ព្រះដ៏មានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរសធម៌ មិនសិក្សាក្នុងសប្បុរសធម៌ រមែងពិចារណាឃើញនូវបញ្ចក្ខន្ធ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ។
ពួកជនទាំងនោះរមែងឃើញនូវខ្លួនថាមានក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ លុះ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់បុគ្គលនោះប្រែប្រួលដោយវិបត្តិផ្សេងៗទៅ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួលសេចក្ដីទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះភ្លាម ។
ម្នាលភិក្ខុទាំងឡាយ តាមពិតបញ្ចក្ខន្ធគឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ គ្រាន់តែជារបស់លោក ជារបស់មិនទៀង មានការប្រែប្រួលទៅជាធម្មតាគឺមិនបានជាប់ឋិតថេរនៅនឹងបុគ្គលណាមួយឡើយ ។ បុគ្គលណាប្រកាន់យកនូវបញ្ចក្ខន្ធថាជារបស់ខ្លួន បុគ្គលនោះនឹងដល់នូវវិបត្តិផ្សេងៗក្នុងជីវិតគ្មានទីបំផុតឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ