រាជធានីភ្នំពេញ ៖ ក្រោយសម្ងំពពោះ និងសម្រាលបានកូនមួយ តារាសម្តែង និងបង្ហាញម៉ូដឌុច លីដា បានរៀបមង្គលការហើយ បន្ទាប់ពីនាង និងស្វាមីសម្ងំរស់នៅក្រោមដំបូលផ្ទះតែមួយ ។ បច្ចុប្បន្នកូនប្រុសរបស់នាងអាយុជិតមួយឆ្នាំហើយ ។
ពិធីមង្គលការរបស់ឌុច លីដា មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយដូចតារា ផ្សេងៗឡើយ ប៉ុន្តែត្រូវគេដឹងតាមរយៈការបង្ហោះរូបហ្វេសប៊ុក នាពេល ថ្មីៗនេះពីបុរសម្នាក់ដែលជាម្ចាស់សម្អាងការទទួលផាត់មុខឲ្យឌុច លីដា ។ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Dee Daniel បានបង្ហោះរូបភាព ឌុច លីដា គ្រងសម្លៀកបំពាក់ជាកូនក្រមុំជាច្រើនសន្លឹកជាមួយនឹងខ្លឹមសារថា «ពិធីក្រុងពលី និងសូត្រមន្តរបស់អូន lida duch »ហើយមានមិត្តភក្តិ ជាពិសេសអ្នកសិល្បៈជាច្រើនបានខំមិនសម្តែងការអបអរសាទរ ។
ព័ត៌មាននៃការរៀបចំពិធីមង្គលការរបស់ ឌុច លីដា នាពេលនេះគឺមិនត្រូវបានសាមីខ្លួន ឬក៏មិត្តភក្តិជិតស្និទ្ធណាមួយទម្លាយឲ្យបានច្បាស់លាស់នោះឡើយ ក្រៅតែពីការចូលរួមអបអរសាទរ។ មហាជនងឿឆ្ងល់ពីមូលហេតុអ្វីដែលស្ថិតនៅពីក្រោយនៃការរៀបចំពិធីមង្គលបែបស្ងាត់ស្ងៀមរបស់តារាស្រីរូបនេះ ។
កន្លងមកតារាសម្ដែង និងបង្ហាញម៉ូដ អ្នកនាងឌុច លីដា នៅតែរក្សាអាថ៌កំបាំងចំណងស្នេហាក្រៅឆាករហូតដល់មានកូនមុនចូលរោងការ ។ នាងបញ្ជាក់ថា ស្វាមីរបស់នាងគឺជាមន្ត្រីរាជការមួយរូប ហើយហេតុដែលនាងមិនទាន់អាចបង្ហាញមុខស្វាមីជាសាធារណៈ ព្រោះតែស្វាមីនៅអៀន ហើយម្យ៉ាងវាក៏មិនទាន់ចាំបាច់អ្វីដែរដែលនាងត្រូវលាតត្រដាង។
ឌុច លីដា ធ្លាប់បានលើកឡើងប្រាប់សារព័ត៌មាននៅក្នុងស្រុកថា នាង និងប្តីពិតជាស្រលាញ់គ្នាខ្លាំង ហើយការមានកូនប្រុសម្នាក់នាពេលនេះគឺកាន់តែធ្វើឲ្យចំណងស្នេហ៍នាងមានក្តីសុខ ។
នាងថាស្វាមីនាង និងនាងនៅមិនទាន់ចង់រៀបការនៅពេលនេះនៅឡើយ ព្រោះតែត្រូវលៃរកពេលវេលាមើលថែទាំកូនខណៈប្តីនាងក៏មមាញឹកនឹងមុខជំនួញ ហើយនាងនិងស្វាមីនឹងរៀបចំពិធីនេះនៅពេលវេលាសមគួរណាមួយ។
ទោះជាយ៉ាងណានាងបង្ហើបថាមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍នៅឡើយ ខណៈនាងលើកឡើងថានៅខ្វះលិខិតស្នាមផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែនាងហាក់មិនបារម្ភនឹងរឿងនេះប៉ុន្មានទេ ។ នាងថា ប្រពៃណីពិតជាសំខាន់ណាស់ ខណៈពេលដែលសុភមង្គលរបស់នាងនិងស្វាមីក៏ជាបញ្ហាចាំបាច់ និងសំខាន់ដូចគ្នា ហើយនាងរំពឹងដែរថាទស្សនិកជននឹងកាន់តែបើកចិត្តទូលាយទទួលយកនូវរឿងរ៉ាវនេះ ។
សម្រាប់ការចូលប្រឡូកសិល្បៈវិញតារាស្រីរូបនេះលើកឡើងថា នាងចាប់ផ្តើមទទួលការងារខ្លះៗហើយ ប៉ុន្តែមិនទទួលច្រើនដូចមុនទេព្រោះតែត្រូវទុកពេលវេលានៅជាមួយកូន បើទោះបីជាមានអ្នកថែរក្សាក្តី ។ នាងថានាងចង់ចំណាយពេលច្រើនជាមួយកូនដែលយ៉ាងហោចណាស់ក៏រហូតដល់ពេលដែលកូនត្រូវចូលសិក្សាដែរ ។ នាងថាស្វាមីនាងមិនបានហាមឃាត់ក្នុងការងារសិល្បៈទេ ប៉ុន្តែក្នុងនាមជាម្តាយនាងចង់ថែរក្សាកូនដោយផ្ទាល់ដៃ ។
ដំណឹងចូលរោងការរបស់ឌុច លីដា នាពេលនេះបានធ្វើឲ្យមហាជន និងប្រិយមិត្តគាំទ្ររូបនាងជាច្រើនសម្តែងការអបអរសាទរ ហើយអាចជាការបិទបញ្ចប់ចំណងស្នេហ៍បែបលាក់លៀមរវាងនាង និងស្វាមីផងដែរ ៕
ចែករំលែកព័តមាននេះ