រាជធានីភ្នំពេញ៖ ប្រហែលចំណាយមិនយូរប៉ុន្មានទៀតនោះទេកម្ពុជានឹងដាក់ឱ្យប្រើប្រាស់នូវច្បាប់វិនិយោគថ្មីដែលមានចរិតលក្ខណៈលើកទឹកចិត្ត និងសម្រួលដល់អ្នកវិនិយោគកាន់តែប្រសើរដល់អ្នកវិនិយោគិន។ ច្បាប់ថ្មីទោះបីកំពុងស្ថិតក្នុងដំណើររៀបចំក៏ដោយ តែមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា វានឹងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរថែមនៅកម្ពុជា ខណៈអ្នកដែលធ្លាប់ធ្វើការជាមួយអ្នកវិនិយោគថាច្បាប់ថ្មីនេះអាចធ្វើឱ្យកម្ពុជាមានលក្ខណៈសម្បត្តិកាន់តែល្អជាងប្រទេសមួយចំនួនក្នុងតំបន់។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករានេះថា « ការរៀបចំច្បាប់វាជារឿងមួយល្អសម្រាប់ការទាក់ទាញអ្នកវិនិយោគ ព្រោះនៅក្នុងប្រទេសជាច្រើន ដូចជា វៀតណាម គេមានលក្ខណៈតឹងតែង តែនៅ
កម្ពុជាមានលក្ខណៈសម្រួលច្រើន។ ឥលូវច្បាប់ថ្មីបើសិនសម្រួលដល់ជនបរទេសអាចដាក់បញ្ចូលភាគហ៊ុនបានកាន់តែច្រើនថែមទៀត ខ្ញុំគិតថាវានឹងមានការទាក់ទាញ ដោយសារអ្នកវិនិយោគភាគច្រើនគេចង់បានចំណែកនៃប្រាក់ចំណេញទៅតាមដើមទុនជាក់ស្តែងរបស់ពួកគេ»។
បើយោងតាមលោក អាត់ ធន់ « ច្បាប់វិនិយោគចាស់វាមិនជាអាក្រក់នោះទេ តែបើមើលទៅប្រទេសមួយចំនួននៅលើពិភពលោក តួយ៉ាងនៅប្រទេសវៀតណាមជនបរទេសមិនឱ្យមានភាគហ៊ុន៥០% តែនៅខ្មែរយើងអាចមានដល់១០០% ហើយបើនៅពេលខាងមុខនេះ បើច្បាប់ថ្មីជួយសម្រួលបានល្អជាងនេះបន្ថែមទៀត មានន័យថាអ្នកវិនិយោគកាន់តែចង់ធ្វើ
ការវិនិយោគនៅកម្ពុជា»។ លោកបានបន្តថា លោកមានការយល់ឃើញថា ច្បាប់វិនិយោគថ្មីដែលកំពុងដំណើរការរៀបចំសព្វថ្ងៃនេះ អាចទាក់ទាញនៅក្នុងផ្នែកសាងសង់ ផ្នែកបដិសណ្ឋារកិច្ច និងផ្នែកសិកម្ម ជាដើម។
ពាក់ព័ន្ធនិងច្បាប់វិនិយោគថ្មីនេះផងដែរ បើយោងតាមមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាបលើកឡើងកាលពីថ្ងៃទី២៧ ខែមករាកន្លងមកនេះថា ច្បាប់វិនិយោគមកដល់ពេលនេះយើងបានបញ្ចប់ទាំងស្រុង ហើយប្រហែលជានៅដើមខែកុម្ភៈដ៏ខ្លីខាងមុខនេះនឹងមានការពិភាក្សានៅក្នុងគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ។ បន្ទាប់ពីពេលនេះទៅយើងនិងដាក់ចូលទៅគណៈរដ្ឋមន្ត្រី ចេញពីគណៈរដ្ឋមន្ត្រីនិងទៅសភា ដូចនេះបើសិនដំណើរការទៅដោយរលូន ប្រហែលនៅខែមេសា ច្បាប់នេះនឹងទៅដល់រដ្ឋសភា ជាតិដែលអាចអនុម័តដោយសភានិងព្រឹត្តិសភា ហើយនឹងអាចដាក់ឱ្យប្រើប្រាស់ឆាប់ៗតែម្តង ។
តាមមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចដដែលបានលើកជាសំនួរផងដែរថា « តើច្បាប់ថ្មីនេះខុសពីឆ្នាំចាស់យ៉ាងម៉េច? ច្បាប់ថ្មីនេះយើងបាន កែអ្វីដែលអ្នកវិយោគិន ពីមុនគាត់ឈឺក្បាល។ អីចឹងយើងកែចំណុចដែលគាត់ឈឺក្បាលពីមុនមកនៅក្នុងច្បាប់ថ្មីនេះ។ ឧទាហរណ៍នៅក្នុងច្បាប់ចាស់ កាលណាអ្នកវិនិយោគសុំគម្រោងអ្វីមួយ ជូនកាលយើងឱ្យតែមួយផ្នែក តួ យ៉ាងបើគាត់សាងសង់អូតែលផ្កាយ៥ យើងជូនដល់គាត់សម្រាប់វិនិយោគពិសេសនេះតែទៅលើអគារ ឬផ្នែកណាមួយទេ មិនបានទាំងមូលនោះទេ ។ ប៉ុន្តែច្បាប់ថ្មីនេះបើគាត់វិនិយោគជាអូតែលផ្កាយ៤ ឬផ្កាយ៥ យើងជូនគាត់ទាំងអគារ ម៉ាស៊ីនត្រជាក់ ពួក ដែលមាននៅក្នុងគម្រោងរបស់គាត់។ មួយទៀត ពាក់ព័ន្ធនឹងពន្ធ ឬអាករពិសេសមួយចំនួនក្នុងច្បាប់ចាស់ គឺគាត់ត្រូវនៅបង់ទាក់ទងនិងសម្ភារៈខ្លះដែលគាត់នាំចូលសម្រាប់ប្រើប្រាស់នៅក្នុងផលិតកម្មនេះ តែនៅក្នុងឆ្នាំថ្មីនេះយើងបានចែងមិនឱ្យគាត់បង់ទេ»។
លោកបានបន្តថា ច្បាប់ថ្មីនេះនៅពេលបច្ចុប្បន្នយើងគិតអំពីការជំរុញការវិនិយោគរបស់យើងឱ្យមានភាពកាន់តែប្រសើរឡើងជាងមុន ទាំងធនធានមនុស្សនិងបច្ចេកទេស។ យើងក្រឡេកទៅមើលវិស័យកាត់ដេររបស់យើងមានរយៈពេល១០ទៅ២០ឆ្នាំមកហើយ វានៅតែមានកម្រិតទាប។ តើយើងត្រូវជំរុញបែបយ៉ាងម៉េច តែនៅក្នុងច្បាប់ថ្មីនេះថា បើសិនជាគាត់ធ្វើការបណ្តុះបណ្តាលទាំងធនធានមនុស្ស និងទិញម៉ាស៊ីថ្មីមក យើងនឹងជូនគាត់ការលើកទឹកចិត្តត្រលប់ទៅវិញខ្លះដើម្បីឱ្យពួកគាត់មានការប្រឹងប្រែង។
បើតាមមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ដូច្នេះថា « បើសិនច្បាប់ថ្មីចេញទៅខ្ញុំគិតថាវាអាចធ្វើឱ្យបរិយាកាសវិនិយោគរបស់យើងរឹតតែល្អប្រសើរ ហើយទន្ទឹមនឹងនេះ នៅពេលយើងមានការកែលម្អ និងកាត់បន្ថយការចំណាយបន្ថែមខ្លះទៀត នោះវានឹងធ្វើឱ្យការវិនិយោគដែលមាននៅកម្ពុជា មានភាពទាក់ទាញ់កាន់តែខ្លាំង»៕
ចែករំលែកព័តមាននេះ