចូល ដោយសារតែ​តំបន់​នោះ មានអ្នកឆ្លងជំងឺកូវីដ១៩​។ ម្យ៉ាងទៀត បើទោះបី​ជា​នៅខេត្តព្រះសីហនុ បន្តរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ រហូតដល់ឆ្លង​ចូលដល់ក្នុងពន្ធនាគារ តែក៏ស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ហាមឃាត់ មិន​ឲ្យមានការធ្វើដំណើរ​ចេញចូល​នោះឡើយ​។

ដោយឡែក នៅតាមបណ្តាខេត្តនានា អំឡុងពេលចុងក្រោយនេះ ពិសេសនៅពេល​ភ្នំពេញ បើកឡើងវិញ ក៏មានអត្រា​អ្នកឆ្លងកូវីដ កើនឡើង​តាមបណ្តាខេត្ត​មួយចំនួន ដូចជា នៅកំពង់ចាម កំពង់ធំ កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ ជាដើម។​ ប៉ុន្តែ​ការឆ្លើយតបភ្លាមៗ ពីបណ្តាខេត្តទាំងនោះ ក៏ត្រូវបានធ្វើឡើង តាមរយៈការធ្វើតេស្តលើអ្នកពាក់ព័ន្ធ និងការធ្វើចត្តាឡីស័ក​ រួមទាំង​ការបិទខ្ទប់​កន្លែងប៉ះពាល់ និង​ការបិទភូមិ​ ដែលរកឃើញអ្នកឆ្លងកូវីដ១៩ ផងដែរ​។

ការបន្តបិទខ្ទប់​តំបន់​មួយចំនួន គឺប៉ះពាល់ច្រើនដល់​ការរស់នៅ និងជីវភាពរបស់បងប្អូន​ប្រជាពលរដ្ឋ តែរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរាជធានី មិនមានជម្រើសអ្វី ក្រៅតែពី​អនុវត្តវិធានការនេះ ដើម្បីកាត់ផ្តាច់​ការឆ្លងរាលដាលជំងឺកូវីដ១៩ តទៅទៀត។ ជាក់ស្តែង អំឡុង​ពេលបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល​ ៣សប្តាហ៍កន្លងមក រាប់ចាប់តាំងពី​ថ្ងៃទី១៥មេសា គឺ​ពិតជាបានកាត់ផ្តាច់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ ចេញពីភ្នំពេញ ទៅ​តាមបណ្តាខេត្តនានា​។

ក្រៅពីនោះទៀត នៅភ្នំពេញ ក៏បាន​រកឃើញតំបន់ឆ្លងរាលដាលកូវីដ១៩ ដែលកើតឡើង ភាគច្រើន​​លើក​ម្មករកាត់ដេរ និង​អ្នកផ្សារ​។ ពេលនេះទៀត តំបន់​ឆ្លងរាលដាលទាំងនោះ ក៏ត្រូវបាន​បង្រួម​កាត់តែតូចជាងមុន។​

ការបន្តធ្វើតេស្ត​រកអ្នកឆ្លងកូវីដ១៩ នៅតំបន់ក្រហម ក៏ត្រូវបានធ្វើ​ជារៀងរាល់ថ្ងៃ ទន្ទឹមនឹង​យុទ្ធនាការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម​ នៅភ្នំពេញ ក៏ត្រូវបានធ្វើឡើង។ រីឯ​អ្នករស់នៅភ្នំពេញ មិនថា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងទេ ក៏បានបន្ត​អនុវត្តវិធានសុខាភិបាល ៣ការពារ និង៣កុំ​ ជាប់និច្ច ពិសេស​ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាព​ពីម្នាក់ទៅម្នាក់យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ជាដើម។​

ជាសរុបមក ពេលនេះ ទោះជាបើកភ្នំពេញឡើង​វិញ និង​ការលក់ដូរ​មួយចំនួន បានដំណើរការឡើងវិញ  ក៏ប្រជាពលរដ្ឋរស់នៅភ្នំពេញ និងនៅតាមបណ្តាខេត្ត​នានា​ គួរតែ​បន្ត​នៅផ្ទះ​ ហើយ​អនុវត្ត​វិធានសុខាភិបាល​យ៉ាងខ្ជាប់ខ្ជួន​ ដើម្បី​ការពារ កុំ​ឲ្យឆ្លងជំងឺកូវីដ១៩​។ ក្នុងនោះ ក៏គួរតែកុំទាន់​ធ្វើដំណើរ​ឆ្លងខេត្ត ឬក៏​ចេញចូលរាជធានីភ្នំពេញ បើពុំចាំបាច់​។ សូម​រង់ចាំមួយសប្តា​ហ៍ទៀត ​ទម្រាំ​ស្ថានភាព​កូវីដ១៩ បានស្រាកស្រាន្តជាងនេះ​ ព្រោះថា គេខ្លាចបំផុត​ គឺការឆ្លង​ចូល​ក្នុង​រោងចក្រកាត់ដេរ ឆ្លងតាមផ្សារ ឆ្លងចូលកាស៊ីណូ​ រួមទាំង​ការឆ្លងចូលពន្ធនាគារ ជាដើម។​

 ប៉ុន្តែ​ក្តីបារម្ភពីការឆ្លងទាំងប៉ុន្មាន​​នេះ គឺ​បានកើតឡើង​អស់ហើយ។ ​កម្ពុជាយើង ក៏បានគ្រប់​គ្រង​ស្ថានការណ៍​ឆ្លង​ទាំងនេះ​បានទាន់ពេលវេលាដែរ​។

បើសិនជាមិនមានការឆ្លងរាលដាលដល់កន្លែងថ្មីទេ វានឹងមានន័យថា ករណីឆ្លងជំងឺកូវីដ១៩ នឹងបន្តថយចុះ នៅពេលដែលកាត់ផ្តាច់ការឆ្លង តាមរយៈការ​ខ្ទប់បិទតំបន់ ដែលមានការឆ្លង​ច្រើន។

ទោះបីជាយ៉ាងក៏ដោយចុះ ការរស់នៅ ត្រូវតែប្រកាន់ខ្ជាប់គោលការណ៍បីកុំ និងបីការពារ ហើយត្រួវតែចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា បើសិនជាចង់ចៀសវាងការផ្ទុះជាថ្មី​នៃការឆ្លងងរាលដាលកូវីដ១៩៕