ជប៉ុន ៖ បុរសម្នាក់រងពិន័យគិតជាប្រាក់៩ពាន់យ៉េនស្មើនឹង៨០ដុល្លារអាមេរិកពាក់ព័ន្ធនឹងការបំពានតាមប្រព័ន្ធអ៊ីនធឺណេតរួមចំណែកប្រមាថ និងញ៉ុះញ៉ង់ទៅលើអ្នកកីឡាកាសស្រី និងជាតារាសម្តែងជនជាតិជប៉ុនម្នាក់ ដែលបានធ្វើអត្តឃា.តកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីរដ្ឋអាជ្ញាកាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាក្រុងតូក្យូបានប្រាប់ទីភ្នាក់ងារសារព៍ត៌មាន AFP ថា ពួកគេបានធ្វើការចោទប្រកាន់សង្ខេបប្រឆាំងទៅនឹងបុរសម្នាក់មានអាយុ២០ឆ្នាំ បន្ទាប់ពីមរណភាពរបស់តារាស្រី Hana Kimura ដែលជាអ្នកកីឡាកាសអាជីព និងជាសមាជិកនៃកម្មវិធីទូរទស្សន៍ដ៏ពេញនិយមអន្តរជាតិ Netflix ។
ប៉ូលីសបានបញ្ជូនបុរសដែលមិនត្រូវបានបញ្ចេញឈ្មោះខាងលើ ទៅកាន់ព្រះរាជអាជ្ញាកាលពីខែធ្នូដោយនិយាយថា ជនសង្ស័យរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ជនរងគ្រោះយ៉ាងដូច្នេះថា «អ្នកមានបុគ្គលិកលក្ខណៈអាក្រក់បែបនេះ តើជីវិតរបស់អ្នកមានតម្លៃដែរឬទេ? ហើយតើអ្នកនឹងត្រូវស្លា.ប់នៅពេលណា?»។
បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យមានការជេរប្រមាថជាសាធារណៈ ប៉ុន្តែមិនប្រឈមនឹងការកាត់ក្តីក្រោមបទចោទប្រកាន់ដូចជាករណីទូទៅ នៃបទឧក្រិដ្ឋនៅក្នុងប្រទេសជប៉ុននោះទេ។
សូមរំលឹកថា Hana Kimura គឺជាអ្នកកីឡាកាសអាជីពមានសក់ពណ៌ផ្កាឈូក និងជាតួសម្តែងរឿងភាគជប៉ុនដ៏ល្បីល្បាញក្នុង Netflix ឈ្មោះថា Terrace House ត្រូវបានរាយការណ៍ថា បានបញ្ចប់ជីវិតខ្លួនឯងត្រឹមវ័យ២២ឆ្នាំក្នុងផ្ទះរបស់នាង ក្រោយការបង្ហោះសារប្លែកៗ បន្ទាប់ពីនាងត្រូវបានគេរាយការណ៍ថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរក្រោយទទួលបានសារសម្លុតគំរា.មជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណេត៕
ចែករំលែកព័តមាននេះ