រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាបែកថ្នាំ បានយកសាំងមួយលីត្រមកចាក់ពីលើខ្លួន រួចប៉ុនប៉ងដុតខ្លួនឯង ធ្វើឱ្យឆាបឆេះរោលរាលរាងកាយ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណជា៣០ឆ្នាំ និងសង្ស័យថា ជាមនុស្សបែកថ្នាំ ដោយបានយកសាំងចំនួន១លីត្រមកចាក់ពីលើខ្លួនឯងជោក រួចបម្រុងដុតខ្លួនឯង ដើម្បីបញ្ចប់ជីវិតតែមិនបានសម្រេចនោះទេ គ្រាន់តែបណ្តាលឲ្យឆេះក្តៅរោលរាលលើខ្លួនប្រាណធ្វើឲ្យបុរសរូបនេះរត់ពេញតែផ្លូវ ទើបប្រជាពលរដ្ឋនាំគ្នាយកទឹកមកស្រោច ដើម្បីពន្លត់ភ្លើង ទម្រាំរលត់បានឆេះរលួយខ្លួនប្រាណទៅហើយ ។
ប្រភពដដែលបន្តថា ដោយសារតែក្តៅខ្លាំងពេក បុរសរូបនោះបានរត់ទៅឱ្យបងប្អូនជួយដឹកយកទៅសង្គ្រោះ តែមិនមានអ្នកជួយទេ សូម្បីតែសមត្ថកិច្ចនៅគោលដៅខាងលើផងដែរ ទើបធ្វើឲ្យគាត់រត់ឡើងលើរថយន្តប្រជាពលរដ្ឋនៅតាមដងផ្លូវ តែមិនមានបងប្អូនប្រជាពលរដ្ឋណាហ៊ានឲ្យជនរងគ្រោះឡើងជិះលើរថយន្តនោះទេ ទាល់តែរត់បាន5ទៅ6គីឡូម៉ែត្រដល់សង្កាត់សំរោងក្រោម ក៏ត្រូវបានសមត្ថកិច្ចសង្កាត់សំរោងក្រោម ឃើញមិនមាននរណាជួយសង្គ្រោះ ក៏បានឱ្យជនរងគ្រោះឡើងជិះលើម៉ូតូរបស់ខ្លួន រួចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីព្យាបាលតែម្តង ។
ក្រោយពេលមកដល់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដោយសារតែជនរងគ្រោះរងរបួសធ្ងន់ពេក មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីព្យាបាលបន្តផងដែរ ៕
ចែករំលែកព័តមាននេះ