រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឯង ចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឆែកឆេររកឃើញមានថ្នាំញៀ.នក្នុងខ្លួនពួកគេ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើនោះ ម្នាក់ឈ្មោះ សឹម វិច្ឆិកា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ពេញ សេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំង២មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នាយប៉ុស្តិ៍នគរបាលព្រែកឯង លោកវរសេនីយ៍ត្រី ពៅ ពិសី បានប្រាប់អោយដឹងថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺបន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍បានចេញកម្លាំងល្បាតពួនស្ទាក់នៅក្នុងភូមិសាស្ត្រ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈល្បាតមកដល់ត្រង់ចំណុចដីឡូតិ៍ទុកចោលខាងលើ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ដោយមើលទៅគួរអោយមានការសង្ស័យ ទើបសមត្ថកិច្ចសុំធ្វើការឆែកឆេរ ក៏រកឃើញមានថ្នាំញៀ.នប្រភេទម្សៅក្រាមពណ៌សថ្លា ជាប់ក្នុងខ្លួនរបស់ពួកគេ ក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង ។
ក្នុងការឃាត់ខ្លួនពួកគេទាំង២នាក់ខាងលើ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀ.នក្រាមសថ្លា ហៅម៉ាទឹកកកចំនួន២០កញ្ចប់ (១៩កញ្ចប់តូច និង១កញ្ចប់ធំល្មម), ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-3078 និងទូរស័ព្ទដៃ១គ្រឿងផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ