រាជធានីភ្នំពេញ ៖ ក្រុមអតីតគណបក្សសង្គ្រោះជាតិដែលទទួលបានសិទ្ធិធ្វើនយោបាយ និងអ្នកខ្លះមិនទាន់ទទួលបានសម្បទានសិទ្ធិធ្វើនយោបាយបានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្សនយោបាយថ្មីដែលអាចមានឈ្មោះថា «បក្សកែទម្រង់»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលទទួលបានសិទ្ធិធ្វើនយោបាយបានឲ្យដឹងកោះសន្តិភាពដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា លោកពិតជាបានពិភាក្សាជាមួយអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត ដើម្បីឈានដល់បង្កើតគណបក្សថ្មីពិតមែន ប៉ុន្តែទាន់ដល់ស៊ីជម្រៅទេ។
លោកបញ្ជាក់ថា ៖ «យើងកំពុងតែសិក្សាអំពីកំលាំងនៅនិន្នការប្រឆាំងនឹងរាជរដ្ឋាភិបាលថាតើអាចរួមរួមគ្នាឡើងវិញបានឬទេ? តើកំលាំងអ្នកនយោបាយចូលរួមប្តេជ្ញាចិត្តក្នុងការបោះឆ្នោត តទៅឬពហិការបែបហ្នឹង? បើសិនមិនមែនអ្នកចូលរួមទេ កំលាំងមិនគ្រប់គ្រាន់ទេយើងមិនអាចទៅរួចទេ តែបើកំលាំងចូលរួមច្រើន ហើយប្រជាពលរដ្ឋទុកចិត្តបាន យើងនឹង ពិចារបង្កើតគណបក្ស «បក្សកែទម្រង់»។
អតីតបក្សប្រឆាំងបានឲ្យដឹងថា លោកបានជជែកជាមួយលោក សុន ឆ័យ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែរហើយ ប៉ុន្តែមិនទាន់ជជែកអ្វីស៊ីជម្រៅ ឬធំដុំនោះទេ គ្រាន់តែយើងបានបង្កើតគំនិតដែលលោកជាមួយសមាជិកនៅក្រៅប្រទេស និងក្នុងប្រទេស ប៉ុន្តែអ្វីដែលច្បាស់លាស់មិនទាន់នោះទេ ។
លោកបញ្ជាក់ថា ៖ «គំនិតខ្ញុំកំពុងរកចំណុចថា តើធ្វើបែបណាដើម្បីឲ្យដំណើរការប្រក្រតីនៅក្នុងប្រទេសនោះ៊ ខ្ញុំមិនបានជជែកយើងសុំសិទ្ធិធ្វើនយោបាយរបស់លោក (សុន ស័យ) ទេ ព្រោះជាសិទ្ធិរបស់លោក ព្រោះថាវាដល់ពេលហើយដោយសារលោកទន្ទឹងរង់ចាំ យូរហើយ។ ហើយយើងក៏ដឹងហើយថា គ្មានដំណោះស្រាយអ្វីធំដុំនោះទេ។ អ្វីដែលយើងពឹងពីអន្តរជាតិក៏យើងដឹងពីការដាក់សម្ពាធ (EBA) ក៏បានផ្តាច់២០% ហើយតែមិនមានលទ្ធភាពជួយបានទេ»។
លោក៏បានលើកឡើងថា ទោះបីជាលោកខិតខំធ្វើការសម្របសម្រួលយ៉ាងណាក្តីក៏គ្មានប្រយោជន៍ ហើយជម្លោះផ្ទៃក្នុងប្រទេសនៅតែបន្តកើតមាន ដូច្នេះបានជាលោកជជែកជាមួយអតីតមន្ត្រីបក្សប្រឆាំងដូច្នេះគ្នា។ លោកថា ចំពោះរឿងលោក សុន ឆ័យ ដល់ពេលហើយ ព្រោះគាត់បានទ្រាំរយៈពេល៣ឆ្នាំ ដោយពិបាកទាំងការដើរ សកម្មភាពផ្សេងៗ និងការជជែកគ្នាជាមួយអ្នកនយោបាយ គឺមានការពិបាក ព្រោះប៉ះពាល់ដល់សាលក្រមរបស់តុលារកំពូល។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ការសម្រេចរបស់លោក សុន ឆ័យ និងមន្ត្រីមួយចំនួន ទៀត គឺជាការត្រឹមត្រូវហើយនៅពេលនេះ។ បើទោះបីជាអ្នកមិនចង់សុំសិទ្ធិធ្វើនយោបាយ ក៏មិនមានលើសអ្វីពីនេះ ។ អ្នកចង់ធ្វើនយោបាយសុំសិទ្ធិនយោបាយទៅ បើអ្នកមិនចង់ធ្វើនយោបាយ គឺនៅអីញ្ចឹងទៅ! ប៉ុន្តែខ្ញុំគិតថា បើអ្នកចង់បំរើប្រជាពលរដ្ឋទាល់តែធ្វើសកម្មភាព តែបើនៅស្ងៀមមិនមែនប្រយោជន៍ទេ។
មុននឹងឈានដល់ការបង្កើតគណបក្សថ្មីនេះលោកបញ្ជាក់ថា ៖ «ខ្ញុំបានជជែកជាមួយមន្ត្រីអតីតបក្សប្រឆាំងមួយចំនួនហើយ ប៉ុន្តែមិនទាន់ឈានដល់ការសម្រេចចិត្តនោះទេ។ បើយើងបង្កើតនេះ យើងចង់ស្ថានលទ្ធិប្រជាធិបតេយ្យគឺ ធ្វើយ៉ាងណាឲ្យមានភាពចម្រុះ មានជម្រើសសម្រាប់ប្រជាពលរដ្ឋ ។ យើងឃើញហើយគណបក្សមួយចំនួនដែលកើតហើយហាក់ដូចជាមិនក្លាយជាជម្រើសសម្រាប់ប្រជាពលរដ្ឋនោះទេ»។
លោកបន្ថែមថា នៅក្នុងប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យនោះសំខាន់នោះ ជម្រើសសម្រាប់ប្រជាពលរដ្ឋ។ លោកក៏បានលើកឡើងថា អ្វីដែលរដ្ឋាភិបាលធ្វើបច្ចុប្បន្ននេះ ដោយសារតែមានការព្រួយបារម្ភចំពោះដៃគូប្រកួតប្រជែងនយោបាយ ហើយជាធម្មតាក្នុងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ជៀសមិនផុតទេក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។
ចំណុចនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំគិតថាបើសិនមានការកែប្រែឲ្យមានវប្បធម៌មួយទូលាយជាងនេះ កុំឲ្យមានការភ័យខ្លាចចំពោះខ្មែរគ្នាឯងពេក ធ្វើឲ្យមានទំនុកចិត្ត គ្នានឹងគ្នា ខ្ញុំជឿងថាដំណើរប្រទេសយើងនឹងប្រសើរជាងនេះ។ អីញ្ចឹងអាលូវនេះក្នុង ចំណោមអ្នកនយោយទាំងអស់ខ្វះការទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះយើងព្រួយបារម្ភ ពីការសងសឹកគ្នា ដែលជាបញ្ហាមួយចាក់ឬសក្នុងសង្គមយើង»។
លោកក៏បានលើកឡើងថា នយោបាយមិនគួរប្រកួតប្រជែងជាមួយគ្នាឯងដោយមានការភ័យខ្លាចនោះទេ គឺគួរប្រកួតប្រជែងជាមួយប្រទេសក្នុងពិភពលោកដែលមានភាពជឿនលឿន ជាងប្រទេសកម្ពុជាយើង។ សម្រាប់ការប្រមូលគំនិតផ្តួចផ្តើមបង្កើតគណបក្សនយោបាយថ្មីមួយនេះលោកអ៊ូ ច័ន្ទរ័ត្នក៏បានឲ្យដឹង ថាលោកក៏បានជួបជាមួយលោក ប៉ុល ហំមអតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែរ ប៉ុន្តែមិនបានពិភាក្សាស៊ីជម្រៅអ្វីនោះទេ គឺគ្រាន់តែសួរសុខទុក្ខគ្នាប៉ុណ្ណោះ។
លោកថា ៖ «ខ្ញុំមិនទាន់ឱកាសជជែកគ្នាជាមួយគាត់ធំដុំនោះទេ គ្រាន់តែជជែកគ្នាពីជីវភាព ពីអ្វីមានខ្លះ ប៉ុន្តែជជែកពីនយោបាយពិបាកជជែកគ្នា ព្រោះលោកមិនទាន់មានការគិតគូរពីបញ្ហានយោបាយនោះទេ ។ ប៉ុន្តែបើគាត់ចង់ធ្វើនយោបាយគាត់ អាចដាក់សុំសិទ្ធិនយោបាយបាន»។ សម្រាប់គម្រោងបង្កើតគណបក្សនយោបាយថ្មីនេះ ត្រូវអតីតមន្ត្រី និងគាំទ្រមួយចំនួនបានរិះគន់ចំពោះរូបលោក ពិសេសនោះអ្នកស្នើសុំសិទ្ធិនយោបាយជាដើម ប៉ុន្តែលោកថា មិនមែនជាការត្រឹមត្រូវនោះទេ ព្រោះថាអ្នកទាំងដែលស្នើសុំ នោះសុទ្ធតែជាអ្នករងគ្រោះដូចគ្នា។ ដូច្នេះអ្នកដែលតាំងខ្លួនអ្នកប្រជាធិបតេយ្យ អ្នកគោរសិទ្ធមនុស្សទៅរំលោភសិទ្ធិគេ គឺជាការមិនត្រឹមត្រូវនោះទេ។
យ៉ាងណាក្តីលោកអ៊ូ ច័ន្ទរ័ត្ន បានឲ្យដឹងនៅពេលខាងមុខនេះនឹងមានអ្នកនយោយ ដែលជាប់បម្រាមសុំសិទ្ធិនយោបាយច្រើន ប៉ុន្តែលោកមិនអាចបញ្ចេញឈ្មោះបានទេ។ សូមជម្រាបថា បក្សថ្មីដែលគ្រោងបង្កើតឡើងនោះមានឈ្មោះថា «បក្សកែទម្រង់» ឬ “Reform Party” ហើយអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលផ្តួចផ្តើមនោះមាន ៖
ទី១- លោក សុន ឆ័យ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ
ទី២- លោក អ៊ូ ច័ន្ទ រ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តាកែវ
ទី៣- លោក មា ជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៃអតីតគណបក្សសង្គ្រោះជាតិ ។
ប៉ុន្តែបើតាមប្រភពមួយចំនួនទៀតបានអះអាងថា ថ្មីៗនេះ ក្រុមអ្នកផ្តួចផ្តើមបានប្តូរពី «គណបក្សកែទម្រង់» ឬ “Reform Party” ទៅជា «គណបក្សស្ថាបនា» ។
ទាក់ទិននឹងការបង្កើតគណបក្សនយោបាយថ្មីនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ជានិច្ចចំពោះការបង្កើតគណបក្ស ដើម្បីចូលរួមមកប្រកួតជាមួយគណក្សកាន់អំណាចនេះ ប៉ុន្តែគណបក្សនោះត្រូវតែគោរពតាមបទបញ្ជាត្តិច្បាប់។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទ រ័ត្ន ស្ថិតនៅក្នុងចំណោមអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១១នាក់ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ។ ចំណែកលោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញកាលពីថ្មីៗនេះ ជាមួយអតីតមន្ត្រីជាប់ខ្ពស់ចំនួន២រូបទៀត គឺលោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារអតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការ នាយកអតីតគណបក្សសង្គ្រោះជាតិ និងលោក តាវ គឹមឈន អតីតសមាជិកក្រុមការងារខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការ នាយកអតីតគណបក្សសង្គ្រោះជាតិ ។
គួរបញ្ជាក់ទៀតថា ក្រុមមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមានដូចជា ៖ ១. លោក គង់ បូរ៉ា, ២. លោក ជីវ កត្តា, ៣. លោក រៀល ខេមរិន្ទ្រ, ៤. លោក គង់ គាំ, ៥. លោក កង គឹមហាក់, ៦. លោក អ៊ូ ច័ន្ទរ័ត្ន, ៧. លោក ច័ន្ធ សិលា, ៨. លោកស្រី ទេព សិទ្ធី, ៩. លោក ស៊ិន សុវណ្ណនី, ១០. លោក សុន ឆ័យ, ១១. លោក វ៉ា សាម៉ុន និង១២. លោក តាវ គឹមឈន ។ ក្នុងចំណោមអតីតមន្ត្រីដែលទទួលបានសិទ្ធិធ្វើនយោបាយ គឺមានមួយចំនួនបានបង្កើតគណបក្ស ដោយខ្លួនឯងធ្វើឲ្យអតីតមន្ត្រីជាន់ខ្ពស់ទាំងអស់បែកខ្ញែកគ្នា ដោយសារពួកគេមិនសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិ នឹងបានរស់ឡើងវិញ ។
អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៧ ។ គណបក្សនេះ ត្រូវបានក្រសួងមហាផ្ទៃដាក់ពាក្យប្តឹងស្នើសុំរំលាយទៅតាមបណ្តឹងរបស់គណបក្ស ហ្វ៊ីនស៊ិនប៉ិច របស់ទ្រង់រណឬ ទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ហើយមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨នាក់ ត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ