ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបានចេញសេចក្តីសម្រេចមួយដោយធ្វើការបិទមិនអោយដំណើរការជាបណ្តោះអាសន្នចំពោះរោងចក្រចំនួន៤ ដែលមានទីតាំង នៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវបានឲ្យដឹងថា អាជ្ញាធខេត្តបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន ៖ ទី១ ក្រុមហ៊ុន ភីវី អ៊ុនដាសស្ទ្រី ខេមបូឌា មានកម្មករកម្មការិនី សរុបចំនួន ៧៦៤ នាក់ ក្នុងនោះស្រី៥៣៣នាក់ ទី២ ក្រុមហ៊ុនហួរ លីមី ខេមបូឌា មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់ ។ ទី៣ ក្រុមហ៊ុនលូន វៃ ថេកស្តាយ មានកម្មករកម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះស្រី០៨នាក់ ។ ទី៤ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង មានកម្មករកម្មការិនី សរុបចំនួន ២៧៨នាក់ ក្នុងនោះស្រី១៩៥ នាក់ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។
លោកប្រធានមន្ទីរការងារ និងបណ្ដុះបណញដាលវិជ្ជាជីវៈខេត្តតាកែវបានបន្តថា ចំពោះនិយោជក និយោជិត និងកម្មករកម្មការិនីទាំង៤ក្រុមហ៊ុន ត្រូវសហការចូលរួមផ្តល់សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាលដែល និងទៅយកសំណាកដល់រោងចក្រផ្ទាល់តែម្ដង ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ ។
លោក ម៉ឹង វីរីយ៉ា បានបញ្ជាក់ថា និយោជក និយោជិត និងកម្មករ កម្មការិនីនៃក្រុមហ៊ុនទាំង៤ បន្ទាប់ពីបានយកសំណាករួចត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ដោយឡែកចំពោះរោងចក្រទាំង៤នេះ អាចនិងត្រូវផ្អាកដំណើរការចំនួន១៤ថ្ងៃ ទើបអាចចូលធ្វើការងារជាធម្មតាវិញ ៕
ចែករំលែកព័តមាននេះ