រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅបុកគូទម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួល លុះពេលឃើញក្មេងប្រុសម្នាក់អាយុ៧ឆ្នាំសន្លប់ ភ័យពេករត់ចោលម៉ូតូ និងកាបូបខោអាវគេចខ្លួនបាត់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ កក្កដា តាមផ្លូវលេខ២១៧ ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូម៉ាកCiti Plusពណ៌ក្រហម បើកបរដោយបុរសម្នាក់តាមផ្លូវលេខ២១៧ ពីជើងទៅត្បូងក្នុងទិសដៅស្របគ្នា ដោយបើកពីក្រោយម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជិះ៣នាក់ប្តីប្រពន្ធនិងកូនប្រុសអាយុ៧ឆ្នាំ ខណៈមកដល់ចំណុចខាងលើម៉ូតូCiti Plusបម្រុងបើកវ៉ាម៉ូតូសេ១២៥ ស្រាប់តែជ្រុលទៅបុកគូទសេ១២៥នោះ បណ្តាលឱ្យដួលទាំង២គ្រឿង ហើយក្មេងប្រុសដែលជិះជាមួយឪពុកម្តាយរបួសពកក្បាលសន្លប់ឈឹង ។ ពេលឃើញក្មេងប្រុសនោះសន្លប់ជនបង្កភ័យពេកបានស្ទុះរត់ចោលម៉ូតូ និងកាបូបខោអាវគេចខ្លួនបាត់ ។
ក្នុងហេតុការណ៍នោះមិនមានអ្នករងរបួសធ្ងន់ទេ ក្មេងប្រុសនោះគ្រាន់តែសន្លប់បន្តិចក៏ដឹងខ្លួនវិញដោយរបួសពកក្បាល ចំណែកស្ត្រីជាម្តាយរលាត់ដៃជើងតិចតួច រីឯបុរសជាប្តីមិនមានរងរបួសទេ ។ ក្រោយពេលកើតហេតុម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌដង្កោ រង់ចាំម្ចាស់ម៉ូតូដែលរត់គេចខ្លួននោះចូលទៅដោះស្រាយ ៕
ចែករំលែកព័តមាននេះ