រាជធានីភ្នំពេញ ៖ យុទ្ធនាការផ្សព្វផ្សាយអនុក្រឹត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ មានគោលបំណងផ្តល់ព័ត៌មាន និងក្រើនរំលឹកដល់អ្នកលក់រាយ និងដុំផលិតផលថ្នាំជក់ទាំងអស់ កុំឱ្យបន្តរួមចំណែកនៅក្នុងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ដែលល្មើសទៅនឹងខ្លឹមសារអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ។
ក្រោយពីការដាក់ចេញនូវអនុក្រឹត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិផលថ្នាំជក់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២មក ការផ្សាយពាណិជ្ជកម្មបារីគ្រប់រូបភាពបានថយចុះគួរឱ្យកត់សម្គាល់ ។ ប៉ុន្តែទម្រង់នៃការផ្សាយពាណិជ្ជកម្មបារីមួយចំនួននៅតែបន្តរហូតដល់បច្ចុប្បន្ន រួមមានផ្ទាំងប៉ាណូ ប្រអប់ភ្លើង ផ្ទាំងរូបភាព ផ្ទាំងបដា ប្រតិទិន ដែកកេះ ជាពិសេសការផ្សាយពាណិជ្ជកម្មបារីនៅលើធុងលក់បារី និងដោយប្រើប្រាស់ស្ត្រីវ័យក្មេង ។
មាត្រា១០នៃអនុក្រឹត្យបានបញ្ជាក់ថា អ្នកដែលប្រព្រឹត្តល្មើសទៅនឹងខ្លឹមសារនៃអនុក្រឹត្យនេះ ទាំងអ្នកផ្តួចផ្តើមការផ្សាយពាណិជ្ជកម្ម ទាំងអ្នកដែលពាក់ព័ន្ធដូចជា ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ហាងកាហ្វេ ឬម្ចាស់ផ្ទះ ឬតូបលក់គ្រឿងទេស។ល។ ត្រូវប្រឈមមុខនឹងការព្រមានជាលាយលក្ខណ៍អក្សរ ដកហូតសម្ភារផ្សាយពាណិជ្ជកម្ម និងឈានដល់បិទអាជីវកម្មជាបណ្តោះអាសន្ន និងជាស្ថាពរក្នុងករណីមិនរាងចាល ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យមានអ្នកស្លាប់៦លាននាក់ក្នុងឆ្នាំៗនៅលើពិភពលោក ។ ដោយឡែកនៅកម្ពុជា ប្រជាពលរដ្ឋជិត១ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការជក់បារី ។ មិនតែប៉ុណ្ណោះ មហន្តរាយនៃការស្រូបផ្សែងបារីពីគេ និងបរិមាណថវិកាជិត១០០លានដុល្លារសហរដ្ឋអាេមរិកដែលចំណាយទៅលើការទិញបារីជក់ មានទំហំធំធេងណាស់ ។
ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា បានទាក់ទាញឱ្យមានអ្នកជក់បារីថ្មីៗ ពិសេសក្នុងចំណោមកុមារ ស្ត្រី និងយុវជន ព្រមទាំងបង្អាក់ការចង់ផ្តាច់បារីរបស់អ្នកជក់ស្រាប់ ។ ដូច្នេះហើយ ទើបប្រទេសចំនួន១៧៦លើពិភពលោករួមមានប្រទេសកម្ពុជាផងដែរ បានប្តេជ្ញាចិត្តតាមរយៈអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ កាត់បន្ថយការស្លាប់ ពិការភាព និងជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ តាមរយៈការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់
នេះ ៕
ចែករំលែកព័តមាននេះ