រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈស្ត្រីម្នាក់បានបាត់ប្តីយូរថ្ងៃពេក ក៏បានឆែកមើលប្រព័ន្ធ GPS ដែលជាប់នឹងរថយន្ត ស្រាប់តែឃើញប្តីនៅក្នុងផ្ទះសំណាក់ជាមួយស្រីស្នេហ៍ រួចក៏នាំបងប្អូនតាំងពីក្រុងសិរីសោភ័ណ្ឌ មកស្រែកឡូឡាមុខផ្ទះសំណាក់ផ្អើលអស់សមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង1និង15នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវកែវចិន្តា នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមប្រភពពីស្ត្រីជាប្រពន្ធមានឈ្មោះ ស្រេន អាស៊ីម៉ាស់ អាយុ37ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់គ្រឿងក្រអូបនៅផ្សារអគ្គ ក្រុងប៉ោយប៉ែត ស្នាក់នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា គាត់នឹងបុរសជាប្តីដែលជាខ្មែរអ៊ីស្លាមដូចគ្នាបានរៀបការជាមួយគ្នារយៈពេល១៨ឆ្នាំមកហើយ បង្កើតបានកូន៤នាក់ជាចំណងដៃ ។
ស្ត្រីជាប្រពន្ធបន្តថា ការរស់នៅជាមួយគ្នាមួយរយៈចុងក្រោយ ប្រមាណជា២ឆ្នាំកន្លងមកនេះ ប្តីរបស់គាត់ហាក់មានការប្រែប្រួលខុសប្លែកធ្វើឲ្យគាត់តាមដានដឹងថា លួចទាក់ទងស្រីថ្មីដែលជាជនជាតិខ្មែរអ៊ីស្លាមដូចគ្នា ហើយគាត់ក៏បានលួងលោមប្តីខ្លួនឲ្យឈប់ទាក់ទងជាមួយស្រីថ្មីទៀត រួចគាត់ក៏លើកលែងទោសឲ្យ ស្រាប់តែនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ គាត់ក៏បានប្រាប់ប្តីរបស់គាត់ថា «ទៅលេងផ្ទះម្តាយ២ទៅ៣ថ្ងៃ» មានអីប្តីរបស់គាត់ក៏លួចយកស្រីថ្មីមកជួលផ្ទះឱ្យ និងលួចលាក់នៅជាមួយគ្នា រហូតគាត់តាមដានជាបន្ត រួចក៏បានលួចដាក់ប្រព័ន្ធ GPS នៅនឹងរថយន្តរបស់ប្តីគាត់ម៉ាក CRV ពណ៌ព្រីងទុំ ពាក់ស្លាកលេខបន្ទាយមានជ័យ2C0157 ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងបន្តថា ប្តីប្រពន្ធគាត់ក៏ធ្លាប់បានប្តឹងលែងលះនៅក្រុងសិរីសោភ័ណ្ឌរួចហើយ ប៉ុន្តែការលែងលះមិនទាន់ដាច់ស្រេចនៅឡើយទេ ។
ប្រភពដដែលបន្តទៀតថា លុះពេលកន្លងមកថ្មីៗនេះ ក៏ស្រាប់តែបាត់ប្តីពីផ្ទះជាច្រើនថ្ងៃ ទូរស័ព្ទក៏មិនចូលទៀត មិនដឹងថា ប្តីទៅណានោះទេ គាត់ក៏បានឆែកមើលប្រព័ន្ធ GPS នៅជាប់រថយន្ត ក៏ឃើញប្តីខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងនៅលើផ្លូវកែវចិន្តា ក្បែរនឹងរង្វង់មូលព្រហ្មមុខបួន បន្ទប់លេខ31 ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបរូបគាត់បានហៅបងប្អូនជិះរថយន្តពីខេត្តបន្ទាយមានជ័យឡើងមកភ្នំពេញ លុះមកដល់មុខផ្ទះសំណាក់ក៏ បានស្រែកឡូឡាផ្អើលពេញផ្ទះសំណាក់ និងបានប្តឹងកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ មកធ្វើការឃាត់បុរសជាប្តី និងស្រីស្នេហ៍ថ្មីយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារ ដើម្បីធ្វើការសួរនាំ ។
ចំណែកបុរសជាប្តីបាននិយាយថា មូលហេតុដែល គាត់លួចមានស្រីថ្មី គឺមកពីប្រពន្ធរបស់គាត់ជាមួយនឹងបងថ្លៃដែលរកស៊ីចូលហ៊ុនគ្នាបើកក្រុមហ៊ុនលក់គ្រឿងក្រអូបនោះ បានលួចកេងលុយរបស់គាត់ជាង៨ម៉ឺនដុល្លារ ហើយប្រពន្ធបានចាកចេញពីគាត់ជាង៦ខែធ្វើឱ្យគាត់រស់នៅតែម្នាក់ឯង គាត់ក៏បានហៅប្រពន្ធមកវិញដើម្បីឱ្យមករស់នៅជាមួយគាត់ ប៉ុន្តែប្រពន្ធមិនព្រមមកនោះទេ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅក្រុងសិរីសោភ័ណ្ឌ ដោះស្រាយបន្តទៀត ៕
ចែករំលែកព័តមាននេះ