ឥណ្ឌូនេស៊ី ៖ ជនបរទេសណាស្ថិតលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមិនពាក់ម៉ាស់ការពារនឹងត្រូវរងការពិន័យឱ្យអាវ៉ង់ (Push-Ups) ដែលជាបទបញ្ជាក្នុងចំណែកកាត់បន្ថយការឆ្លងកូវីដ១៩ នេះបើតាមការចុះផ្សាយពីគេហទំព័រ ABC News។
រូបភាពរួមជាមួយខ្សែវីដេអូមួយចំនួន ត្រូវបានចែកចាយលើបណ្តាញសង្គមនៅប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្ហាញពីភ្ញៀវទេសចរមិនពាក់ម៉ាស់ការពារជាច្រើននាក់រងការពិន័យឱ្យអាវ៉ង់ ដោយមានការត្រួតពិនិត្យពីក្រុមសន្តិសុខប្រចាំកោះដែលពាក់ម៉ាស់ត្រឹមត្រូវ។
លោក Gusti Agung Ketut Suryanegara មន្ត្រីសន្តិសុខប្រចាំកោះបាលីបាននិយាយថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជនបរទេសជាច្រើនត្រូវបានចាប់ខ្លួនដោយគ្មានម៉ាសការពារ ហើយមនុស្សជាង៧០នាក់បានបង់ប្រាក់ពិន័យចំនួន១០ម៉ឺនរូពីស្មើនឹង៧ដុល្លារ ប៉ុន្តែប្រហែល ៣០នាក់ផ្សេងទៀតបាននិយាយថាពួកគេគ្មានសាច់ប្រាក់ក្នុងខ្លួន ដូច្នេះអ្នកទាំងនោះត្រូវអាវ៉ង់ ចំនួន៥០ដង។ បទបញ្ជានេះក៏ត្រូវបានប្រើប្រាស់លើប្រជាជននៅទីនោះផងដែរ។ ស្របពេលដែលអាជ្ញាធរបានព្រមានថា ជនបរទេសណាបំពានធ្ងន់ធ្ងរលើបទបញ្ជាអាចនឹងត្រូវបណ្តេញចេញពីប្រទេសនេះតែម្តង។
សូមរំលឹកថា កោះបាលី ត្រូវបានបិទជាផ្លូវការសម្រាប់ភ្ញៀវទេសចរក្រៅប្រទេស ប៉ុន្តែវានៅតែជាជម្រកសម្រាប់ប្រជាជនរស់នៅទីនោះ និងជនបរទេសដែលបានមកទីនោះតាំងពីយូរមកហើយ៕
ចែករំលែកព័តមាននេះ