ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី២៥ សីហា នេះ ប្រតិភូអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិភាក្សាការងារលើការផ្ដល់គោលរបបដល់ជនរងគ្រោះ ដែលកំពុងស្នាក់នៅអប់រំព្យាបាល បន្សាប និងស្ដារនីតិសម្បទានផ្ដាច់ភាពញៀន និងគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសថ្មី ខេត្តក្រចេះ ។
ពិធីស្ថិតក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញា
ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន ។លោកវរសេនីយ៍ឯក ស៊ាងសុភ័ក្ត្រ នាយការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ដោយមានការណែនាំផ្ទាល់របស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះបានផ្ដួចផ្ដើមគំនិត ធ្វើមជ្ឈមណ្ឌលបណ្ដោះអាសន្ន សម្រាប់អប់រំ ព្យាបាល បន្សាបនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានឈ្មោះថា «មជ្ឈមណ្ឌលក្រចេះឱកាសថ្មី»នេះឡើង ។
លោកបន្តថា មជ្ឈមណ្ឌលក្រចេះឱកាសថ្មី មានចំនួនពីរអគារ ហើយមជ្ឈមណ្ឌល ទទួលជនរងគ្រោះតាមរយៈស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ និងតាមរយៈការស្ម័គ្រចិត្តរបស់អាណាព្យាបាលនៅក្នុងខេត្តក្រចេះ និងខេត្តផ្សេងៗមួយចំនួន ដើម្បីយកមកធ្វើការអប់រំព្យាបាល ហើយចាប់តាំងពីមជ្ឈមណ្ឌលបើកដំណើរការបានទទួលយកជនរងគ្រោះគិតមកដល់សព្វថ្ងៃ មានចំនួនសរុប 341នាក់ និងបានធ្វើការព្យាបាលជាសះស្បើយ ដោយឲ្យត្រឡប់ទៅសហគមន៍វិញចំនួន 291 នាក់ ។
លោកថា ជាទិសដៅបន្ត លោកឧត្ដមសេនីយ៍ទោ លន់ សុផាត គ្រោងនឹងពង្រីកមជ្ឃមណ្ឌលទៅនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលមានទំហំផ្ទៃដី3ហិចតា ។ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកឧត្តមនាយឧត្តមសេនីយ៍ មាស រិទ្ធី ក៏បានផ្ដាំផ្ញើ និងសំណូមពរដល់យុវជនទាំងអស់ ក៏ដូចជាអ្នកនៅក្នុងមជ្ឈមណ្ឌលផ្ទាល់ ជាពិសេស អ្នកដែលបានទទួលការបន្សាបព្យាបាល អប់រំ និងស្ដានីតិសម្បទា ជាសះស្បើយ និងបានធ្វើសមាហរណកម្មឲ្យត្រឡប់ទៅសហគមន៍វិញនោះ ធ្វើយ៉ាងណាទៅដល់សហគមន៍វិញ កុំមកប្រើគ្រឿងញៀនវិញ និងអប់រំបន្តដល់យុវជន ធ្វើយ៉ាងណាឱ្យកែប្រែគំនិត ធ្វើជាមនុស្សល្អក្នុងសហគមន៍ កុំប្រើប្រាស់គ្រឿងញៀន ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ សីហា កន្លងទៅនេះ សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានសង្កត់ធ្ងន់លើបញ្ហាគ្រឿងញៀននេះ ដោយធ្វើយ៉ាងណា ស្នងការនគរបាលទាំងអស់ត្រូវចុះអប់រំណែនាំ និងទប់ស្កាត់បញ្ហាគ្រឿងញៀននេះ កុំឱ្យមានចូលក្នុងសហគមន៍ ។
ចែករំលែកព័តមាននេះ