រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃ២៦ ខែមិថុនា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញមន្ត្រីបន្តសកម្មភាពឲ្យបានខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្តេចគូសបញ្ជាក់ថា សមត្ថកិច្ចត្រូវយកចិត្តទុកដាក់និងអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «បីកុំ មួយរាយការណ៍» ដែលមានន័យថា កុំពាក់ព័ន្ធ គឺកុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
សម្តេចបានមានប្រសាសន៍បន្តថា កុំពីរ គឺកុំអន្តរាគមន៍ មានន័យថាកុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្តិក៏ដោយ។ ចំពោះកុំទី៣នោះ គឺ កុំលើកឡែង ដែលមានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។
ប្រមុខរដ្ឋាភិបាលពន្យល់ចំពោះពាក្យថា មួយរាយការណ៍ គឺត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងផលិត កែច្នៃ និងទីតាំងស្តុកទុក គ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្តទាំងអស់ ពង្រឹងការអនុវត្តផែនការ «ស» គឺគ្មានគ្រឿងញៀននៅទូទាំងប្រទេស។
ទិវាអន្តរជាតិប្រឆាំងគ្រឿងថ្ងៃ២៦ មិថុនា ជាស្មារតីមហាសន្និបាតអង្គការសហប្រជាតិ កាលពីឆ្នាំ១៩៨៧ ទិវានេះប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបន្តពញាក់ស្មារតី និងដាស់តឿនដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ជាប្រចាំ និងចូលរួមឲ្យកាន់តែសកម្មភាពថែមទៀតក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន៕
ចែករំលែកព័តមាននេះ