ខេត្តស្វាយរៀង ៖ អ្នកឡើងត្នោតគាបយកទឹកត្នោតរម្ងាស់យកស្ករម្នាក់ឈ្មោះ កើត ឃឿន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរឡើងត្នោតនៅភូមិតាសួស ហៅភូមិត្រឡោកបែក ឃុំដូងស្រុករមាសហែក បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា លោកមានប្រពន្ធ និងមានកូន០៣នាក់ជាចំណងដៃ ស្រីម្នាក់ប្រុស២នាក់។ ដោយបានប្រកបមុខរបរឡើងដាក់ទឹកត្នោតរម្ងាស់យកស្ករអស់រយៈពេល០៥ឆ្នាំមកហើយ គាត់មានដើមត្នោតចំនួន៣៥ដើមធ្វើទឹក ដោយក្នុង១ថ្ងៃគាត់ត្រូវឡើងគាបផ្កាត្នោត និងដាក់ទឹកត្នោត គឺពេលព្រឹកឡើងគាបផ្កា និងដាក់ទឹកត្នោត៣៥ដើមដោយឡើងចាប់ពីម៉ោង០៣ទៀបភ្លឺរហូតដល់ម៉ោង៨ និង៣០នាទីព្រឹក ហើយចាប់ផ្តើមរម្ងាស់ទឹកត្នោតធ្វើស្កររហូតដល់ម៉ោង១១កន្លះទៅម៉ោង១២ថ្ងៃត្រង់ទើបរម្ងាស់បានជាស្ករហើយត្រូវចាក់ធ្វើជាស្ករផែន។
ពេលព្រឹកបានស្ករ ១២គីឡូក្រាម ហើយនៅវេលាម៉ោង០៣រសៀល គឺចាប់ផ្តើមឡើងគាបផ្កា ឬចិតផ្កា និងដាក់ទឹកត្នោតចំនួន៣៥ដើមនេះម្តងទៀតរហូតដល់ម៉ោង៧យប់ទើបហើយ និងចាប់ផ្តើមរម្ងាស់ស្ករបន្តរហូតដល់ម៉ោង១១យប់ទើបបានស្ករចាក់ផែន និងបានដេក។ ពេលល្ងាចបានស្ករតែ៨គីឡូទេ សរុបក្នុង១ថ្ងៃរម្ងាស់ស្ករ ចាក់ផែនបាន២០គីឡូក្រាម។ ហើយស្ករផែនចងស្រាក់ មួយស្រាក់១គីឡូ ក្នុង១គីឡូតម្លៃ៤,០០០រៀល លក់បោះម៉ូយ។
ដូច្នេះក្នុង១ថ្ងៃរកប្រាក់ចំណូលលក់ស្ករបាន៨០,០០០រៀល។ អ្នកឡើងត្នោតរូបនេះបន្តទៀត ថា មុខរបរធ្វើទឹកត្នោតរម្ងាស់ស្ករនេះ មានរយៈពេលតែ០៦ខែប៉ុណ្ណោះ គឺចាប់ផ្តើមពីខែវិច្ឆិកាដល់ពាក់កណ្តាលខែមេសា គឺឈប់ឡើងដាក់ទឹកត្នោតត្រឹមថ្ងៃចូលឆ្នាំខ្មែរ ហើយផុតពីរដូវឡើងត្នោតគឺទៅធ្វើជាកម្មករ និងធ្វើស្រែចម្ការ នៅខែតុលាគឺចាប់ផ្តើមចងបង្អោង និងគាបផ្កាបណ្តើៗ ច្រូតកាត់ប្រមូលផលហើយខែវិច្ឆិកា ចាប់ផ្តើមឡើងដាក់ទឹកត្នោតរម្ងាស់ស្ករជាថ្មី។ ហើយនៅក្នុងភូមិតាសួស ឃុំដូង ស្រុករមាសហែកនេះ មានអ្នកប្រកបមុខរបរឡើងត្នោត០៣នាក់ បើទូទាំងស្រុកគឺមានអ្នកឡើងត្នោតច្រើនគ្រួសារដែរ។
ចំពោះស្ករ គឺចាក់ជាផែន ចងជាស្រាក់ ក្នុង១ស្រាក់១គីឡូ ហើយស្ករត្នោតនេះគឺខាងវៀតណាមគេឡើងមកប្រមូលទិញរាល់ថ្ងៃយកទៅលក់បន្តនៅក្នុងប្រទេសវៀតណាម។ ពួកគាត់ក៏មានការត្អូញត្អែដែរគឺព្រួយបារម្ភពីហានីភ័យគ្រោះថ្នាក់ដោយពេលខ្លះសុខភាពមិនអំណោយផល ។ ទោះបីសុខភាពមិនសូវស្រួលក៏ដោយ ក៏នៅតែខំប្រឹងឡើងដាក់ទឹកត្នោតជាប្រចាំរាល់ថ្ងៃ មិនអាចឈប់ ឬចោលបាននេះជាមុខរបរ បើសម្រាកឡើងតែ២បីថ្ងៃអាចខូចផ្កា ពិបាកគាបឡើងវិញ និងបាត់ប្រាក់ចំណូល ទើបតស៊ូលុះត្រាតែឈឺធ្ងន់ទើបសម្រាក នេះជាហនីភ័យ។
បើតាមចាស់ទុំនិយាយថា បើនៅក្នុងសម័យអាណានិគមបារាំងសេសគ្រប់គ្រងអ្នកឡើងត្នោតគឺរដ្ឋមិនធ្វើអត្តសញ្ញាណបណ្ណ័ឲ្យកាន់ទេ ដោយគេគិតថា ហានីភ័យនៃការស្លាប់ខ្ពស់ណាស់ គឺបារាំងចាត់ទុកថា មនុស្សអ្នកឡើងត្នោតគឺឆាប់ស្លាប់នៅថ្ងៃណាមួយ។ ហើយអ្នកឡើងត្នោតទាំងនោះក៏បានលើកឡើងដែរថា នេះគឺដោយសារតែជីវភាព ម្យ៉ាងគឺជាមុខរបរដំណ តពីឪពុក និងដូនតា ទើបមិនចង់បោះបង់ ទោះបីមិនមានទ្រព្យច្រើនដូចគេក៏អាចផ្គត់ផ្គង់ជីវភាពបានល្អប្រសើរដែរ សម្រាប់អ្នករស់នៅក្នុងជនបទ៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ